សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 7, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុនិង​ទូរទស្សន៍​​

សមាជ​មហាជន​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ ទូរ​ទស្សន៍ ដើម្បី​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុង​ជោយ និង តម្លាភាព​ព្រមទាំង​មាន​គុណប្រយោជន៍​ដល់​សាធារណជន​។​
​ការទាមទារ​នេះ ធ្វើឡើង​នៅក្នុង​សមាជ​មហាជន​របស់​គ​ណ​បក្ស នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ជិត​មួយ​​ម៉ឺន​នាក់ មាន​ទាំង​ព្រះសង្ឃ កម្មករ​រោងចក្រ កសិករ អាជីវករ និង​មន្ត្រីរាជការ​ជាដើម​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែតុលា នេះ​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដូចជា​ ទូរទស្សន៍ និង​វិទ្យុ​មួយចំនួន​មាន​និន្នាការ​ទៅរក​គណបក្សកាន់អំណាច ដែល​មិន​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ​។ លោក បន្ត​ថា ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍ និង​វិទ្យុ ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ដល់​សាធារ​ណ​ជន​​។ លោក យល់ថា ការផ្សាយ​ព័ត៌មាន​ពិត​មាន​សារៈសំខាន់​ណាស់​ ជាពិសេស​អាច​នាំឲ្យ​ប្រជាពលរដ្ឋ យល់ដឹង ហើយ​អាច​ជ្រើស​រើស​​អ្នក​​​ដឹក​នាំ​បាន​ត្រឹមត្រូវ​ដែល​ខ្លួន​ពេញចិត្ត​ ៖ "ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹង ចូលរួមក្នុងកិច្ចការនយោបាយ ដើម្បីឲ្យប្រជាពលរដ្ឋលោក មាន​ចំណេះដឹង​លើគ្រប់វិស័យទាំង​អស់នៅ​ក្នុងការ​ធ្វើសេចក្ដីសម្រេចលើជោគវាសនាប្រទេសជាតិ ចំពោះប្រជាពលរដ្ឋម្នាក់ៗ អ្នក​បោះ​ឆ្នោត​ម្នាក់ៗ គាត់ទទួលខុសត្រូវទៅលើជោគវាសនាប្រទេស​ជាតិ មិនមែនមាន​តែមេដឹកនាំម្នាក់ពីរនាក់ទេ តាម​រយៈការ​ដែល​គាត់​យល់​ដឹង​គាត់​មាន​​ព័ត៌មាន គាត់​អាច​ជ្រើសរើសបានមេ​ដឹកនាំ​ល្អ​ តាមឆន្ទៈរបស់គាត់តាម​អ្វីដែលគាត់មើលឃើញថា ជាមេ​ដឹក​នាំ​ដែល​បម្រើ​ផល​ប្រយោជន៍​ប្រទេសជាតិ ដល់ប្រជាពលរដ្ឋពិតប្រាកដ​" ។

អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រាប់ VOD តាមរយៈអ៊ីម៉ែលថា តាំងពីដើមមក ក្រសួងមិនដែលផ្តល់អាជ្ញាប័ណ្ណវិទ្យុ និង​ទូរទស្សន៍ សំរាប់គណបក្សនយោបាយទេ។
​ចំណែក អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា លោក កឹម គុណ​វឌ្ឍន៍ មិន​ខ្វល់​នឹង​ការលើកឡើង​ថា ទូរទស្សន៍​ក្នុង​ស្រុក​មិន​ឯករាជ្យ​អី​នោះ​ទេ តែ​​លោក​​អះអាងថា បច្ចុប្បន្ន​ទូរទស្សន៍​ជាតិ​កម្ពុជា មិន​បាន​ឃោសនា​បម្រើ​ឲ្យ​គណបក្ស​ណា​នោះ​ទេ ៖ "សម្រាប់ខ្ញុំ ខ្ញុំគិតថា ជា​សិទ្ធិ​របស់​គាត់​ដែលលើកឡើង សម្រាប់ខ្ញុំ ខ្ញុំបម្រើរបុព្វហេតុរបស់រដ្ឋ បាទរបស់ជាតិ របស់ព្រះ​មហាក្សត្រ​" ។
​កន្លងមក ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា រង​ការរិះគន់​ថា ស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ​គណបក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល ជាពិសេស​វិទ្យុ និង​ទូរទស្សន៍​។​
​អង្គការ​ចំនួន​៤០​នៃ​បន្ទប់​ស្ថានការណ៍​ក្នុង​ថ្ងៃ​បោះឆ្នោត រកឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស ទូរទស្សន៍ និង​វិទ្យុ មាន​ភាព​លម្អៀង​ខ្លាំង​បំផុត​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​បំពេញ​តួនាទី​មួយ​មួយ​កាន់តែ​អាក្រក់​ទៅ សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។ អង្គ​ការ​​ទាំងនេះ ជំរុញ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​តាម​គោលការណ៍​សមធម៌ និង​មាន​ភាពសេរី ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រោយ​ៗ​ទៀត មាន​ភាពសេរី និង​យុត្តិធម៌​។​
​ចំណែក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បានដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ក្នុង​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ឯករាជ្យ​មួយ ដើម្បី​ធានា​ថា​ ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ និង​ធានា​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌​។ មជ្ឈ​មណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា លើកឡើងថា ខ្លួន​គាំទ្រ​នូវ​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​ឯករាជ្យ​មួយ ដោយ​លុបចោល​ច្បាប់​ណា​ដែលមាន​លក្ខណៈ​រឹតបន្តឹង​ទៅ​លើ​ខ្លឹមសារ និង​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ការចាក់ផ្សាយ​ឯករាជ្យ​មួយ ទទួលខុសត្រូវ​ចំពោះ​ការចេញ​អាជ្ញាប័ណ្ណ និង​ធានា​ឲ្យបាន​ថា​ ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ បំពេញ​ការងារ​ដោយ​សេរី​៕

No comments:

Post a Comment

yes