ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃចន្ទនេះ ដែលជាថ្ងៃបិណ្ឌ១០នៃពិធីបុណ្យភ្ជុំបិណ្ឌ នឹងធ្វើពិធីបង្សុកូលជូនជនរងគ្រោះដែលបានពលី នៅមុខអតីតមន្ទីររដ្ឋសភា ក្នុងព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃទី៣០មិនាឆ្នាំ១៩៩៧។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា នៅព្រឹកម៉ោង៨ លោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងធ្វើពិធីបង្សុ កូលក្នុងគោលបំណងគោរពវិញ្ញាណក្ខ័ន្ធវីរបាតុករ ដែលបានបាត់បង់ជីវិតដោយអំពើវាយប្រហារដោយគ្រាប់បែក។
គណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃ០៦ខែតុលា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ ធ្វើជាមិទ្ទិញមហាជន ដែលនឹងប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យ ដើម្បីបង្ហាញជំហររបស់គណបក្ស ក្រៅរដ្ឋាភិបាលមួយនេះ ជូនមហាជនជាម្ចាស់ឆ្នោត។
ចំណែកនៅថ្ងៃទី២៣តុលា គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ចាប់ពីម៉ោង៣ដល់ម៉ោង៦ល្ងាច ដើម្បីយកញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ១៩៩១ តាមរយៈតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ មហាបាតុកម្ម ក៏ទាមទារឲ្យមានការគោរពសន្ធិសញ្ញាទីក្រុងប៉ារីស ២៣តុលា ១៩៩១ ឲ្យបានពេញលេញ។
កន្លងទៅគណបក្សសង្គ្រោះជាតិ(CNRP) ធ្លាប់ប្រកាសថា ខ្លួននឹងធ្វើមហាបាតុកម្មលើកទីបីរបស់ខ្លួន ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការ បោះឆ្នោត បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា គម្រោងមហាបាតុកម្មនេះលែងមានន័យក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៥ខែកញ្ញា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនគោរពតាមឆន្ទៈប្រជាពលរដ្ឋ លោកនឹងអំពាវនាវទៅកាន់កម្មកររោងចក្រ មន្ដ្រីរាជការ និងអាជីវករ ឲ្យធ្វើការកូដកម្មមួយថ្ងៃ ហើយនឹងធ្វើមហាបាតុកម្មទូទាំងប្រទេស។
គួររំលឹកថា គណបក្សសង្គ្រោះជាតិ បានដឹកនាំធ្វើមហាបាតុកម្មអហិង្សាចំនួនពីរលើករួចមកហើយ កាលពីថ្ងៃទី០៧ ខែកញ្ញា និងលើកទីពីរ ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានពលរដ្ឋមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានារាប់ម៉ឺននាក់ ចូលរួម៕
No comments:
Post a Comment
yes