ថ្លែងនៅពេលចាប់ផ្តើមអង្គប្រជុំ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ថា វិសោធនកម្មនេះនឹងផ្តល់អំណាចបន្ថែមទៀតដល់ច្បាប់បច្ចុប្បន្នដោយបង្កើនរយៈពេលដាក់ទោសទណ្ឌ និងការពិន័យ។ លោក ជា ចាន់តូបន្ថែមថា៖ «ឧបករណ៍ផ្លូវច្បាប់នេះនឹងជួយការពារប្រឆាំងគ្រប់គ្រង និងបង្ការរាល់ប្រតិបតិ្តការ និងអំពើល្មើសទាំងអស់ទាក់ទងនឹងសកម្មភាពលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានដល់ភេវរកម្ម»។
កាលពីឆ្នាំមុន កម្ពុជាត្រូវបានវិទ្យាស្ថានបាសែល ស្តីពីអភិបាលកិច្ចដែលស្ថិតនៅប្រទេសស្វីស ចាត់ក្នុងចំណាត់ថ្នាក់ទី៣ នៃប្រទេសងាយរងគ្រោះបំផុតចំពោះការលាងលុយកង្វក់។ បញ្ហាសំខាន់ចម្បង ដែលបានលើកឡើងដោយវិទ្យាស្ថានគឺកម្ពុជាមានបទប្បញ្ញតិ្តមិនគ្រប់គ្រាន់និងមានអំពើពុករលួយរីករាលដាល។
អំពើពុករលួយ គឺជាបញ្ហាដែលតំណាងរាស្រ្តគណបក្សប្រឆាំងបានលើកឡើងនៅក្នុងអំឡុងពេលពិភាក្សាកាលពីម្សិលមិញ។ បើទោះបីជាគណបក្សនេះបានបោះឆ្នោតគាំទ្រច្បាប់នេះក៏ដោយ ក៏លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សប្រឆាំងបានចង្អុលបង្ហាញថា ឧបសគ្គធំបំផុតនៅតែមិនអាចដោះស្រាយបានទេ បើទោះបីជាមានច្បាប់នេះក្តី។
លោកបានថ្លែងបន្ថែមថា៖ «ច្បាប់នេះគឺជាច្បាប់សំខាន់មួយដើម្បីរារាំងសកម្មភាពអាក្រក់ទាំងអស់នេះ។ ប៉ុន្តែខ្ញុំសូមលើកឡើងប្រាប់អង្គសភានិងប្រជាជនទាំងអស់ថា កម្ពុជា មានទឹកប្រាក់ប្រហែល ១ ពាន់លានដុល្លារដែលជាប្រាក់កខ្វក់ បានមកពីអំពើពុករលួយ និងសកម្មភាពខុសច្បាប់របស់អ្នកមានអំណាច និងក្រុមហ៊ុនខិលខូចមួយចំនួន។ យើងមានច្បាប់ តែវិធានការប្រឆាំងនឹងអំពើពុករលួយ នៅតែទន់ខ្សោយ ហើយច្បាប់នេះអាចមិនមានប្រសិទ្ធភាពពិតៗទេ»។
លោក យឹម សុវណ្ណ ត្រូវបានបញ្ឈប់យ៉ាងឆាប់រហ័សដោយលោក ងួន ញិល អនុប្រធានទី១ រដ្ឋសភាដែលបានសម្រេចថា អ្វីដែលលោក យឹម សុវណ្ណ បានលើកឡើងនោះគឺស្ថិតនៅក្រៅប្រធានបទ។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបថា៖ «ខ្ញុំសូមស្នើសាធារណជនកុំឲ្យភ័ន្តច្រឡំនូវអ្វីដែលឯកឧត្តម យឹម សុវណ្ណ បានលើកឡើង ពីព្រោះវាជាវប្បធម៌របស់គណបក្សប្រឆាំងដែលបើកភ្នែកឡើង មើលឃើញតែភាពងងឹត»។
នៅពេលបើកកិច្ចប្រជុំ ហើយបានអនុម័តច្បាប់អគ្គិភ័យកាលពីថ្ងៃអង្គារ តំណាងរាស្ត្រគណបក្សប្រជាជន និងបក្សប្រឆាំងក៏បានប៉ះទង្គិចពាក្យសម្តីខ្លាំងក្លាផងដែរ ករណីដែលតំណាងរាស្ត្របក្សសមរង្ស៊ី និងសិទ្ធិមនុស្សបានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិហើយតំណាងរាស្ត្របក្សប្រជាជនបានគំរាមកាត់ប្រាក់ខែតំណាងរាស្ត្របក្សប្រឆាំង៕
No comments:
Post a Comment
yes