សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 11, 2013

ធម្មិកោ៖ហ៊ុនសែននិង​ជាមយៀបធ្លាប់​គម្រាម​របប​រាជានិយម​

ស្ថាប័នព្រះមហាក្សត្រ គឺជាស្ថាប័នកំពូលមួយរបស់ជាតិ ដែលមានលក្ខណៈឯករាជ្យ អព្យាក្រិត្យ ដែលគ្មាននរណាអាច​រំលោភបំពានបានឡើយ។ តែនាពេលកន្លងមក ស្ថាប័នដែលជាទីគោរព​សក្ការៈ របស់ប្រជាជនខ្មែរមួយនេះ ត្រូវបានអ្នក​នយោបាយខ្មែរជាច្រើន មានលោក ហ៊ុន សែន និងលោក ជាម យៀម ជាដើម ហាក់មិនបានឲ្យតម្លៃនោះទេ ថែមទាំង​គម្រាមចង់ផ្តួលរំលំរបបរាជា​និយមទៀតផង។ នេះបើតាមការលើកឡើង របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះរាជ​លេខា​ផ្ទាល់របស់ព្រះមហាវីរក្សត្រ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត samjamphoto.com)
«កម្ពុជាគឺជាប្រទេសកម្មុយនីស គ្រប់ស្ថាប័នទាំងអស់ គឺជាស្ថាប័នរបស់បក្ស»។ នេះគឺជាបន្ទូលរបស់ខ្សែស្រឡាយរាជវង្ស​មួយអង្គដែលហ៊ានប្រកាសខ្លួនជាសាធារណៈ ចូលរួមប្រ​ឡូក​ក្នុងឆាកនយោបាយ ជាមួយគណបក្សប្រឆាំងគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅក្នុងវេទិកា​អ្នកស្ដាប់​វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអង្គារទី១០ខែកញ្ញា ម្សិលមិញ។ អ្នកនយោបាយ​និង​ជាអតីត​ព្រះរាជលេខាផ្ទាល់សម្តេចឪអង្គនេះ បានធ្វើការអត្ថាធិប្បាយ ដោយផ្អែកទៅលើទ្រឹស្តីកុម្មុនីស​របស់​លោក ម៉ាក ឡេនីន ដែលថា ប្រទេសកុម្មុនីសគឺជាប្រទេសដែល គ្រប់ស្ថាប័នទាំងអស់ គឺជាស្ថាប័ន​របស់​បក្សតែមួយគត់។ ដូច្នេះ​បច្ចុប្បន្ន កម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាពបែបនេះដែរ ដោយរាប់ទាំង​ស្ថាប័នរបស់ព្រះមហាក្សត្រផង ក៏ជាស្ថាប័នរបស់បក្ស ពោលគឺ​គណបក្ស​ប្រជាជនកម្ពុជាតែម្តង។


ព្រះអង្គ ធម្មិកោ បានមានបន្ទូល ហាក់ចង់សុំឲ្យពលរដ្ឋខ្មែរ យល់អំពីព្រះទ័យរបស់ព្រះមហាក្ស​ត្រផង ពោលគឺព្រះអង្គ​ក៏​មានសម្ពាធដែរ មិនមែនព្រះអង្គមិនចង់ធ្វើនោះទេ។ ត្រង់ចំណុចនេះ ព្រះអង្គ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់ថា ប្រសិនបើ​ព្រះមហាក្សត្រនៅតែសម្រចព្រះទ័យធ្វើ​កិច្ចការណា​មួយ ដែលផ្ទុយពីការចង់ បានរបស់គណបក្សប្រជាជនកម្ពុជា ស្ថាប័ន​របស់ព្រះមហាក្សត្រទាំងមូល ដែលព្រះអង្គទទួលមរតកពីព្រះបិតា ពោលគឺទទួលរាជបល្ល័ង្គសោយរាជ្យ​បន្តពីព្រះបិតា​របស់​ព្រះអង្គ ត្រូវតែរក្សាឲ្យបានគង់វង់។

ខ្សែរាជវង្សដែលធ្លាប់ត្រូវលោក ហ៊ុន សែន គម្រាមឲ្យទិញក្តារម្ឈូសទុកអង្គនេះ បានលើកយក​ទឡ្ហីករណ៍ ដោយផ្អែក​ទៅ​លើសារព្រមានចង់ផ្តួលរំលំរបបរាជានិយម ពីសំណាក់ឥស្សរជននយោ​បាយ​ខ្មែរ​ក្នុងគណបក្សប្រជាជនកម្ពុជាពីររូប រួម​មានលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង​លោក ជាម យៀប មន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ដែលបានគម្រាម​ព្រះមហាក្សត្រកាលពីឆ្នាំ ២០០៥ កន្លងទៅនៅព្រលាន​យន្តហោះអន្តរជាតិពោធិ៍ចិនតុង បន្ទាប់ពី លោក ហ៊ុន សែន ត្រលប់មកពីប្រជុំនៅវៀតណាមវិញ ទាក់ទងនឹងសន្ធិសញ្ញា​ព្រំដែនកម្ពុជា- វៀតណាម ថា ប្រសិនបើ​ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី មិនព្រមឡាយព្រះហស្ថលេខា​ចំពោះ​សន្ធិសញ្ញា នេះទេ ត្រូវតែគិតគូយករបប​សាធារណរដ្ឋមកវិញ។ ចំណែកលោក ជាម យៀប វិញ បានព្រមានចំពោះ ព្រះមហាក្សត្រកាលពីឆ្នាំ ២០០៦ ខែវិច្ឆិការ កន្លងទៅដែរថា គណបក្ស​ប្រជាជនកម្ពុជា យកលទ្ធិរាជាធិបតេយ្យមកបាន ចង់លុបវិញពេលណាក៏បានដែរ។

