សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

ខ្មែរ​ក្រោម​៧​នាក់​និង​ព្រះសង្ឃ​២​អង្គ​ត្រូវ​វៀតណាម​កាត់​ទោស​ពី​បទ​ក្បត់

តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា បាន​កាត់​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៩​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន ២​អង្គ ឲ្យ​ជាប់​ទោស​ចន្លោះ​ពី ១០​ខែ ទៅ ៦​ឆ្នាំ ពី​បទ​បង្ក​ឲ្យ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ និង​ក្បត់​រដ្ឋាភិបាល​វៀតណាម។

ការ​កាត់​ទោស​នេះ នៅ​បន្ទាប់​ពី​ពួក​គាត់​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជិត ៥​ខែ​កន្លង​មក។ ករណី​នេះ អង្គការ​សមាគម​ខ្មែរ​ក្រោម បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ភ្លាមៗ តាម​រយៈ​ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ។
ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​បដិសេធ​ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម​ជា​ថ្មី​ម្ដង​ទៀត ដែល​ដាក់​ទៅ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​សុំ​ឲ្យ​ដោះ​លែង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៧ កញ្ញា អង្គការ​សមាគម​ខ្មែរ​ក្រោម បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ រួម​គ្នា ដើម្បី​សុំ​ឲ្យ​ដោះ​លែង​ព្រះសង្ឃ​ចំនួន​ពីរ​អង្គ និង​ប្រជាពលរដ្ឋ​ចំនួន ៧​នាក់​ទៀត ដែល​តុលាការ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ ប៉ុន្តែ​ត្រូវ​បាន​ស្ថានទូត​វៀតណាម បដិសេធ។ លោក សឺន ជុំជួន ពន្យល់​ថា មូលហេតុ​ដែល​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នេះ ដោយសារ​តែ​ព្រះសង្ឃ​ទាំង​នេះ​គ្រោង​បង្កើត​សាលា​រៀន​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ។
នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​ស្ថានទូត​វៀតណាម បដិសេធ​ញត្តិ​របស់​តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម ចំពោះ​ការ​ស្នើសុំ​ឲ្យ​ដោះ​លែង ឬ​ស្នើ​ឲ្យ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​​ក្រោម​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​នៅ​ភូមិ​ភាគ​វៀតណាម​ខាង​ត្បូង។ ស្ថានទូត​វៀតណាម បាន​បដិសេធ​ជា​ហូរហែ​មក ដោយ​មិន​បាន​ពន្យល់​ពី​ហេតុផល​ទាំងអស់។
លោក សឺន ជុំជួន អះអាង​ថា អង្គការ​សមាគម​ខ្មែរ​ក្រោម​នឹង​ដាក់​ញត្តិ​ដដែល​នេះ​ទៅ​ក្រសួង​ការ​បរទេស​ខ្មែរ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ជា​ថ្មី​ទៀត ទោះ​បី​ជា​កន្លង​មក ក្រសួង​ការ​បរទេស​ខ្មែរ​មិន​បាន​ឆ្លើយ​តប​ញត្តិ​តំណាង​អង្គការ​សមាគម​ខ្មែរ ដែល​បាន​ដាក់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ក្ដី ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​រឿង​នេះ​ក្ដី។
លោក សឺន ជុំជួន អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៧ កញ្ញា តុលាការ​វៀតណាម ខេត្ត​ឃ្លាំង បាន​បើក​សវនាការ​កាត់​ទោស​ព្រះសង្ឃ​ចំនួន​ពីរ​អង្គ ព្រះនាម លីវ នី និង​ព្រះនាម ថាច់ ធៀន ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន ៦​ឆ្នាំ។ ប្រជាពលរដ្ឋ​ពីរ​នាក់​ទៀត​ឈ្មោះ ថាច់ ភូមិរិន្ទ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ និង​ឈ្មោះ ថាច់ វណ្ណថា ចំនួន ២​ឆ្នាំ។
ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី២៦ កញ្ញា តុលាការ​វៀតណាម បាន​កាត់​ទោស​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​ទៀត ក្នុង​នោះ​មាន​ម្នាក់​កាត់​កំបាំង​មុខ ដោយសារ​តែ​គាត់​ភៀស​ខ្លួន​រត់​គេច​ពី​ការ​ចាប់​ខ្លួន កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ មក។ ក្នុង​ចំណោម​អ្នក​ទាំង ៥​នាក់​នេះ តុលាការ​វៀតណាម កាត់​ឲ្យ​ជាប់​ទោស​ក្នុង​ម្នាក់ៗ​ពី ១០​ខែ ទៅ ១២​ខែ ពី​បទ​បង្ក​ឲ្យ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម បាន​ទេ នៅ​ថ្ងៃ​ទី២៧ កញ្ញា ឆ្នាំ​២០១៣។
ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំង ៩​នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ មក។ ក្រៅ​ពី​អ្នក​ទាំង ៩​នាក់​នេះ ក៏​មាន​ព្រះសង្ឃ​មួយ​អង្គ​ទៀត ព្រះនាម លី ចិន្តា និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត ដែល​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​ដូច​គ្នា ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ តែ​ព្រះតេជព្រះគុណ លី ចិន្តា ត្រូវ​បាន​ចាប់​ផ្សឹក​រហូត​ដល់​បច្ចុប្បន្ន។ នៅ​ក្នុង​ញត្តិ​នោះ រៀប​រាប់​ថា នៅ​ថ្ងៃ​ចាប់​ខ្លួន​នោះ មាន​មន្ត្រី​នគរបាល​ជាច្រើន​នាក់​ទៅ​ឡោម​ព័ន្ធ​វត្ត​ព្រៃជាប់ និង​វត្ត​សេរីតាសេក ហើយ​នគរបាល​វៀតណាម បាន​ចាប់​ព្រះសង្ឃ​ទាំង​នេះ​ច្រក​បាវ​បោះ​ដាក់​លើ​ឡាន​ជាដើម។
ខ្លឹមសារ​ញត្តិ​ដែល​ស្ថានទូត​វៀតណាម មិន​ព្រម​ទទួល​នោះ សុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តឹងយ៉ុង ឲ្យ​ដោះ​លែង​ព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធៀន និង​ប្រជាពលរដ្ឋ​ទាំង ៧​នាក់​ទៀត ដែល​តុលាការ​កាត់​ទោស​នោះ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ សុំ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​តាម​វត្ត​អារាម​នានា និង​សុំ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​គ្រប់​រូបភាព ការ​តាម​ដាន ការ​ឃ្លាំ​មើល និង​ការ​បិទ​សិទ្ធិ​សេរីភាព​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ជាដើម។
លោក សឺន ជុំជួន បាន​ឲ្យ​ដឹង​ថា អង្គការ​សមាគម​ខ្មែរ​ក្រោម​ទាំងអស់ គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ឆាប់ៗ​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះ​លែង​អ្នក​ទាំង​នោះ​វិញ៕

No comments:

Post a Comment

yes