លោកសុន ឆ័យតំណាងរាស្ត្រមណ្ឌលភ្នំពេញ ដែលត្រូវបានបណ្តេញ
ចេញពីរដ្ឋសភា ព្រមទាំងត្រូវបានសភាកាត់ប្រាក់ខែ
បើទោះបីជាមានការក្តៅក្រហាយ ជាលក្ខណៈអន្តរជាតិលើសេចក្តីសម្រេចរបស់រដ្ឋសភាកម្ពុជា ក្នុងការបណ្តេញតំណាងរាស្រ្តគណបក្សប្រឆាំង ២៩ រូបចេញពីតំណែងតំណាងរាស្រ្តក៏ដោយ ក៏ប៉ុន្តែការស្ទង់មតិប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកធំៗ បានបង្ហាញថា អ្នកអានមួយចំនួនអាចមានការភ្ញាក់ផ្អើលពេលឮថារឿងរ៉ាវបែបនេះបានកើតឡើងនោះ។
ការពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយភាសាខ្មែរចំនួន ៨ បានបង្ហាញថា មានតែប្រព័ន្ធផ្សព្វផ្សាយពីរប៉ុណ្ណោះដែលផ្សព្វផ្សាយរឿងនេះ ប៉ុន្តែយ៉ាងខ្លីអំពីការបណ្តេញចេញដ៏ចម្រូងចម្រាសដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតជ្រើសរើសផ្តោតលើរឿងកំហឹងជុំវិញករណីលោក កឹម សុខា នៃគណបក្សសង្គ្រោះជាតិដែលគេចោទថា លោកបានបដិសេធមិនទទួលស្គាល់ប្រវត្តិសាស្រ្តគុកធ្វើទារុណកម្មស‑២១ របស់ខ្មែរក្រហម។ បើទោះបីជាការបណ្តេញចេញនោះអាចមោឃៈ តាមច្បាប់ដោយស្ថាប័ននៃនីតិប្បញ្ញតិ្ត ដោយមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញចែងថា ត្រូវតែមានតំណាងរាស្រ្តយ៉ាងតិច ១២០ រូបឥឡូវនេះមានតែ៩៦នាក់ ក៏ដោយ ក៏ប៉ុន្តែកាសែតតិចតួច ដែលលើកឡើងពីសេចក្តីសម្រេច បានផ្សាយដោយមិនច្បាស់លាស់ ក្នុងអត្ថបទរឿងរបស់ខ្លួនទាក់ទងនឹងការអនុម័តច្បាប់ប្រឆាំងនឹងអ្នកដែលនិយាយមិនទទួលស្គាល់ខ្មែរក្រហមទៅវិញ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងដែលគេបណ្តេញចេញពីតំណែងហើយដែលត្រូវបានលោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជន តាមមកបណ្តេញចេញមិនឲ្យធ្វើសន្និសីទសារព័ត៌មាន នៅបរិវេណរដ្ឋសភាជាសាធារណៈនោះបានថ្លែងថា៖ «ពុំសូវមានគេនិយាយអំពីការបណ្តេញចេញពីតំណែងនេះទេបើទោះបីជាខ្ញុំ នៅក្នុងសន្និសីទសារព័ត៌មានរបស់លោក ឈាង វុន ក៏ដោយ»។ លោកបានបន្ថែមថា៖ «ខ្ញុំមិនដឹងទេថាតើ ពួកគេភ័យខ្លាចឬស្ថិតក្រោមឥទិ្ធពលដោយផ្ទាល់ពីគណបក្សកាន់អំណាចឬយ៉ាងណានោះ។ ប៉ុន្តែខ្ញុំគិតថា មានប្រព័ន្ធគ្រប់គ្រងដោយរដ្ឋាភិបាល»។ លោកកត់សម្គាល់អំពីការគ្មានផ្សព្វផ្សាយដូចគ្នាជុំវិញការធ្វើបាតុកម្មរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ «វាមិនមែនចៃដន្យទេ វាជារដ្ឋផ្តាច់ការ»។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជា ដើម្បីការសិក្សាប្រព័ន្ធផ្សព្វផ្សាយ បានថ្លែងថា ការស្ងប់ស្ងៀមនេះគឺជាសញ្ញាចង្អុលបង្ហាញអំពីការពិនិត្យខឹ្លមសារចុះផ្សាយដោយជាក់ច្បាស់ពីរដ្ឋាភិបាល និងវប្បធម៌ពិនិត្យខ្លឹមសារចុះផ្សាយដោយខ្លួនឯង។ លោកបានបន្តថា៖ «គ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្ររដ្ឋាភិបាលទាំងអស់ ជាពិសេស វិទ្យុ និងស្ថានីយទូរទស្សន៍ បានរក្សាជំហររបស់ខ្លួនមិនធ្វើការផ្សព្វផ្សាយអំពីបក្សប្រឆាំងឡើយ»។ លោកបន្ថែមថា៖ «ចំពោះកាសែតវិញ ខ្ញុំគិតថា គេមានឯករាជ្យពីរដ្ឋាភិបាលជាង ប៉ុន្តែខ្ញុំគិតថា ពួកគេព្យាយាមត្រួតពិនិត្យខ្លឹមសារចុះផ្សាយដោយខ្លួនឯងដោយមិនផ្សាយអំពីបាតុកម្មរបស់បក្សប្រឆាំងឡើយ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាល ខ្ញុំគិតថា វាជាគោលការណ៍របស់ពួកគេ»។
