សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 31, 2013

ព្រះសង្ឃវត្តស្ទឹងមានជ័យបាត់​មួយ​អង្គនិង​ភៀស​ព្រះកាយ​មួយ​អង្គ

130730_09a
ព្រះ​សង្ឃ​ដែល​បរិស័ទ​និង​សង្ឃវត្ត​ជាមួយ​អះអាង​ថា ​ត្រូវ​ប៉េ​អឹម​ឃាត់​ខ្លួន​
ក្នុង​ហិង្សា​កាលពី​ថ្ងៃ​អាទិត្យ​
ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ​វត្ត ស្ទឹងមានជ័យ​បាន​អះអាង​កាល​ពី​ថ្ងៃ ចន្ទ​ថា មាន​ភិក្ខុ​សង្ឃ​មួយ​អង្គ​បាន​បាត់​ព្រះ​កាយ​និង​មួយ​អង្គ​ទៀត​បាន​ភៀស​ទៅ​លាក់​ខ្លួន​នៅ​ឯ​ស្រុក​កំណើត ក្នុង​ខេត្ត កំពត បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត ក្នុង​សាលា​បឋម​សិក្សា ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី២៨​កក្កដា។
ព្រះ​តេជគុណ សេក សំអាត ព្រះជន្ម ៣៨ វស្សា គង់​នៅ​វត្ត ស្ទឹង​មាន​ជ័យ មាន​សង្ឃដីកា​ថា មាន​ព្រះសង្ឃ ១អង្គ វ័យ​ជាង ២០ វស្សា​បាន​បាត់​ព្រះ​កាយ​មិន​ដឹង​ជា​គេ​នាំ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ទី​ណា​បន្ទាប់​ពី​សង្ឃ​អង្គ​នេះ​ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ចាប់ ព្រះកាយ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ហិង្សា នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​នៅ​សាលា​បឋម​សិក្សា ស្ទឹង​មាន​ជ័យ ដែល​ក្រុម​អ្នក​តវ៉ា​បាន​វាយ​កម្ទេច​និង​ដុត​បំផ្លាញ​រថយន្ត ២ គ្រឿង របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ អាទិត្យ​កន្លង​ទៅ។
តេជគុណ សេក សំអាត មាន​ថេរ​ដីកា​បន្ត​ថា ចំណែក​សង្ឃ​មួយ អង្គ​ទៀត វ័យ​ជាង ២០ វស្សា​ដែរ ជា​មិត្តភក្តិ​នឹង​ព្រះសង្ឃ​ដែល​បាត់​ខាង​លើ បាន​ភៀស​ព្រះកាយ​ចេញ​ពី​វត្ត ស្ទឹង​មាន​ជ័យ ទៅ​គង់​នៅ​ផ្ទះ​បង​ប្អូន​ក្នុង​ស្រុក​កំណើត នៅ​ខេត្ត កំពត បន្ទាប់​ត្រូវ​ជនជាតិ​វៀតណាម​មួយ​ក្រុម​មាន​គ្នា ៥ ទៅ ៦ នាក់ បាន​ព្រួត​គ្នា​វាយ​ព្រះអង្គ នោះ​បណ្តាល​ឲ្យ​រង​របួស​ស្រាល បន្ទាប់​ពី​ព្រះអង្គ​បាន​ចូល​រួម​រារាំង និង​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​ចូល​ទៅ​បោះឆ្នោត។

