នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៣ស្អែកនេះ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ដែលជាពហុកីឡដ្ឋានថ្មីទំនើប និងមានលក្ខណៈ ស្ដង់ដាខ្នាតអន្ដរជាតិ នឹងត្រូវបើកសម្ភោធ ការដ្ឋានសាងសង ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងមានការចូលរួម ពីសមាជិកប្រតិបត្តិ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ទាំងអស់ រួមទាំងប្រធាន សហព័ន្ធជាតិកីឡាទាំង ៤០សហព័ន្ធ និងកីឡាករ ជម្រើសជាតិចំនួន ៣៥០នាក់ ផងដែរ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ប្រាប់គេហទំព័រ Looking TODAY នៅរសៀលថ្ងៃទី១១ ខែមេសានេះឲ្យដឹងថា “ពហុកីឡដ្ឋាន ជាតិមរតកតេជោ ដែលគ្រោងនឹងសាងសង នៅលើផ្ទៃ ៨៥ហិកតា និងចំណាយ ទឹកប្រាក់ចន្លោះពី ១០០ ទៅ ២០០លានដុល្លារ នៅជិតស្ពានឧញ៉ា លី យ៉ុងផាតនោះ នឹងត្រូវបើកការដ្ឋាន សាងសងស្អែកនេះហើយ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន” ។
លោកបានបន្ដទៀតថា ពហុកីឡដ្ឋាន ជាតិមរតកតេជោនេះ គឺជាពហុកីឡដ្ឋានធំដំបូង ដែលមានលក្ខណៈ ស្ដង់អន្ដរជាតិ ព្រោះមានទីធ្លាធំទូលាយ ជាពិសេសមានទីលាន ប្រកួតសម្រាប់កីឡា គ្រប់ប្រភេទផងដែរ។ ដូច្នេះក្រោយពីពហុកីឡដ្ឋាន ជាតិមរតកតេជោ សាងសងរួចនោះ សង្ឃឹមថាកីឡាកម្ពុជា នឹងមានការរីកចម្រើន ខ្លាំងជាងនេះ ព្រោះពហុកីឡដ្ឋាន ជាតិមរតកតេជោនេះ មានទីលាន និងសំភារៈគ្រប់គ្រាន់ សម្រាប់កីឡាករ-កីឡាការិនីធ្វើ ការហ្វឹកហាត់ ។ អគ្គលេខាធិការ NOCC ខាងលើបាន បញ្ជាក់ថា ក្រោយពីប្រារព្ធពិធីបើកសម្ភោធការដ្ឋានសាងសងរួច ដំណាក់កាលដំបូង ដែលត្រូវសាងសងនោះ គឺ ទីលានកីឡាហែលទឹក និង ទីលានបាល់ទាត់ខាងក្រៅ ដែលនឹងចំណាយ ទឹកប្រាក់ប្រហែល ៣០លានដុល្លារ នៅក្នុងដំណាក់កាល ទី១នេះ ។
សម្រាប់ការបើក ការដ្ឋានសាងសង ខាងលើនេះ លោក វ៉ាត់ ចំរើន បានបង្ហាញ ពីគោលដៅសំខាន់ មួយចំនួនចំពោះ ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ គឺជួយជំរុញឲ្យកីឡាក ជម្រើសជាតិទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្លាយទៅជាកីឡាករ-កីឡាការិនីឆ្នើមប្រចាំប្រទេស និងអាចចូលរួមប្រកួត នៅលើឆាកអន្ដរជាតិ បានកាន់តែច្រើន ។ ម្យ៉ាងវិញទៀតនៅឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងទទួលសិទ្ធិ ធ្វើជាម្ចាស់ផ្ទះក្នុង ការរៀបព្រឹត្តិការនៃការ ប្រកួតកីឡាថ្នាក់តំបន់(SEA Game) ដូចនេះ ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលគ្រោងនឹងសាងសងនេះ នឹងជួយធ្វើឲ្យ កម្ពុជាមានឈ្មោះបោះសំឡេង នៅលើឆាកអន្ដរជាតិ កាន់តែច្រើនឡើងៗ ជាមិនខាន ។
លោក វ៉ាត់ ចំរើន បានបង្ហាញពីអារម្មណ៍ពិតៗចំពោះការចាប់ផ្ដើមដំណើរការសាងសង “ពហុកីឡដ្ឋានជាតិមរតកតេជោ” ថា “ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ នៅពេលដែលកម្ពុជាមានពហុកីឡដ្ឋានស្ដងដាអន្ដរជាតិបែបនេះ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចូលរួមត្រេកអរពីប្រទេសជិតខាង និងនៅលើពិភពលោកផងដែរ ដែលកម្ពុជានឹងមានពហុកីឡដ្ឋានធំ និងទំនើបទាន់សម័យនោះ” ។ លោក វ៉ាត់ ចំរើន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលខិតខំដឹកនាំរហូតទទួលបានលទ្ធផលល្អជាទីគាប់ចិត្ដបែបនេះ ៕
No comments:
Post a Comment
yes