គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រកាសថា ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត សម្រាប់នីតិកាលថ្មី មានតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ ចាប់ពីដើមខែក្រោយនេះទៅ។
តាមសេចក្តីជូនដំណឹងរបស់ គជប ដែលVODទទួលបាននៅថ្ងៃអាទិត្យទៅ២៩ខែកញ្ញានេះ ឲ្យដឹងថា ការពិនិត្យបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត សម្រាប់នីតិកាលថ្មី និងចាប់អនុវត្តចាប់ពីថ្ងៃ ទី០១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣។
លិខិតដដែលអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុគ្រប់បោះឆ្នោត ទៅចុះឈ្មោះ ឬទៅពិនិត្យបញ្ជីឈ្មោះរបស់ខ្លួន ឡើងវិញ នៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅ ។ គជប ឲ្យដឹងទៀតថា ការពិនិត្យនិងចុះឈ្មោះនេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២០ខែតុលា និងទុកពេលឲ្យប្តឹងតវ៉ា និងដោះស្រាយទៅក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ពីថ្ងៃទី២៤ខែតុលា រហូតដល់ថ្ងៃទី២៦ខែវិច្ឆិកា។
ម៉្យាងវិញទៀត គ.ជ.ប គ្រោងនឹងបិទផ្សាយព្រមគ្នានៃបញ្ជីរបោះឆ្នោតដំបូងនៃឃុំ-សង្កាត់ ដែលគ្មានបណ្តឹងតវ៉ា នៅថ្ងៃទី២៥ខែតុលា ហើយទុករយៈពេលឲ្យប្តឹងតវ៉ាទៅស្ថាប័នពាក់ព័ន្ធប្រឆាំងនឹងបញ្ជីឈ្មោះបោះឆ្នោតនេះ ចាប់ពីថ្ងៃទី៣១តុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។ យ៉ាងណាក៏ដោយ បញ្ជីឈ្មោះអ្នកបោះឆ្នោត សម្រាប់ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ២០១៣នេះ ត្រូវបានអង្គការឃ្លាំមើលការបោះឆ្នោត រកឃើញថា មានភាពមិនប្រក្រតី ដែលធ្វើឲ្យម្ចាស់ឆ្នោតជាងមួយលាននាក់ បាត់សិទ្ធិបោះឆ្នោត ខ្លះទៀតរកឈ្មោះមិនឃើញ ឈ្មោះស្ទួន ឈ្មោះត្រូវគេបោះជំនួសជាដើម ដែលធ្វើឲ្យអ្នកនយោបាយ ដែលចូលរួមប្រកួតប្រជែង ខ្វែងគំនិតគ្នា ពីការប្រកាសលទ្ធផលបោះឆ្នោត របស់ គជប បង្កើតជាប្រភពជម្លោះ និងនាំឲ្យមានវិបត្តិ៕
No comments:
Post a Comment
yes