ព្រះ​តេជគុណ សេក សំអាត បាន​បន្ត​ឲ្យ​ដឹង​ថា៖ «លោក​ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ ចាប់​ឃាត់​ខ្លួន និង​រុញ​ដាក់​លើ​ឡាន​ដឹក​យក​ទៅ​បាត់ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​។ លោក​បាត់​មិន​ឃើញ​មន្ត​មក​វិញ​មួយ​យប់​ហើយ។ ឥឡូវ​នេះ​អាត្មា​មិន​ដឹង​ថា តើ​លោក​ត្រូវ​គេ​ដឹក​យក​ទៅ​ដាក់​នៅ​ទីណា​ទេ។ អាត្មា​មាន​ការ​បារម្ភ​ណាស់ អំពី​សុវត្ថិភាព​របស់​លោក»។
ពាក់​ព័ន្ធ​នឹង​ការ​ឃាត់​ព្រះសង្ឃ និង​វាយ​លោក​សង្ឃ​នេះ ព្រះ​តេជគុណ សេក សំអាត បាន​ឲ្យ​ដឹង​ថា រឿង​រ៉ាវ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ព្រះសង្ឃ​ទាំង ២អង្គ​បាន​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​និង​បាន​ចូល​រួម​តវ៉ា​និង​ឃាត់​ជនជាតិ​វៀតណាម​ខាង​លើ​មិន​ឲ្យ​ចូល​បោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​សាលា​បឋម​សិក្សា ស្ទឹង​មាន​ជ័យ ខណ្ឌ មាន​ជ័យ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ។ នៅ​ក្នុង​ការ​ជួយ​តវ៉ា​នោះ​ព្រះសង្ឃ​រងគ្រោះ​មួយ​អង្គ ត្រូវ​ជនជាតិ​វៀតណាម ព្រួត​គ្នា​វាយ​ត្រូវ​ព្រះភក្ត្រ ចំណែក​សង្ឃ​មួយ​អង្គ​ទៀត ត្រូវ​ប៉េអឹម​ចាប់​ឃាត់​ខ្លួន ខណៈ​កំពុង​ព្យាយាម​តវ៉ា​ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ។
លោក កែវ ថា អាយុ ៥៣ ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប និង ជា​ពុទ្ធ​បរិស័ទ វត្ត ស្ទឹង​មាន​ជ័យ បាន​ឲ្យ​ដឹង​ដែរ​ថា ព្រះសង្ឃ​ទាំង ២​អង្គ​ខាង​លើ មិន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​កម្ទេច​ឬ​ដុត​រថយន្ត​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​នោះ​ទេ។ ពួក​គាត់​គ្រាន់​តែ​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​ជាមួយ​ពលរដ្ឋ​ដទៃ​ទៀត ក្នុង​ការ​រារាំង​និង​ទប់​ស្កាត់​ជនជាតិ​វៀតណាម​មិន​ឲ្យ​ចូល​ទៅ​បោះឆ្នោត​ជំនួស​វាសនា​និង​អនាគត​ខ្មែរ​តែ​ប៉ុណ្ណោះ។
លោក​បន្ថែម​ថា ៖ «មូលហេតុ ដែល​លោកៗ​បាន​ចូល​រួម​ជាមួយ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដទៃ​ទៀត ក្នុង​ការ​រារាំង​និង​ទប់ស្កាត់​ជន​វៀតណាម​មិន​ឲ្យ​ចូល​ទៅ​បោះឆ្នោត​គឺ​ដោយ​សារ​តែ​លោក​មាន​ការ​ឈឺ​ឆ្អាល​នឹង​អំពើ​អយុត្តិធម៌ និង បាន​ឃើញ​ពលរដ្ឋ​កម្ពុជា​យើង​ជា​ច្រើន​ដែល​ជា​ម្ចាស់​ទឹក​ដី​និង​ប្រទេស​បាន​បាត់​ឈ្មោះ​និង​មិន​បាន​បោះឆ្នោត តែ​បែរ​ជា​ជនជាតិ​បរទេស​ទាំង​នេះ​មាន​ឈ្មោះ មាន​ឯកសារ​គ្រប់​គ្រាន់ អាច​បោះឆ្នោត​បាន​ទៅ​វិញ»។
លោក ម៉ៅ សារឿន នាយ​ប៉ុស្តិ៍​នគរបាល ស្ទឹងមានជ័យ បាន​បដិសេធ​ដំណឹង​នេះ ហើយ​អះអាង​ថា ពុំ​មាន​ជនជាតិ​វៀតណាម​ណា​ម្នាក់​វាយ​ព្រះសង្ឃ​ដូច​ការ​អះអាង​ឡើយ។ លោក​បញ្ជាក់​ថា ព្រះសង្ឃ​ខាង​លើ​គឺជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​និង​បាន​ប៉ះទង្គិច​ជាមួយ​អ្នក​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ ទោះ​យ៉ាង​ណា លោក​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ឡើយ។
លោក​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា រហូត​មក​ទល់​នឹង​ពេល​នេះ មិន​មាន​ព្រះសង្ឃ​អង្គ​ណា ត្រូវ​ចាប់​ឃាត់​ព្រះ​កាយ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា និង​ការ​ដុត​បំផ្លាញ​រថយន្ត​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នោះ​ឡើយ។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា ឥឡូវ​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ចាត់​វិធានការ និង​ស្រាវជ្រាវ​ពី​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​ដើម្បី​ចាប់​ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

No comments:

Post a Comment

yes