សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

ក្រុមហ៊ុនមិតហ្វូនបិទ​សេវាហ្វេសប៊ុកកន្លះ​ថ្ងៃ


 ក្រុមហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ​និង​អ៊ីនធឺណិត មិតហ្វូន របស់ វៀតណាម បាន​កាត់​ផ្តាច់​មិន​ឲ្យ​ប្រើ​ប្រាស់​បណ្តាញ​សង្គម ហ្វេសប៊ុក ដែល​កំពុង​មាន​ការ​ពេញ​និយម អស់​រយៈ​ពេល​មួយ​ព្រឹក កាល​ពី​ម្សិលមិញ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់។
អ្នក​បម្រើ​សេវា​ម្នាក់ របស់​ក្រុមហ៊ុន បាន​និយាយ​ថា ក្រុមហ៊ុន កំពុង​រៀបចំ​ប្រព័ន្ធ​របស់​ខ្លួន តែ​មិន​អាច​បញ្ជាក់​ថា ពេល​ណា​ប្រើ​បាន​វិញ​ឡើយ​។ បុរស​បម្រើ​សេវា​លើក​ទូរស័ព្ទ​អតិថិជន​និយាយ​ថា ៖ «ខ្ញុំ​អត់​ដឹង​ដែរ​បង ខាង​ក្រុមហ៊ុន​គ្រាន់​តែ​ប្រាប់​ថា អាប់ដេត ស៊ីសស្ទែម (ធ្វើ​បច្ចុប្បន្នភាព​លើ​ប្រព័ន្ធ) អ៊ីចឹង​ប្រើ​អត់​បាន​ទេ ហ្វេសប៊ុក តែ​វេប​ផ្សេង​ប្រើ​បាន​ធម្មតា ហើយ​យើង​ក៏​មិន​ដឹង​ម៉ោង​ប៉ុន្មាន ឬ​ប៉ុន្មាន​ថ្ងៃ​ដែរ ដែល​គេ​បិទ»។
ប៉ុន្តែ ក្រោយ​មក បន្ទាប់​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់ ក្រុមហ៊ុន​ក៏​បាន​ឲ្យ​ដឹង​ជា​ថ្មី​ថា ខ្លួន​បាន​បើក​ឲ្យ​ដំណើរការ ហ្វេសប៊ុក វិញ​ហើយ។
សន្ទុះ​អ្នក​ប្រើ​ប្រាស់ ហ្វេសប៊ុក កំពុង​មាន​កំណើន​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​អំឡុង​នៃ​ដំណើរការ​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​នេះ ដែល​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ជា​យុវជន បាន​ធ្វើ​ការ​បញ្ចេញ​មតិ បង្ហោះ​រូបភាព ចំពោះ​សភាព​ការណ៍​វិវត្តន៍​ពី​ស្ថានការ​នយោបាយ ឬ​បញ្ហា​សង្គម​ផ្សេងៗ ជា​ពិសេស ភាព​អយុត្តិធម៌ ក្នុង​សង្គម អំពើ​ពុករលួយ ការ​រំលោភ​បំពាន​ដីធ្លី​និង​បញ្ហា​ជា​ច្រើន​ទៀត រួម​ទាំង​ព្រឹត្តិការណ៍​ថ្មីៗ ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ផង​ដែរ។

លោក ង៉ែត ម៉ូសេ អ្នក​ប្រើ​ប្រាស់ ហ្វេសប៊ុក ម្នាក់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា នៅ​ពេល​ដែល​ពលរដ្ឋ មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់ និង​គ្រប់​ជ្រុង​ជ្រោយ គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ពី​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក សន្ទុះ​នៃ​ការ​ប្រើ​បណ្តាញ ហ្វេសប៊ុក កើន​ឡើង ហើយ​យុវជន ក៏​នាំ​គ្នា​ចែក​រំលែក​នូវ​ព័ត៌មាន គំនិត ឬ​ការ​យល់​ឃើញ​ផ្សេងៗ​របស់​ខ្លួន​ពី​ស្ថានភាព​នយោបាយ ឬ​សង្គម​។
លោក​និយាយ​ថា៖ «ធម្មតា​ពេល​មាន​រឿង​ពិត​កើត​ឡើង ដែល​យើង​បាន​ជួប​ប្រទះ យើង​អាច​យក​មក​បង្ហោះ​ក្នុង ហ្វេសប៊ុក ដើម្បី​ចែក​រំលែក​គ្នា​មើល»។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏​ដូចជា​ក្រសួង​ព័ត៌មាន ធ្លាប់​បាន​ណែ​នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់ ហ្វេសប៊ុក នេះ ប្រកប​ដោយ​ក្រម​សីលធម៌ និង​មាន​ការ​ទទួល​ខុស​ត្រូវ ដោយ​ចៀសវាង​ការ​ផ្សាយ​ណា​មួយ ដែល​មាន​លក្ខណៈ​អុជ​អាល នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​គ្រប់​រូបភាព។
បើ​តាម​ទិន្នន័យ​ពី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ ២០១២ ប្រទេស​កម្ពុជា មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ចំនួន​ជាង ២ លាន ៧ សែន​នាក់ នៅ​ទូទាំង​ប្រទេស ហើយ​កម្ពុជា ជា​ប្រទេស ទី៩៤ ដែល​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ ហ្វេសប៊ុក ច្រើន​ជាង​គេ គឺ​មាន​ចំនួន​ជាង ៦៣ ម៉ឺន​នាក់។
មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឡើយ​កាល​ពី​ម្សិលមិញ៕

No comments:

Post a Comment

yes