សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 30, 2013

គណបក្សប្រឆាំង​បង្វឹក​ក្រុមគ្រប់គ្រង​បាតុករ

130830_4
សកម្មជនគណបក្សសង្គ្រោះជាតិជួបជុំគ្នានៅស្នាក់ការធំគណបក្សម្សិលមិញ
 គណ​បក្ស​សង្គ្រោះ ជា​តិ ​បា​នធ្វើ​​ការ​បណ្តុះបណ្តាល​ក្រុម ​ការងារ​របស់​ខ្លួន​អំពី​វិធី​គ្រប់គ្រង​បាតុករ ​ដើម្បី​បញ្ចៀស​ការ​បង្ក​ភាព​វឹកវរ​ណា​មួយ​ ហើយ​ប្រកាស​ថា នឹង​ធ្វើ​បាតុកម្ម​សាកល្បង​ពីរ​លើក​នៅ​មុន​ថ្ងៃ​កំណត់​ធ្វើ​មហាបាតុកម្ម​ទី​៧ ខែ​កញ្ញា​។
គណបក្ស​ប្រឆាំង បាន​ប្រ​កាស​​​កាលពី​ម្សិល​មិញ​ថា ​ខ្លួន​នឹង​រៀបច​ំ​ឲ្យ​មាន​ការ​សាក​ល្បង​បាតុ​កម្មចំ​នួន​ពីរលើក​នៅថ្ងៃទី​១ ​និង​ទី​៥ ខែ​កញ្ញា ​«ដើ​ម្បីធានា​ឲ្យ​បាន​នូវ​បាតុកម្ម​អហិង្សា ​និង​ទប់​ស្កាត់ការ​បង្ក​ចលា​ចល​ ពី​ក្រុម​ជន​ខិលខូច»​។
ការ​បណ្តុះ​បណ្តាល​​ម្សិល​មិញ​ ដែល​មាន​ការ​សហ​ការ​ជា​មួយ​អង្គ​ការ​ក្នុ​ងស្រុក​ នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ ក្នុង​សង្កាត់​​ចាក់​អង្រែ ​ខណ្ឌ​មាន​ជ័យ មិន​បាន​អនុ​ញ្ញាត​​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ចូល​យក​ព័ត៌​មាន​ឡើយ​នៅពេល​ពួកគេ​ទៅ​ដល់​ទីនោះ​ ហើយ​ត្រូវ​លោក​ស្រី ​ជូ ​ឡុង​សូមូ​រ៉ា តំ​ណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ​ជា​ភរិយា​លោក ស​ម ​រង្ស៊ី ​ប្រាប់​មកអ្នក​កាសែ​ត​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ទឹក​មុខ​មាំ​ថា ​«នេះ​ជា​កម្មវិធី​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ អ្នក​កាសែត​មិន​ត្រូវ​បាន​អញ្ជើញ​ឡើយ​»

គម្រោង​ធ្វើ​បាតុ​កម្ម​អហិង្សា​របស់​បក្ស​ប្រឆាំង​ កំណត់​យក​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ មុន​ការ​ប្រកាស​លទ្ធផល​របស់​គ​ណៈ​​​ក​ម្មា​ធិ​កា​រ​ជាតិ​រៀប​ចំ​​កា​រ​​បោះ​ឆ្នោ​ត(គ.ជ.ប)​​ ដើម្បី​ទាម​ទារ​​ឲ្យ​​បង្កើត​គណៈ​កម្មការ​ពិសេស​ ដោះ​ស្រាយ​ភាព​មិន​ប្រក្រ​តី​ លើ​​ការ​​បោះ​ឆ្នោត​ ដែល​គណ​បក្ស​នេះ​យល់​ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា មិន​មាន​សុច្ឆន្ទៈ​ក្នុង​ការ​បង្កើត​ឡើយ។
