សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 19, 2013

នយោបាយ​កម្ពុជា​ហាក់​វិវត្ត​ដល់​ដំណាក់​កាល​ថ្មី

130619_04
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន អនុប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​
 និង លោក​ កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​ក្លាយ​
ជា​គោល​ដៅ​វាយ​ប្រហារ​
ការ​បោះឆ្នោត កាល​ពី​លើក​មុនៗ​មាន​អំពើ​ហិង្សា​ខាង​នយោបាយ​ជា​ច្រើន​។ ប៉ុន្តែ​ឥឡូវ​នេះ ហាក់​បី​ដូច​ជា​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​អត្តចរិត​របស់​អ្នក​នយោបាយ​វិញ បើ​ទោះ​បី​ជា​ករណី​ខ្លះ​ហាក់​បី​ដូច​ជា​ត្រូវ​បាន​គេ​ប្រឌិត​ឡើង​ក៏​ដោយ។
ភ្នំពេញៈ ក្នុង​ខែ​មិថុនា​ឆ្នាំ ១៩៩៨ ក្នុង​រយៈ​ពេល​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស សាកសព លោក ថុង សុផល សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​រក​ឃើញ​នៅ​បាត​ព្រែក​ស្ងួត​មួយ នៅ​ខេត្ត​កណ្តាល។
យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ និង​របាយ​ការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា សាកសព​លោក​សុផល ត្រូវ​គេ​កាត់​ម្រាម​ដៃ និង​កាត់​ត្រចៀក​ឆ្វេង​ដាច់​បាត់​ហើយ​សាច់​ជើង​របស់​គាត់​ត្រូវ​បាន​ចៀរ​ចេញ​ទុក​នៅ​តែ​ឆ្អឹង។ លោក សុផល ហាក់​ដូច​ជា​បាន​ស្លាប់​ដោយ​សារ​តែ​បុក​ចំ​ក្បាល។ នគរបាល​នៅ​ពេល​នោះ បាន​សម្រេច​ថា ករណី​ស្លាប់​នេះ​គឺជា​ការ​ធ្វើ​អត្តឃាត ដែល​ជា​ករណី​ស្លាប់​មួយ​នៃ​ករណី​សម្លាប់​អ្នក​រាជា​និយម​៤ ករណី​ក្នុង​ខែ​នោះ។

១៥ ឆ្នាំ ក្រោយ​មក ខណៈ​ដែល​កម្ពុជា​កំពុង​ឈាន​ជិត​ដល់​ការ​បោះឆ្នោត​ជា​ថ្មី ពុំ​មាន​របាយ​ការណ៍​អំពី​ការ​សម្លាប់​ដោយ​សារ​មូលហេតុ​នយោបាយ ដូច​ជា​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់​ធ្ងរ ដែល​បាន​ឆ្លង​កាត់​ដោយ​លោក ថុង សុផល ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ដោយ​មាន​ភាព​ចម្រូង​ចម្រាស​ថ្មីៗ​ជុំវិញ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ វា​ចាប់​ផ្តើម​មើល​ទៅ ហាក់​ដូច​ជា​នយោបាយ​កម្ពុជា បាន​រក​ឃើញ​វិធី​សម្លាប់​ថ្មី​កាន់​តែ​ជឿន​លឿន គឺ​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​លើ​អត្តចរិត​វិញ​ម្តង។
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា ការ​ប្រើ​អំពើ​ហិង្សា មាន​ផល​ប៉ះពាល់​បក​មក​វិញ ហើយ​ប៉ះ​ពាល់​ដល់​ភាព​គួរ​ឲ្យ​ជឿ​ជាក់​បាន របស់​គណបក្ស​កាន់​អំណាច​ហើយ​មាន​សម្ពាធ​កាន់​តែ​ច្រើន​ពី​ខាង​ក្នុង និង​ខាង​ក្រៅ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​បែប​នេះ​»។​ឥឡូវ​នេះ កម្ពុជា បាន​ឈាន​ដល់​ដំណាក់​កាល​បង្កើត​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា សាធារណៈ... ប្រឆាំង​នឹង​បក្ស​ប្រឆាំង និង​ព្រម​ទាំង​ចំណាត់​ការ​ផ្លូវ​ច្បាប់​»។
