សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 5, 2013

HRWរិះគន់​រដ្ឋាភិបាលបង្អាក់​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​​


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) រិះគន់ថា រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការមិន​ផ្តល់​ប្រាក់ខែ​ដល់​បុគ្គលិក​សាលាក្តី​ខ្មែរក្រហម ដែល​នេះ​ជាកា​រ​បន្ទុចបង្អាក់​ដល់​ការ​ប្រឹងប្រែង​ក្នុង​ការស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ប្រជាជន​ខ្មែរ​។​
​រហូតមកដល់​ពេលនេះ បុគ្គលិក​ជាតិ​ទាំងអស់​នៃ​សាលាក្តី​ខ្មែរក្រហម មិនទាន់​បាន​ទទួល​ប្រាក់បៀវត្សរ៍ ៣​ខែ​មក​ហើយ គឺ​ចាប់ពី​ខែ មិថុនា រហូតដល់​ខែ​សីហា​នេះ​។ បុគ្គលិក​សាលាក្តី​ជាង​១០០​នាក់ បានសម្រេច​ព្យួរ​ការងារ​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី ១ ខែកញ្ញា​នេះ រហូត​ដល់​ទទួល​បាន​ប្រាក់ខែ ដែល​ខ្លួន​មិនទាន់​បាន​បើក​។​មន្ត្រី​សាលាក្តី​ខ្មែរក្រហម លើកឡើងថា ការ​ឈប់សម្រាក​បណ្តោះអាសន្ន​របស់​បុគ្គលិក​ទាំងនោះ  នឹង​ប៉ះ ពាល់​ដល់​ដំណើរការ​របស់​ប្រព័ន្ធតុលាការ បើ​ទោះ​ជា​បុគ្គលិក​អន្តរជាតិ នៅ​បន្ត​ការងារ​ក៏ដោយ​។​
​សេចក្តីថ្លែងការណ៍​របស់​HRW​ចេញផ្សាយ​នៅ​ថ្ងៃទី​០៥​ខែកញ្ញា​នេះ ឲ្យដឹងថា ម្ចាស់ជំនួយ និង​អង្គការ​សហប្រជាជាតិ គួរតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការធ្វើ​ពុត​ជា​មិន​មាន​លុយ ក្នុង​ការផ្តល់ ទៅ​សាលាក្តី ដែល​នេះ​មិន​បង្ហាញ​ពី​ការទទួលខុសត្រូវ​លើ​ពលរដ្ឋ​រាប់លាន​នាក់ ដែល​រងគ្រោះ​។  អង្គការ​អន្តរជាតិ​មួយ​នេះ លើកឡើងថា រដ្ឋាភិបាល មាន​ថវិកា​ច្រើន​ក្នុង​ការផ្តល់​ទៅ​ឲ្យ​កងទ័ព និង​ការទិញ​សន្លឹកឆ្នោត តែ​បដិសេធ​ទៅ​លើ​ការផ្តល់​ថវិកា​ទៅ​សាលាក្តី​ខ្មែរក្រហម​។​

​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​លោក ប្រេដ អាដាម (Brad Adams) មានប្រសាសន៍ថា ម្ចាស់ជំនួយ គួរតែ​និយាយ​ពី​ការចូលរួម​ចំណែក​ជា​ថវិកា​របស់​រដ្ឋាភិបាល ក្នុងការ​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​។​
​សេចក្តីថ្លែងការណ៍​បន្ត​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រារាំង​មិនឲ្យ​មាន​ដំណើរការលឿន នៃ​សាលាក្តី​ខ្មែរក្រហម ដូច​ជា​ការ​កំណត់​​ជនជាប់ចោទ​ជា​ដើម​។​
​លោក ឯក ថា ​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បដិសេធ​អត្ថាធិប្បាយ​លើ​ករណី​នេះ​។​
​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភ​ត្ត្រា មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ បុគ្គលិក​ដល់​ទៅ​២៥០​នាក់​ហើយ បាន​ផ្អាក​ពី​ការងារ ដោយសារ​មិន​បាន​បើក​ប្រាក់ខែ​។
​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ ស្ថានទូត​ជប៉ុន បាន​បដិសេធ​ទៅនឹង​ការលើកឡើង​របស់​លោក ឯក ថា ថា​ជប៉ុន បាន​យល់ព្រម​ផ្តល់​ថវិការ​ដល់​សាលាក្តី​ខ្មែរក្រហម​។​
​ថ្មីៗ​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន បាន​អំពាវនាវ​ទៅកាន់​សហគមន៍​អន្តរជាតិ បន្ត​ផ្តល់​ជំនួយ​បន្ថែម​ទៀត​មក​សាលាក្តី​ខ្មែរក្រហម ដើម្បី​បន្តដំណើរ​ការរក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា​។ ការអំពាវនាវ​នេះ ស្របពេល​ដែល​សាលាក្តី​មួយ​នេះ កំពុង​ជួបប្រទះ​វិបត្តិ​ថវិកា​៕

No comments:

Post a Comment

yes