មិន​តែ​ប៉ុណ្ណោះ​អគ្គ​នាយក​ហិរញ្​ញ​វត្ថុ​នៃ​គណ​បក្ស​សង្គ្រោះ​ជា​តិ លោក ​គី ​វណ្ណ​ដារ៉ា ​បាន​​អំពាវនា​វតាម​លិខិត​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ​ទៅ​កាន់​​អ្នក​គាំ​ទ្រនិង​សប្បុរស​ជន​​ដែល​ជាអ្នក«​ស្រ​ឡា​ញ់​​យុត្តិធ​​ម៌​និង​ប្រជា​ធិប​ តេយ្យ​» សុំឲ្យ​ចូល​រួម​ផ្តល់​ថវិកា​ ដល់​ការ​ប្រ​ព្រឹត្ត​ទៅ​នៃ​មហា​បាតុ​ក​ម្មថ្ងៃ​៧ ខែ​កញ្ញា​ខាងមុខនេះ​។
លោក ​គី ​វណ្ណ​ដារ៉ា​ បញ្ជាក់​ថា៖​«គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​បន្ត​កិច្ចការ​របស់​ខ្លួន​ក្នុងការ​ទាម​ទារ​និង​តវ៉ា​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ទាក់ទង​ដល់​ភាព​មិន​ប្រ​ក្រ​តី​ទាំង​ឡាយ​ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ តាម​រយៈ​ការ​ធ្វើ​មហា​បាតុ​កម្ម​អហិង្សា​ប្រឆាំង​លទ្ធ​ផល​នៃការ​បោះ​ឆ្នោត​»។
ប៉ុន្តែ​ អា​ជ្ញាធរ​រា​ជធានី​ភ្នំពេញ​កំពុង​ក្រើន​រំឭក​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ឲ្យគ្រប់​គ្រង​ចំនួន​​អ្នក​ចូល​រួម​ក្នុង​ការ​ប្រ​មូល​ផ្តុំ​នេះ​ឲ្យ​បាន​ប្រសើរ​កុំ​ឲ្យមា​នក​រណី​ដូច​ការជុំ​គ្នា​​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​កាល​ពីដើម​សប្តាហ៍​នេះ ​ដែល​ធ្វើ​ឲ្យ​សមត្ថ​កិច្ច​មានការ​បារម្ភ​ ពី​ការ​បង្ក​ឲ្យ​មាន​អសន្តិ​សុខ​ជាយ​ថា​ហេតុ​ណា​មួយ ​នា​ពេល​ជួប​ជុំ​ក្រោយ​ទៀត​។
លោក​​ប៉ា ​សុជាតិ​វង្ស​អភិបា​ល​​រាជ​ធានី​ភ្នំពេញ​ពី​ម្សិល​មិញ ​បាន ជម្រា​បជូន​តាម​លិខិត​មួយ​ទៅ​គណ​បក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​​ពី​​«ការ​សោក​ស្តាយ»​ចំពោះ​​គណ​បក្ស​នេះ​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​​អនុវត្ត​តាម​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​រវាង​អាជ្ញា​ធរ​រាជ​ធានី​និង​តំណាង​គណ​បក្ស​ កាល​ពីថ្ងៃ​ទី២៣​ ខែសីហា​ ដែល​កំណត់​ថា មនុស្ស​ចូល​រួម​ការ​ជួប​ជុំ​នៅទី​លាន​​ប្រជា​ធិប​តេយ្យ​នា​ថ្ងៃ​ទី​២៦ ​ខែសីហា​ និង​គ្មាន​​ការអ​ញ្ជើញ​មនុស្ស​ពី​តាម​ខេត្ត​ ហើយ​តា​ម​ការ​រា​យ​កា​រ​ណ៍​​​មា​ន​កា​រ​«​​កើន​លើស​ពី​ការកំ​ណត់​ រហូ​តដ​ល់ជិ​ត​២​ម៉ឺន​នាក់»។