លោក ឈាន ណារិទ្ធ បានបន្ថែមថា ការពិនិត្យខ្លឹមសារចុះផ្សាយដោយខ្លួនឯង មានសក្តានុពលប៉ះពាល់ដល់លទិ្ធប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែគេអាចយល់បាន បើគិតពីនិន្នាការរបស់ប្រព័ន្ធផ្សព្វផ្សាយដែលគិតខ្លួនឯងជាជនរងគ្រោះ ជាជាងភ្នាក់ងារនៃការផ្លាស់ប្តូរ។ ទោះជាយ៉ាងណា បើទោះបីជាអាចមានប្រយោជន៍រយៈពេលខ្លីដោយសារបំពេញចិត្ត រដ្ឋាភិបាលក៏ដោយ ក៏ប៉ុន្តែ លោកបានព្រមានថា ប្រព័ន្ធផ្សព្វផ្សាយកំពុងតែផ្តាច់សេវារបស់ខ្លួននៅចុងបញ្ចប់។
លោកបានបញ្ជាក់ថា៖ «យើងយល់ថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះកំពុងត្រួតពិនិត្យខ្លឹមសារចុះផ្សាយដោយខ្លួនឯង ដោយសារតែសន្តិសុខ និងសុវត្ថិភាពរបស់ពួកគេ។ ប៉ុន្តែ ក្នុងរយៈពេលវែង ខ្ញុំគិតថា ពួកគេនឹងធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងទៅវិញ»។ លោកកត់សម្គាល់លើសេចក្តីត្រូវការការគាំទ្រជាសាធារណៈរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ «ប្រជាជនកម្ពុជាជ្រើសរើសថាតើដំណឹងប្រភេទអ្វីខ្លះ ដែលពួកគេចង់បានដូច្នេះ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយ មិនព្យាយាមធ្វើឲ្យមានឯករាជ្យនោះ ខ្ញុំគិតថា ក្នុងរយៈពេលវែង ពួកគេនឹងបាត់បង់ការគាំទ្រ»។
លោក ប៉ែន សមិទ្ធិ និពន្ធនាយក កាសែត រស្មីកម្ពុជា និងគេហទំព័រ CEN ជាប្រព័ន្ធផ្សព្វផ្សាយមួយដែលចុះផ្សាយអំពីការបណ្តេញចេញពីតំណែងនេះ បានថ្លែងថា លោកយល់ថា ខ្លួនមានកាតព្វកិច្ចត្រូវចុះផ្សាយរឿងនេះ។ លោកបន្តថា៖ «ខ្ញុំគិតថា ការផ្សាយអំពីករណីតំណាងរាស្រ្ត ២៩ នាក់មកពីគណបក្សសម រង្ស៊ី គណបក្សសិទិ្ធមនុស្ស និងគណបក្ស នរោត្តម រណឫទ្ធិ ត្រូវបានដកតំណែង និងប្រាក់បៀវត្សរ៍ គឺសំខាន់ណាស់ ចំពោះប្រជាជនព្រោះអ្នកបោះឆ្នោតដែលគាំទ្រពួកគេឲ្យធ្វើជាតំណាងរាស្រ្ត ចាំបាច់ត្រូវដឹងពីការវិវត្តស្ថានការណ៍នយោបាយ ហើយពួកគេនឹងពិចារណាឡើងវិញថាតើត្រូវចាត់វិធានការបន្ទាប់យ៉ាងដូចម្តេច?»។
ប៉ុន្តែ បើទោះបីជាមានការស្ងប់ស្ងៀមក៏ដោយ ក៏ប៉ុន្តែ លោក សុន ឆ័យ បានមានប្រសាសន៍ថា បក្សប្រឆាំងធ្លាប់ទៅហើយហើយថា ផលប៉ះពាល់ពុំខ្លាំងទេ បើគិតពីប្រជាជនកម្ពុជា«សុទ្ធតែទទួលរងគ្រោះដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាលនេះ»។
លោក ឈានណារិទ្ធ ហាក់ដូចជាយល់ស្របដោយលោកនិយាយថា ទោះជាយ៉ាងណាក៏ដោយ រឿងនេះនឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ លោកបន្ថែមថា៖ «ដូចសុភាសិតខ្មែរថ្លែងថា នៅពេលដំរីងាប់មិនអាចយកចង្អេរតូចមួយបិទបាំងបានទេ។ រឿងនេះធំណាស់មិនអាចលាក់បានទេ។ វាធំណាស់មិនអាចព្រងើយកន្តើយពីសាធារណជនឡើយ»៕
No comments:
Post a Comment
yes