នៅក្នុងន័យនេះ ព្រះអង្គ ធម្មិកោ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធទាំងអស់ស្ថិតនៅក្រោមក​ណ្តាប់ដែក របស់បក្ស​កាន់អំណាច ពោលគឺនៅក្នុងកណ្តាប់ដៃ របស់លោក ហ៊ុន សែន តែម្តង ហើយ​ប្រសិនបើព្រះមហាក្សត្រលោក​នៅតែមិន​ ធ្វើតាមការគម្រាមរបស់គណបក្សប្រជាជនទេនោះ រដ្ឋប្រហាររបបរាជានិយមអាចនឹងកើតឡើង ដោយគ្មាននរណាអាច​ជួយបានឡើយ។ 

ហេតុនេះហើយ វាជារឿងពិបាកណាស់សម្រាប់ព្រះមហាក្សត្រផ្ទាល់ ដែលពលរដ្ឋត្រូវតែយល់ផង។ ព្រះអង្គម្ចាស់បានមានបន្ទូលយ៉ាងខ្លីថា នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ គេមិនបាច់យកច្បាប់មក​និយាយនោះទេ ព្រោះ​មហាក្សត្រលោកក៏មានរឿងពិបាករបស់ព្រះអង្គដែរ។

ក្នុងកម្មវិធីវិទ្យុដដែលនោះ លោក បណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ព្រះមហាក្សត្រមិនមែនកើតឡើង ដោយការលើកបន្តុកនោះទេ ព្រះមហាក្ស​ត្រ​មិនអាចនៅស្ញៀមបានឡើយ ព្រះអង្គ​ត្រូវតែបំពេញតួនាទីតាមមាត្រា ៨ និងមាត្រា ៩ ព្រោះព្រះអង្គ​គឺជាម្លប់សម្រាប់ប្រជាជនកម្ពុជា បើសិនជាព្រះអង្គ​នៅម្លប់​តែក្នុងវាំងនោះ តើប្រជាជនបានម្លប់​ឯណា​ជ្រកទៅ ។ អ្នកវិភាគនយោបាយឯករាជ្យរូបនេះ បានជម្រុញឲ្យព្រះមហាក្សត្រ កុំឲ្យមានការ​ភ័យខ្លាចថា នៅក្រោមសម្ពាធគណបក្សប្រជាជន ព្រះអង្គមិនហ៊ានចេញព្រះភ័ក្រដោះស្រាយ​បញ្ហា​ប្រទេស​ជាតិនោះ គឺព្រះអង្គត្រូវតែចេញព្រះភ័ក្រនៅក្នុងបញ្ហានេះ មិនអាចស្ថិតនៅក្រោម​សម្ពាធ​បក្សប្រជាជនដូច្នេះទេ។

លោក សុខ ទូច បានបញ្ជាក់ថា ប្រជាជនខ្មែរយល់ច្បាស់ណាស់ថា កម្ពុជាមានស្តេច។ ដូច្នេះបើ​ព្រះអង្គ​ទទួលការរំលោភ​បំពាន​ពីខាងណានោះ ព្រះអង្គមានប្រជាជនការពារ ប្រជាជនគឺជាកងទ័ព ប្រជាជនគឺស្ពាន ដែលអាចការពារព្រះអង្គបាន។ ម្លោះហើយ លោកសុំឲ្យព្រះមហាក្សត្រ ទ្រង់កុំមានការភ័យខ្លាចអ្វីទាំងអស់។ លោក សុខ ទូច បង្ហាញក្តីសង្ឃឹមថា នៅពេល ឆាប់ៗខាងមុខ ព្រះមហាក្សត្រអាចនឹងកោះហៅឥស្សរជននយោបាយទៅចូលគាល់ ដើម្បីរកដំណោះស្រាយជុំវិញ​ការ​ជាប់គាំងនយោបាយនេះ។

ទាក់ទងនឹងបញ្ហានេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការធ្វើការអត្ថាធិប្បាយបានទេ ពីសំណាក់ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ ចំណែកលោក ឈាង វុន មន្រ្តីជាន់ខ្ពស់បក្សប្រជាជនដែរនោះ សុំមិន​ធ្វើការអត្ថាប្បាយនោះទេជុំវិញបញ្ហានេះ ដោយលោក​បញ្ជាក់ថា ទុកឲ្យលោក ជាម យៀប ជាអ្នកបកស្រាយទៅ ព្រោះ​កាលពីឆ្នាំ២០០៥ ២០០៦ លោក​មិន​​ទាន់មករស់នៅក្នុងប្រទេសកម្ពុជានៅឡើយ។

សូមបញ្ជាក់ថា នៅក្នុងមាត្រា ៧ នៃរដ្ឋធម្មនុញ្ញវាក្យខណ្ឌទី២ បានចែងថា អង្គព្រះមហាក្សត្រ មិន​អាចនរណា​រំលោភបំពាន​បានឡើយ។ មាត្រា ៨ ចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្ត​រូបនៃ​ឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការ​គោរព​សិទ្ធិ និងសេរីភាព​របស់​ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ មាត្រា ៩ ចែងថា ព្រះមហាក្សត្រ ទ្រង់មាន​តួនាទី​ខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់៕

No comments:

Post a Comment

yes