លោក​​អភិបាល​កត់​សម្គាល់​​ថា​​៖ «ជាក់​ស្តែង​ប្រជាព​លរដ្ឋ​​នៅ​តាម​បណ្តា​ខេត្ត​ ក៏​ត្រូវ​គេ​​អញ្ជើញ​ឲ្យ​ចូលរួម...​ប្រការ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​ព្រឹត្តិ​ការណ៍​ជួប​ជុំ​សមា​ជិក​គាំទ្រ​បាន​ តែ​ពិត​ជា​គ្មាន​លទ្ធ​ភាព​គ្រប់​គ្រង​និង​កម្រិត​ចំនួន​អ្នក​​ចូលរួម​បាន​ឡើយ​ ជាហេតុ​បង្ក​ឡើង​នូវ​ក្តី​បារម្ភ​ដល់​ប្រជា​ពលរដ្ឋ​ អំពី​ស្ថានភាព​អា​ក្រក់​ជា​យថា​ហេតុ​ណាមួយ​ ដែល​អា​ច​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ជួប​ជុំ​គ្នា​លើក​ក្រោយៗ​ទៀត​ និង​ឈាន​ទៅ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សុវត្ថិ​ភាព​សង្គម​យ៉ាង​ធ្ងន់ធ្ងរ​»។
សាលា​រាជ​ធានី​សូម​ ៖​«ស្នើ​ឲ្យ លោក​​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ឡើង​ វិញនូវ​​ចំ​ណា​ត់​​​ការ​​ទាំង​ឡាយ ​របស់​​ខ្លួន​ឲ្យ​បាន​ច្បាស់​​លាស់​ និង​​មានការ​ទទួល​ខុសត្រូវ​ខ្ពស់​ដើម្បី​ឲ្យ​ការ​ជួបជុំ​សម្តែង​មតិ​នា​នា​ពេល​ក្រោយ​ទៀត​ អនុវត្ត​ស្រប​តាម​ច្បាប់​ស្តី​ពី​បាតុកម្ម​ដោយ​សន្តិវិធី​និង​គោល​ការណ៍​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ដែល​ចែង​ក្នុង​ច្បាប់​ជា​ធរមាន​»។
លោក ​ឡុង ​ឌីម៉ង់​ អ្នក​នាំពាក្យ​សាលារាជ​ធានី​ភ្នំពេញ​ ឲ្យ​ដឹង​បន្ថែម​កាលពី​ម្សិលមិញ​ថា ទោះ​ជា​ឮពី​ការ​ប្រ​កាស​បា​តុកម្ម​របស់​បក្ស​ប្រឆាំង ក៏​សាលា​រាជ​ធានី​ មិន​ទាន់​បាន​ទទួល​លិខិតសុំ​ច្បាប់​ធ្វើ​បាតុកម្ម​ផ្លូវការ​នៅ​ឡើយ​។
លោក​ក៏​បញ្ជាក់​លើ​​លិខិត​អភិ​បាល​រាជ​ធានី​ខាង​លើថា​ នេះ​ គ្រាន់​ជា​ការ​ក្រើន​រំឭក​ដល់​បក្ស​ប្រឆាំង​ឲ្យ​ធ្វើ​អ្វី​មួយ​គិត​គូរ​នូវ​ប្រ​យោជន៍​ជាតិ​ជាធំ​ ព្រោះ​សមត្ថ​កិច្ច​មានការ​បារម្ភពី​អសន្តិសុខ​ នៅ​ពេល​មាន​កម្លាំង​ជា​ច្រើន​ហើយ​បក្ស​ប្រឆាំង​មិន​អាច​គ្រប់​គ្រង​បាន​ លើស​ពី​ចំនួន​កំណត់​ក្រោម​១ម៉ឺន​នាក់​។
លោក​បន្ត​ថា៖ ​«អភិ​បាល​ថា ​កុំ​ឲ្យ​នាំ​កម្លាំង​ចូល​ពី​ខេត្ត​ តែ​គាត់​នាំចូ​ល​ក្នុង​លក្ខណៈ​ចាត់​តាំង​។ នេះ​សុទ្ធ​តែ​ល្មើ​ស​នឹ​ង​​​ការ​អនុវត្ត​តាម​កំណត់​ហេតុ​កិច្ច​ប្រជុំ​ដែល​ឯកភាព​គ្នា​។ គាត់​មាន​លទ្ធ​ភាព​ប្រមូល​ផ្តុំ​តែ​អសមត្ថ​ភាព​ក្នុង​ការ​គ្រ​ប់​គ្រង​កម្លាំង​។ ​គាត់​មិន​ត្រឹមបង្ក​ការ​ព្រួយ​បារម្ភ​ដល់​សមត្ថ​កិច្ច​ទេ តែ​ដល់​ពលរដ្ឋ​ផងដែរ​។ ចុះបើថ្ងៃ​ណា​គាត់​ប្រមូលកម្លាំង​ច្រើន​ជាង​នេះ ​តើពល​រដ្ឋ​ព្រួយ​យ៉ាង​ណា​ទៅ ​អាជីវ​ករ ​ពាណិ​ជ្ជ​ករ​នឹង​គិត​យ៉ា​ងម៉េច​?»។
