មន្ត្រីគណបក្សសង្គ្រោះជាតិនៅតែបញ្ជាក់ជាថ្មីថា គណបក្សនេះនឹងជួបជាមួយអ្នកគាំទ្ររបស់ខ្លួនមួយម៉ឺននាក់តាមគម្រោងនាទីក្រុងភ្នំពេញ នៅរសៀលថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៣។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ គឺលោក យឹម សុវណ្ណ ថ្លែងថា ការជួបប្រជុំគ្នានេះ មិនមែនជាការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតទេ ទោះជាការបង្កើតគណៈកម្មការចំពោះកិច្ចពិនិត្យមើលភាពមិនប្រក្រតីនៃការបោះឆ្នោតនៅខ្វែងគំនិតគ្នាក៏ដោយ៖ «ការជួបនេះ គឺជាការជួបដើម្បីថ្លែងអំណរគុណម្ចាស់ឆ្នោត ជួបដើម្បីបញ្ជាក់ជំហរគណបក្សសង្គ្រោះជាតិ ចំពោះលទ្ធផលនៃការបោះឆ្នោត។ យើងមិនទាន់ឈានទៅដល់ការធ្វើបាតុកម្មទេ។ យើងប្រឹងប្រែងដោះស្រាយឱ្យអស់ពីសមត្ថភាព ដោះស្រាយតាមសន្តិវិធី តាមរយៈការបង្កើតគណៈកម្មការដើម្បីចរចារកដំណោះស្រាយរួមមួយដែលភាគីទាំងអស់ទទួលយកបាន»។
លោកមានប្រសាសន៍ថា ការជួបប្រជុំគ្នានេះ មិនគួរមានបញ្ហាអ្វីដល់សាលារាជធានីភ្នំពេញទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡង ឌីម៉ង់ ថ្លែងបញ្ជាក់នៅល្ងាចថ្ងៃទី៥ សីហាថា អាជ្ញាធរសាលារាជធានី និងតំណាងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ បានជួបពិភាក្សា និងសម្រេចគ្នាហើយលើគម្រោងជួបប្រជុំមហាជនចំនួន ១ម៉ឺននាក់នោះ។
លោកបន្តថា ការជួបប្រជុំមនុស្សច្រើនបែបនេះ គឺជាការព្រួយបារម្ភអំពីសុវត្ថិភាព ហើយនៅក្នុងពេលរង់ចាំការណែនាំពីក្រសួងមហាផ្ទៃ លោករំពឹងថា ទំនងជាមិនមានបញ្ហាអ្វីចំពោះសំណើសុំជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិទេ។
នៅថ្ងៃចន្ទ ទី៥ សីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា លោកមិនដឹងពីលទ្ធផលនៃជំនួបរវាងគណបក្សសង្គ្រោះជាតិ និងមន្ត្រីសាលារាជធានីភ្នំពេញ នៅឡើយទេ។ ប៉ុន្តែលោកជូនយោបល់ថា ការថ្លែងអំណរគុណ មិនទាន់ហួសពេលទេ៖ «នៅពេលវេលាច្រើនណាស់ ព្រោះថាពេលនេះ មិនទាន់ប្រកាសលទ្ធផលផង ទើបតែប្រកាសលទ្ធផលបឋម។ ដូច្នេះ វានៅសល់ការប្រកាសលទ្ធផលបណ្ដោះអាសន្ន និងប្រកាសលទ្ធផលផ្លូវការ។ អ៊ីចឹងពេលវេលាដូចជាមិនទាន់ហួសទេ គឺច្រើនណាស់»។
ទាក់ទងនឹងបញ្ហានេះដែរ លោកមានប្រសាសន៍បន្តថា ការធ្វើអ្វីៗ ត្រូវគិតពីសន្តិវិធី សន្តិភាព ដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ហើយការវិនិយោគ ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណើរការទៅមុខជាធម្មតា៕
No comments:
Post a Comment
yes