នាយ ពាក់មី
តារាកំប្លែងដែលកំពុងប្រជែងភាពល្បីល្បាញនៅក្នុងពិភពសិល្បៈលោក ពាក់មី បាននឹងកំពុងទទួលរងការវាយប្រហារយ៉ាងចាស់ដៃពីមន្ត្រីទាហ៊ានជើងចាស់មួយចំនួន ជុំវិញភាពអសកម្មមួយចំនួននៅក្នុងសង្គមកម្ពុជា ពាក់ព័ន្ធនឹងការទទួលបានកិត្តិយសបុណ្យស័ក្តិ ពាក់ស័ក្តិ៤របស់តារាកំប្លែងរូបនេះ ខណៈពេលដែលទើបតែចូលបម្រើការងារកំប្លែងបានតែ១ឆ្នាំប៉ុណ្ណោះ។
ទើបតែស្រាយចំណងជីវិតពីជាងសំណង់បានរយៈពេលតែជាង៣ឆ្នាំ ក្រោយពេលហក់ចូលសង្វៀនសិល្បៈជាតារាកំប្លែងចំណាត់ថ្នាក់លេខមួយរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិននោះ ស្រាប់តែថ្មីៗនេះ បែកធ្លាយពីការទទួលបានបុណ្យយសស័ក្តិរបស់តារាកំប្លែងរូបនេះគួរឲ្យភ្ញាក់ផ្អើល គឺពាក់ស័ក្តិ៤ ក្នុងរយៈពេលចូលបម្រើការងារមិនសូវទៀងទាត់រយៈពេលតែ១ឆ្នាំនោះ ខណៈដែលប្រជាជនធម្មតាបម្រើការងារជាមន្ត្រីទាហានអស់រយៈពេលជិត១០ឆ្នាំ ឬក៏ជាង១០ឆ្នាំទៅហើយ ទើបតែពាក់ស័ក្តិ២ ស័ក្តិ៣នោះ។
នៅពេលដែលឃើញរូបថតកាតរបស់នាយ ពាក់មី ត្រូវបានបង្ហោះនៅលើហ្វេសប៊ុកនោះ មន្ត្រីទាហាន បុគ្គលិករដ្ឋ និងឯកជនមួយចំនួនបានសម្តែងការមិនសប្បាយចិត្តចំពោះការទទួលបានលាភសក្ការៈដោយងាយៗបែបនេះទេ ខណៈដែលបងប្អូនយុទ្ធជនអតីតសង្គ្រាមមួយចំនួនធំ ពិសេសបងប្អូនកងទ័ពនៅព្រះវិហារគ្មានបុណ្យស័ក្តិធំដុំអ្វីសោះ ទោះបីជាលះបង់ឈាមស្រស់អស់រយៈពេលស្ទើរពេញមួយជីវិតនោះ។
ក្នុងឈុតខោអាវទាហាន បុរសម្នាក់ឈ្មោះ Pino Ty បាននិយាយយ៉ាងហួសចិត្តថា បងប្អូនរួមជាតិជួយពិចារណបន្តិចទៅមើល ខ្ញុំធ្វើទាហាន៨ឆ្នាំបានស័ក្តិ៣ ចំណែកលោក ពាក់មី ចូលធ្វើទាហានបានតែមួយឆ្នាំ បានស័ក្តិ៤។ ខ្ញុំពិតជាអស់សំណើចមែន ខ្ញុំមិនច្រណែនគាត់ទេ ប៉ុន្តែខ្ញុំអង្គុយឆ្ងល់...ហាស ហាស ឡូយមែនស្រុកខ្មែរ។
ការផ្លោះឡើងតំណែងលឿនស្លេវដោយមិនបានទទួលការបណ្តុះបណ្តាលច្បាប់ទាហាននេះ ត្រូវបានទស្សនិកជនមួយចំនួននិយាយថា ដោយសារតែតារាកំប្លែងរូបនេះមានខ្សែធំ ឬក៏មានអ្នកមានអំណាចជួយពីក្រោយខ្នង។ ប៉ុន្តែយ៉ាងណារឿងពិតនៅមិនទាន់បានទទួលការបកស្រាយពីនាយពាក់មីនៅឡើយទេ៕
No comments:
Post a Comment
yes