នៅ​ពេល​មាន​សភាព​តាន​តឹង​នយោ​បាយក្រោយ​ការ​បោះ​ឆ្នោត​ កម្លាំង​ប្រដាប់​អាវុ​ធរបស់​រដ្ឋាភិបាល​ត្រូវ​បាន​ដាក់ពង្រាយ​រាប់​រយ​នាក់​ ​និង​មាន​ការ​ប្រុង​ជើង​ការ​ខ្ពស់​ចំពោះ​ការ​បង្ក​ភាព​វឹក​វរ ​ចៃដន្យ​ណា​មួយពី​ក្រុម​ប្រឆាំង​លទ្ធ​ផល​បោះ​ឆ្នោត​។
ចំណែក​គណ​បក្ស​ប្រជា​ជន​កម្ពុជា ក៏​បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍ពី​ម្សិល​មិញ​ អំពា​វនាវ​ឲ្យ​បក្ស​ប្រ​ឆាំង​ត្រូវ​តម្កល់​ប្រយោ​ជន៍ ​ជាតិ​ជាធំ ​ហើយ​ថា​ ខ្លួន​នៅ​តែ​ត្រៀម​បន្ត​ជួប​ចរចា។
លិខិត​​នោះ​បញ្ជាក់​​ថា៖​«ប្រ​កា​រ​​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រ​កាស​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ ប្រឆាំង​លទ្ធ​ផល​នៃ​ការ​បោះឆ្នោ​ត​​មុន​ការ​ប្រកាស​លទ្ធផល​ផ្លូវកា​រ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់នៅ​ក្នុងសុខ​សន្តិភាព​របស់​ប្រជា​ពលរដ្ឋ​ និង​ជា​ការ​ប្រឆាំង​ឆន្ទៈ​ពលរដ្ឋ​តាម​រយៈ​សន្លឹក​ឆ្នោត​ ហើយ​ជា​ចេតនា​បំផ្លាញ​ការ​បោះឆ្នោត​មួយ​ដែល​សាធារណ​មតិ​ជាតិ​ និង​អន្តរជាតិ​ បាន​វាយ​តម្លៃ​ថា ជា​ការ​បោះឆ្នោត​ប្រ​កប​ដោយ​លក្ខណៈ​សេរី​ មាន​សន្តិភាព​ និង​តម្លា​ភាព»។
លោក ជាម ​យៀប ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​មហាបា​តុ​ក​ម្ម​របស់​បក្ស​ប្រ​ឆាំង​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ​ មិន​អាច​ជា​ចំណុច​គន្លឺះ​ដោះ​ស្រាយ​បញ្ហា​បាន​ឡើយ​ ហើយ​គ​ណបក្ស​ប្រ​​ជា​ជន​នៅ​តែ​បើក​បន្ត​ឲ្យ​មានការ​ចរចា តាម​ថ្នាក់​ដឹកនាំ​។ លោក​បន្ត​ថា ៖ យើ​ង​ត្រៀម​ជានិច្ច​ឲ្យ​មានការ​ចរចា​ដើម្បី​បន្ត​នូវ​សន្តិភាព​ ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​ ប៉ុន្តែ​ ការ​ចរចាត្រូវ​ផ្អែក​លើ​លទ្ធ​ផល​ គ.ជ.ប ព្រោះ​ច្បាប់​ប្រ​គល់​សិទ្ធិ​ពេញ​លេញ​ដល់​គ.ជ.ប​​»​។
អំពីការ​ធ្វើ​បាតុ​កម្ម​ លោក​ថា ​រដ្ឋាភិ​បាល​មាន​វិធាន​ការ​ទប់​ស្កាត់​បាតុ​កម្ម​ដែល​បង្ក​ជា​ហិង្សា​ហើយ​រំពឹង​ថា បក្ស​ប្រឆាំង​នឹ​ងធ្វើ​តាម​ច្បាប់​ស្តី​ពី​បាតុ​កម្ម​៕

No comments:

Post a Comment

yes