នា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី បាន​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស មិន​មែន​តែ១ ទេ គឺ​ពីរ​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ករណី​ទាំង​ពីរ​បាន​ផ្ទុះ​ទៅ​ជា​រឿង​ក្តី​តុលាការ​។ ក្នុង​ករណី​ទី​មួយ អតីត​ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​និយាយ​ថា គុក​ទួលស្លែង គឺជា​គុក​សិប្បនិម្មិត រៀបចំ​ដោយ​វៀតណាម។
ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្រ្តី​ម្នាក់ ដែល​អះអាង​ថា ខ្លួន​ជា​ស្រី​កំណាន់​របស់​លោក​កឹម សុខា​បាន​បង្ហាញ​ខ្លួន នៅ​ក្នុង​ពិធី​ប្រមូល​ផ្តុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ទាមទារ​ប្រាក់​ចិញ្ចឹម​កូន សម្រាប់​អ្វី​ដែល​ស្ត្រី​រូប​នេះ​ថា ជា​កូន​ស្មុំ​របស់​អ្នក​ទាំង​ពីរ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្រ្តី​រូប​នោះ បាន​អះអាង​ថា ម្តាយ​របស់​អ្នក​ស្រី​ត្រូវ​អង្គរក្ស​លោក កឹម សុខា វាយ ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោក​កឹម សុខា ទៅ​តុលាការ​ខេត្ត​ព្រៃវែង។ ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​ស្រប​នឹង​ពាក្យ​បណ្តឹង​ដែល​ដាក់​ប្តឹង​ដោយ​លោក ជុំ ម៉ី អ្នក​រស់​រាន​មាន​ជីវិត​ពី​គុក​ទួលស្លែង​ដែល​បាន​អះអាង​ថា ការ​បដិសេធ​មិន​ទទួល​ស្គាល់​ដោយ​លោក កឹម សុខា ពី​បញ្ហា​គុក​ទួលស្លែង គឺ​ស្មើ​នឹង​ការ​បរិហារកេរ្តិ៍។
លោក ឡៅ ម៉ុងហៃ បាន​បន្ថែម​ថា៖ «​ចូរ​មើល​រឿង​ក្តី​លោក សម រង្ស៊ី។ លោក​បាន​ប្រព្រឹត្ត​ល្មើស ហើយ​តុលាការ​បាន​ជំនុំ​ជម្រះ​គាត់ ហើយ​ដាក់​ពន្ធនាគារ​គាត់​ដែរ​ទេ ហើយ​គាត់​បាន​គេច​ចេញ​ពី​ប្រទេស​»។ លោក​កត់​សម្គាល់​ថា គណបក្ស​ប្រជាជន​ថា ខ្លួន​មិន​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ​ទេ វា​ជា​ប្រព័ន្ធ​ឯករាជ្យ។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ជា​ការ​ពិត​ពួក​គេ​គ្មាន​ឯករាជ្យ​ទេ។ ចៅក្រម​ភាគ​ច្រើន ជា​សមាជិក​គណបក្ស​កាន់​អំណាច។ សូម​មើល​កិច្ច​ពិភាក្សា​លើ​កញ្ចក់​ទូរទស្សន៍ មាន​គណៈ​វិនិច្ឆ័យ​ដែល​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​ព្យាយាម​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ចំណាត់​ការ​ប្រឆាំង​នឹង​លោក កឹម សុខា។ វា​ហាក់​បី​ដូច​ជា​ប្រព័ន្ធ​ទាំង​មូល​កំពុង​ឆ្ពោះ​ទៅ​ទិស​ដៅ​តែ​មួយ»។
ក្នុង​ករណី​ទាំង​ពីរ លោក កឹម សុខា បាន​បដិសេធ ដោយ​អះអាង​ដំបូង​ថា រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​ខ្សែ​អាត់​សំឡេង​របស់​លោក​អំពី​គុក​ទួលស្លែង បាន​កាត់​ត​សំឡេង​ខុស​ពី​បរិបទ​ដើម​ហើយ​ក៏​បាន​បដិសេធ​ផង​ដែរ​ថា លោក​មិន​ដែល​បាន​ស្គាល់​ស្រ្តី​ដែល​អះអាង​ថា ជា​ស្រី​កំណាន់​របស់​លោក​នោះ​ទេ។
