តំបន់ដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ
ប្រជាពលរដ្ឋ ប្រមាណ៥០គ្រួសារ នៅឃុំសង្កែមួយ ស្រុកឆែប ខេត្ដព្រះវិហារ ចោទប្រកាន់ក្រុមហ៊ុនចិនមួយនៅខេត្ដនេះថា ឈូសឆាយយកដីស្រែចម្ការ ដែលជាកេរ្តិ៍ដំណែលពីដូនតាពួកគេ ក្រោមសំអាងដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
ពលរដ្ឋនៅភូមិសង្កែ លោក សែម សុំ ប្រាប់នៅព្រឹកថ្ងៃសុក្រនេះថា ដីស្រែចម្ការទំហំប្រមាណ១៥០ហិកតា ត្រូវបានក្រុមហ៊ុនឈ្មោះ ហេង យូ យកគ្រឿងចក្រឈូសឆាយរំលោភយក និងកំពុងដើរបោះបង្គោល និងបាញ់ថ្នាំពណ៌ក្រហមកំណត់ទីតាំង ប៉ះចំដីស្រែចម្ការពួកគេ ដើម្បីយកទៅដាំដើមកៅស៊ូ អាកាស្យា និងដើមអំពៅ បន្ថែមទៀត។ លោកបន្ដថា បុគ្គលិកក្រុមហ៊ុននេះ បានគំរាមកំហែងលើរូបលោក ខណៈប្រជាពលរដ្ឋជិត៥០គ្រួសារ ដាក់ពាក្យប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនៅតំបន់នោះ ឲ្យជួយដោះស្រាយ ៖ "ដូចថា ធ្វើកាលមុនថាឲ្យក្រុមនិស្សិតហ្នឹង មកវាស់វែង ដល់ពេលមកធ្វើការពីរ បីដងហើយ ពួកនិស្សិតមកពីដងហើយ មកប្រជុំនៅសាលាឆទាន នៅឃុំសង្កែ ហើយប្រជាពលរដ្ឋ គ្នាចេះតែរងចាំរហូត ដល់អត់់ឃើញនិស្សិតមកវាស់វែង គេបង្កើតក្រុមខេត្ដ មេព្រៃ ហើយនឹងឃុំហ្នឹង អភិបាលរងស្រុកហ្នឹន គេមកបោះបង្គោលឲ្យប្រជាពលរដ្ឋ" ។
ពលរដ្ឋមួយរូបទៀត អ្នកស្រី ឃុន ហោ ឲ្យដឹងថា ក្រុមហ៊ុនហេងយូនេះ បានឈូសឆាយរំលោភចូលដីស្រែចម្ការពីដូនតា របស់គាត់អស់ជាង២ហិកតា។ អ្នកស្រីថា គាត់បានហាមឃាត់ក្រុមហ៊ុន និងទាមទារយកដីដែលឈូសហើយនោះមកវិញ តែក្រុមហ៊ុននោះ ឲ្យសងថ្លៃឈូសឆាយ និងគំរាមចាប់ដាក់ពន្ធនាគារទៅវិញ ដោយចោទអ្នកស្រីថា យកដីរបស់រដ្ឋ ៖ "ប៉ុនគេឆ្ងល់របស់ខ្ញុំ ហាមមិនឲ្យគេឈូសហើយ គេនៅតែឈូស គេថាបើហាមខ្ញុំមិនឲ្យឈូស ឲ្យលុយថ្លៃប្រេងមក ខ្ញុំថាបើខ្ញុំឲ្យលុយថ្លៃប្រេងនោះ ខ្ញុំជួលឲ្យគេគាស់បាត់ហើយស្រែហ្នឹង" ។
មិនអាចសុំការបំភ្លឺពីអ្នកគ្រប់គ្រងក្រុមហ៊ុនហេងយូនោះបានទេ ដោយអ្នកទទួលទូរស័ព្ទប្រាប់ថា គាត់ជាបុគ្គលិកធម្មតា មិនបានដឹងពីការដ្ឋានក្រុមហ៊ុនចិននៅព្រះវិហារនោះទេ ៖
ចំណែកអភិបាលស្រុក ស្រុកឆែប និងអភិបាល ខេត្ដព្រះវិហារ ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃសុក្រនេះ។
ទោះជាយ៉ាងនេះក្ដី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិអាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៏ថា លោកបានស៊ើបអង្កេត និងទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងនោះហើយ។ លោកបន្ដថា មានក្រុមហ៊ុនចំនួនបី គឺក្រុមហ៊ុនហេងយូ ក្រុមហ៊ុនឡានហ្វេង និងក្រុមហ៊ុនរូយហ្វេង បានឈូសឆាយប៉ះពាល់ដីប្រជាពលរដ្ឋនៅតំបន់នោះយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមថា ក្រុមហ៊ុនទាំងបីនោះ ទើបស្នើសុំផ្នែករដ្ឋបាលព្រៃឈើ កំណត់ទីតាំង ក្រោយពេលបានធ្វើសកម្មភាពឈូសឆាយដីព្រៃជាច្រើនឆ្នាំមកហើយ។ លោកថា ក្រុមហ៊ុនទាំងនោះ មានម្ចាស់តែមួយ តែបំបែកចេញជាបីក្រុមហ៊ុន ដើម្បីឲ្យរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យបានច្រើន ដែលលោកចាត់ទុកថាជាការបំភ័ន្តភ្នែករដ្ឋាភិបាល៕
No comments:
Post a Comment
yes