សកម្មជនបឹងកក់ ព្យាយាមរកអន្តរាគមន៍ទោះជួបការប្រឈមយ៉ាងណាក៏ដោយ
សហគមន៍បឹងកក់ និងអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនិងសិទ្ធិលំនៅឋាននិងដីធ្លី ចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ ជំរុញឲ្យអាជ្ញាធរធ្វើការដោះស្រាយបញ្ចប់វិវាទដីធ្លីក្នុងតំបន់បឹងកក់ តាមការដាក់បញ្ចូលចំនួនគ្រួសារដែលនៅសល់ទៅក្នុងដីអនុក្រឹត្យ១២,៤៤ ហិកតា និងផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យផង។
សេចក្ដីថ្លែងការណ៍នោះបានបង្ហាញពីលទ្ធផលសិក្សាលម្អិតមួយ នៅលើទីតាំងដីសម្បទាន១២,៤៤ហិកតា ដែលប្រមុខរដ្ឋាភិបាលធ្វើប្រទានកម្មផ្ដល់ជូនពលរដ្ឋសេសសល់ក្នុងតំបន់បឹងកក់តាមអនុក្រឹត្យលេខ១៨៣ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ នោះ បានរកឃើញដីឡូត៍ទំនេរមាន៤០០ឡូត៍ គ្របដណ្ដប់លើផ្ទៃដីជាង២ហិកតាក្នុងទំហំដីនោះ។
ថ្លែងនៅក្នុងសន្និសីទកាសែតពីព្រឹកម្សិលមិញ នៅភោជនីយដ្ឋានផាកកាហ្វេ ភ្នំពេញ លោក ចាន់ រិទ្ធិសក្តិ តំណាងពីសហគមន៍បឹងកក់ ដែលត្រូវកាត់ឈ្មោះចេញពីទីតាំងដី១២,៤៤ហិកតា បានបញ្ជាក់ថា ការបង្ហាញនូវលទ្ធផលនេះ ក្នុងគោលបំណងសុំឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់ជួយពិនិត្យនិងដោះស្រាយ បញ្ចប់វិបត្តិដីធ្លីជូនពួកគាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកនិយាយថា ៖ «ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ខ្ញុំ រួមទាំងអង្គការសង្គមស៊ីវិលយល់ថា ផែនការនេះជាមធ្យោបាយដ៏សមស្របមួយ ឆ្ពោះទៅរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីតំបន់បឹងកក់ ដែលនេះជាបំណងប្រាថ្នាតែមួយគត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងយើងខ្ញុំចង់បាន»។
អ្នកស្រី ខែក ចាន់រស្មី សកម្មជនស្ត្រីនៃសហគមន៍បឹងកក់ ដែលចូលរួមឆ្លើយសំណួរអ្នកសារព័ត៌មានបានលើកឡើងថា ដោយមានការជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាល លើបញ្ហាច្បាប់និងបច្ចេកទេសកន្លងមក ពួកគាត់បាននាំគ្នាចងក្រងស្ថិតិប្រជាពលរដ្ឋដែលបានកាត់ចេញពីដី១២,៤៤ហិកតា គឺមានចំនួន៦១គ្រួសារ។
អ្នកស្រីបន្តថា៖ «ក្នុងចំណោមនេះមានតែ៤៨គ្រួសារប៉ុណ្ណោះ ដែលពួកគេចង់ឲ្យមានការដោះស្រាយដាក់បញ្ចូលគ្រួសារគេទៅក្នុងដីទំនេរ៤០០ប្លង់ ដែលយើង និងអង្គការក្រៅរដ្ឋាភិបាលរកឃើញនោះ។ ចំណែក១៣គ្រួសារទៀតនៅមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយ»។
ម្ចាស់ពានរង្វាន់ស្ត្រីនិងសិទ្ធិមនុស្ស ពីអឺរុបនិងអាមេរិក ប្រចាំឆ្នាំ២០១៣ អ្នកស្រី ទេព វន្នី បានថ្លែងថា ដីទំនេរចំនួន៤០០ឡូត៍នោះ គឺជាដីរបស់ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ដែលសម្រេចចិត្តទាំងបង្ខំក្នុងការទទួលយកគោលការណ៍ ៨ពាន់ដុល្លារ និងពីរលានរៀលជាថ្នូរនឹងការចាកចេញពីតំបន់នេះ នៅមុនពេលប្រមុខរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យស្តីពី«ការកែសម្រួលក្រឡាផ្ទៃដីតំបន់អភិវឌ្ឍន៍បឹងកក់ ដែលក្រោយមកអាជ្ញាធររាជធានីភ្នំពេញ ទំនងជាបានចេញជាប្លង់កម្មសិទ្ធិឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន។
លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានិងជាម្ចាស់ក្រុមហ៊ុនស៊ូកាគូអ៊ីន មិនអាចទំនាក់ទំនងបានទេជុំវិញបញ្ហានេះ។ តែ លោក ឡាវ វណ្ណ អតីតអគ្គនាយករងក្រុមហ៊ុននេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖«ក្រុមអ្នកភូមិគួរតែពិនិត្យនិងសិក្សាពីផ្លូវច្បាប់ឲ្យបានច្រើនមុននឹងសម្រេចចិត្តនិយាយពីបញ្ហានេះ ព្រោះក្រុមហ៊ុនមិនបានប្រព្រឹត្តអ្វីរំលោភទៅលើច្បាប់នោះទេ»។ លោកមិនប្រាប់បញ្ហាលម្អិតទេ ដោយបានជំរុញឲ្យសួរទៅខាងអាជ្ញាធររាជធានីភ្នំពេញជុំវិញបញ្ហានេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថ្លែងថា លោកមិនទាន់ទទួលព័ត៌មាន ឬរបាយការណ៍លម្អិត អំពីបញ្ហានេះឡើយ។ លោកថា៖ «ខ្ញុំមិនទាន់ដឹងច្បាស់ពីបញ្ហានេះទេ ប៉ុន្តែ រឿងនេះវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់»។
លោក អ៊ី សារ៉ុម ប្រធានសមាគមធាងត្នោត បានលើកឡើងថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យអង្កេតសាជាថ្មីអំពីករណីនេះ ព្រោះវាជាមធ្យោបាយក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីនៅក្នុងតំបន់នេះ៕
No comments:
Post a Comment
yes