វា​គ្មាន​ភ័ស្តុតាង​ពី​ភាគី​ទាំង​សង​ខាង ក្នុង​ការ​បង្ហាញ​អំពី​កំហុស​ដូច​ដែល​បាន​កើត​ឡើង កាល​ពី​ឆ្នាំ ១៩៩៨ ចំពោះ​លោក ថុង សុផល ដែល​ត្រូវ​បាន​គេ​សម្លាប់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា នោះ​ពុំ​បាន​បញ្ឈប់​គណបក្ស​ប្រជាជន​កុំ​ឲ្យ​មាន​ឱកាស​វាយ​ប្រហារ​លោក កឹម សុខា ឡើយ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ញុះ​លោក កឹម សុខា តាម​រយៈ​សារ​ព័ត៌មាន ដោយ​ថា ប្រសិន​បើ​លោក កឹម សុខា ពិត​ជា​ស្អាត​ស្អំ គាត់​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ស្រ្តី​រូប​នោះ​ទៅ​តុលាការ។
លោក ហ៊ុន សែន ក៏​បាន​វាយ​ប្រហារ​លោក គង់ គាំ ប្រធាន​ស្តីទី នៃ​គណបក្ស​សម រង្ស៊ី នា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ផង​ដែរ​បន្ទាប់​ពី​រដ្ឋាភិបាល បាន​ចេញ​ផ្សាយ​សំឡេង​របស់​គាត់ ដែល​អះអាង​ថា រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ ដោយ​លោក លន់ នល់ ទម្លាក់​សម្តេច នរោត្តម សីហនុ ជា​រឿង​រៀបចំ​ឡើង​ដោយ​សម្តេច​សីហនុ​ផ្ទាល់។
លោក​នាយក​រដ្ឋ​មន្រ្តី ថែម​ទាំង​បាន​រំឭក​ឈ្មោះ សមាជិក​គណបក្ស​ប្រឆាំង ដែល​បាន​ប៉ុន​ប៉ង​បង់​ប្រាក់​ឲ្យ​ក្មេង​ស្រី​អាយុ​១៥ឆ្នាំ ម្នាក់​ដើម្បី​រួម​ភេទ ដោយ​លោក ហ៊ុន សែន បាន​គំរាម​ចេញ​ផ្សាយ​រឿង​នេះ​នៅ​ក្នុង​ករណី​មាន​ការ​បដិសេធ​នោះ។
លោក Justin Di Lollo អតីត​អ្នក​ប្រឹក្សា​នយោបាយ របស់​រដ្ឋសភា និង​រដ្ឋ​មន្រ្តី​អូស្រ្តាលី​ក៏​បាន​កត់​សម្គាល់​ដែរ​ថា៖ «ក្រៅ​ពី​ការ​សម្លាប់ ការ​បំភិត​បំភ័យ​និង​របាយ​ការណ៍​ក្លែង​បន្លំ និង​ការ​ទិញ​សំឡេង​ឆ្នោត​ជា​ទូទៅ​កន្លង​មក​វគ្គ​បោះឆ្នោត​នៅ​កម្ពុជា​ឥឡូវ​នេះ​ហាក់​ដូច​ជា​នយោបាយ​ទំនើប​នៃ​ប្រទេស​អ៊ីតាលី»។
លោក Justin Di Lollo ដែល​ឥឡូវ​នេះ​ជា​នាយក​គ្រប់​គ្រង​នៃ​សមាគម Hawker Britton ដែល​ជា​អង្គភាព​ផ្តល់​ការ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​បាន​ឲ្យ​ដឹង​ថា៖ «​វា​មាន​កលល្បិច​នយោបាយ​ដែល​ស្នើ​សុំ​ឲ្យ​អ្នក​នយោបាយ​ឆ្លើយ​តប​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែល​គ្មាន​មូលដ្ឋាន»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​ក្នុង​នយោបាយ​កម្ពុជា ប្រសិន​បើ​នេះ​មិន​ដែល​កើត​ឡើង​ពី​មុន វា​អាច​ជា​សញ្ញា​អស់​សង្ឃឹម​ឬ​គ្រោះថ្នាក់​មាន​ខ្ពស់​។ អត្ថន័យ​នោះ មាន​ន័យ​ថា វា​អាច​ត្រូវ​គេ​មើល​ឃើញ​ជា​ភាព​ចាស់​ទុំ​នៃ​នយោបាយ​កម្ពុជា»។
យោង​តាម​លោក Di Lollo ឲ្យ​ដឹង​ថា យុទ្ធនាការ​បង្ខូច​ឈ្មោះ អាច​ជា​សញ្ញា​នៃ​និន្នាការ​នយោបាយ​កាន់​តែ​ធំ បើ​ទោះ​បី​ជា​មាន​កង្វះ​ភ័ស្តុតាង ពី​សង​ខាង​ក៏​ដោយ។ លោក​បាន​បញ្ជាក់​ថា៖ «​ប្រសិន​បើ​មាន​ការ​ធ្វើ​សេចក្តី​សម្រេច ហើយ​ប្រសិន​បើ​អ្វី​ដែល​បាន​កើត​ឡើង​ទាំង​នេះ​មិន​ពិត និង​ជា​យុទ្ធសាស្រ្ត​នយោបាយ​នោះ​វា​ជា​សញ្ញា​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ពុំ​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង​ក្នុង​ការ​យក​ឈ្នះ​ឆ្នោត​ដោយ​វិធី​ផ្សេង​ទៀត​ឡើយ»។
ដោយ​សំដៅ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ឯកពន្ធភាព និង​អំពើ​ពុករលួយ ដែល​ចោទ​ប្រកាន់​ទៅ​លើ​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ហៅ​កាត់ ខុម ហ្វ្រែល បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​បាន​ធ្វើ​ឲ្យ​វា​លំបាក​សម្រាប់​អ្នក​នយោបាយ​ក្រៅ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ផ្តោត​ទៅ​លើ​បញ្ហា។ លោក​បន្ត​ថា​៖ «ដោយ​សារ​អ្នក​បោះឆ្នោត​ពួក​គេ​មាន​មនោសញ្ចេតនា​»។ «​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​អំពី​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ​។ វា​បាន​ធ្វើ​ឲ្យ​លំបាក​សម្រាប់​គាត់​ដើម្បី​ពន្យល់​អ្វី​មួយ​ដោយ​សារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច ដូច្នេះ​ពួក​គេ​អាច​បង្កើត​ព័ត៌មាន​ដែល​ពួក​គេ​ចង់​បាន»។
លោក​បញ្ញា បាន​បន្ថែម​ថា​៖ «ខ្ញុំ​យល់​ឃើញ​ថា វា​មិន​មែន​ជា​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ទេ​»។ «វា​មិន​មាន​ហេតុផល​នោះ​ទេ។ ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​មាន​មនោសញ្ចេតនា​ខ្លាំង​ឡើង​»។
ទាក់ទិន​ទៅ​នឹង​បញ្ហា​ថា​តើ​ការ​បំបែក​ស្មារតី​ចូល​ពាក់​ព័ន្ធ​នឹង​បញ្ហា​នោះ​ឬ​អត់ លោក ឡៅ ម៉ុងហៃ មិន​ប្រាកដ​នោះ​ទេ​។ លោក​បាន​ថ្លែង​ដោយ​ចង្អុល​ទៅ​ការ​តវ៉ា​កើន​ឡើង ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី​ធ្លី ដែល​រីក​រាល​ដាល​នៅ​តាម​សហគមន៍​ជា​ច្រើន​ថា​៖ «វា​ទំនង​ជា​ថា មតិ​យោបល់​សាធារណជន​កាន់​តែ​មាន​ការ​យល់​ដឹង​អំពី​អ្វី​ដែល​កំពុង​កើត​មាន»។
ជាង​នេះ​ទៀត លោក ម៉ុងហៃ​បាន​ថ្លែង​ថា ការ​វាយ​ប្រហារ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​នយោបាយ​កម្ពុជា មាន​ផល​ប៉ះ​ពាល់​ផ្ទុយ​គ្នា​នៅ​ក្នុង​អតីតកាល។ លោក​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​លើ​កិត្តិយស​របស់​លោក ខៀវ សំផន ដែល​ទទួល​បាន​ងារ​ជា «បុគ្គល​ស្អាត​ស្អំ​» ថា​៖ «យើង​មិន​ប្រាកដ​ថា តើ​បញ្ហា​ឯកព័ន្ធភាព​បែប​នោះ​និង​អ្វី​ដែល​នឹង​ត្រូវ​បាន​វាយ​តម្លៃ ឬ​អត់​ដោយ​សាធារណជន​នោះ​ទេ ប៉ុន្តែ​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​ពេល​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល​ដែល​គេ​ជឿ​ថា ស្មោះ​ត្រង់ ស្អាត​ស្អំ និង​ធ្វើ​ការងារ​ដើម្បី​ប្រជាជន​ចំណាត់​ការ​នោះ​...វា​នឹង​មាន​ការ​អាណិត​អាសូរ ដល់​ជន​រងគ្រោះ»។
លោក​បាន​បន្ថែម​ទៀត​ថា​៖ «ដូច​លោក សម រង្ស៊ី។ បើ​ទោះ​បី​ជា​លោក​នៅ​ឆ្ងាយ​នៅ​បរទេស​ក្តី​ក៏​នៅ​មាន​មនុស្ស​សួរ​ថា «​តើ​គាត់​អាច​ត្រឡប់​មក​វិញ​បាន​ឬ​អត់?»​។​លោក​បន្ត​ថា​៖ «​បើ​និយាយ​អំពី​យេស៊ូ​គ្រិស្ត ពួក​រ៉ូម៉ាំង​បាន​សម្លាប់​គាត់ ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ក្លាយ​ជា​វីរបុរស​»៕

No comments:

Post a Comment

yes