សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 6, 2013

សមរង្ស៊ីបើក​ឲ្យហ៊ុនសែនរែក...បើ​មិន​រែក​ចាញ់​...!

131106_02
លោក​ ហ៊ុន សែន​ និង​លោក​ សម ​រង្ស៊ី ​ក្នុង​ជំនួប​ថ្ងៃ​១៧ កញ្ញា​។ 
រូបហេង ជី​វ័ន
មួយ​រយៈ​ចុង​ក្រោយ​នេះ ពុំ​សូវ​បាន​ឃើញ​ទំព័រ​មិត្ត​អ្នក​អាន ចុះ​ផ្សាយ​លិខិត​ណា​មួយ ដែល​បង្ហាញ​អំពី​ការ​វិភាគ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ​។ ថ្ងៃ​នេះ ខ្ញុំ​សូម​បង្វែរ​អារម្មណ៍​មិត្ត​អ្នក​អាន​ទាំង​អស់ អាន​កម្សាន្ត​លេង អំពី​ល្បែង​រែក​ខ្មែរ និង​ការ​ប្រៀប​ធៀប នឹង​នយោបាយ។
ក្នុង​ចំណោម​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​បន្សល់​ទុក​ពី​ដូន​តា​ជំនាន់​មុន មាន​ល្បែង​មួយ​ប្រភេទ គឺ រែក។ “រែក” ជា​ឈ្មោះ​ល្បែង​មួយ​ប្រភេទ ស្រដៀង​នឹង​ចត្រង្គ (អុក) ប៉ុន្តែ​ខុស​គ្នា​តែ​ឈ្មោះ​កូន និង​ការ​ឈ្នះ​ចាញ់ និង​មាន​បែប​ឲ្យ​ស៊ី​រែក ទាំង​ពីរ​ខាង ឬ​បើ​អ្នក​ម្ខាង​ទាល់​ច្រក ត្រូវ​អ្នក​ម្ខាង​កៀរ​ក្រសោប​ស៊ី​បាន​ទាំង​អស់។ ល្បែង “រែក” មាន​ពីរ​ប្រភេទ គឺ“រែក ព័ទ្ធ” និង“មិន​រែក​ចាញ់”។ ក្នុង​ចំណោម​ល្បែង “រែក” ទាំង​ពីរ​នេះ ប្រជា​ពលរដ្ឋ​ខែ្មរ ជា​ពិសេស​អ្នក​នៅ​ជនបទ ចូល​ចិត្ត​លេង “មិន​រែក​ចាញ់” ច្រើន​ជាង ព្រោះ​វា​ងាយ និង​សាមញ្ញ​ជាង “រែក​ព័ទ្ធ” ។ បើ​គូ​ប្រកួត​ណា ភ្លាត់​ស្នៀត​តែ​បន្តិច ច្បាស់​ជា​ត្រូវ​ចាញ់ មួយ​ប៉ប្រិច​ភ្នែក ដោយ​គូ​ប្រកួត​ម្ខាង​ទៀត បើក​ឲ្យ​រែក បើ​មិន​រែក គឺ​ត្រូវ​ចាញ់ ដូច​នេះ​ត្រូវ​បង្ខំ​ចិត្ត រែក​រហូត​ដល់​គេ​ឈប់​បើក​ឲ្យ​រែក ហើយ​ទី​បញ្ចប់ ក៏​ត្រូវ​បាន​គេ​រែក​កូន​សេ្តច (អង្គ) របស់​ខ្លួន។
គូ​ប្រកួត មាន​កូន​ចំនួន​ប្រាំ​បី​ស្មើ​គ្នា ដែល​ក្នុង​ចំណោម​កូន​ទាំង​ប្រាំ​បី​នោះ មាន​កូន​មួយ គេ​ហៅ​ថា “ស្តេច (អង្គ)” ហើយ​បើ​កូន​ស្តេច (អង្គ) ត្រូវ​គូ​ប្រកួត​ម្ខាង​ទៀត​រែក កូន​ស្តេច (អង្គ) ហ្នឹង ជាមួយ​កូន​រែក ធម្មតា​មួយ​ទៀត​នោះ គឺ​សន្មត​ថា​ចាញ់។ ក្រៅ​ពី​នេះ ក្នុង​ល្បែង រែក មិន​មាន​លក្ខខណ្ឌ​ច្រើន​នោះ​ទេ តាម​រយៈ​ឈ្មោះ​របស់​ខ្លួន “មិន​រែក​ចាញ់” នេះ​ហើយ​ជា​លក្ខខណ្ឌ បើ​មាន​គេ​បើក​ឲ្យ​រែក ខ្លួន​ត្រូវ​តែ​រែក បើ​មិន​រែក ត្រូវ​តែ​ចាញ់ ដោយ​ស្វ័យ​ប្រវត្តិ ប៉ុន្តែ​ពេល​ខ្លះ ពេល​យើង​រែក​ទៅ មិន​ប្រាកដ​ថា​ចាញ់ ១០០% នោះ​ទេ វា​អាច​អ្នក​បើក​ឲ្យ​រែក​ភ្លាត់​ស្នៀត ដោយ​មើល​មិន​គ្រប់​ជ្រុង​ជ្រោយ មុន​ពេល​បើក​ឲ្យ​គេ​រែក​ក៏​មាន។ ប៉ុន្តែ​ជា​ធម្មតា អ្នក​ដែល​ត្រូវ​គេ​បើក​ឲ្យ​រែក តែង​តែ​មាន​អារម្មណ៍​ភ័យ រួច​ទៅ​ហើយ នៅ​ពេល​ដែល​ឮ គេ​ស្រែក​ថា “រែក​មួយ​!” អ៊ីចឹង “រែក​មួយ​ទៀត​!”...។ល។ ជួន​កាល បើ​យើង​តាំង​អារម្មណ៍ ហើយ​សុខ​ចិត្ត​រែក​តាម​សំណូមពរ របស់​គូ​ប្រកួត​ម្ខាង​ទៀត​បណ្តើរ រក​មធ្យោបាយ​ដើម្បី​ទប់​ទល់​បណ្តើរ នោះ​យើង​អាច​ឈ្នះ​វិញ​ក៏​មាន​ដែរ។

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​ខុស​អី​នឹង​ក្រឡា​រែក “មិន​រែក​ចាញ់” នេះ​ទេ គឺ​ដល់​វេន លោក សម រង្ស៊ី និង​លោក កឹម សុខា នៃ​គណបក្ស​សង្គ្រោះ​ជាតិ បើក​ឲ្យ​រែក ដូច​នេះ​លោក ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​រែក ព្រោះ​លោក សម រង្ស៊ី និង​លោក កឹម សុខា បើក​ឲ្យ​រែក​មុន មាន​ន័យ​ថា ក្រឡា​រែក​របស់​លោក ហ៊ុន សែន បាន​ដើរ​ភ្លាត់​ស្នៀត ដែល​ឥឡូវ​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ឆក់​ឱកាស បើក​ឲ្យ​រែក​មុន បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ គឺ​គណបក្ស​ប្រជាជន កំពុង​ដើរ​តាម​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផ្ទុយ​ស្រឡះ​ពី​ពេល​មុន​ដែល​គណបក្ស សង្គ្រោះ​ជាតិ ជា​អ្នក​រត់​តាម​ក្រោយ​គណបក្ស​ប្រជាជន។
សូម​រំឭក​ថា ពី​ពេល​មុន ធ្លាប់​មាន​ប្រជុំ​ថ្នាក់​បច្ចេកទេស​ពីរ​លើក តែ​មិន​បាន​ផល​រហូត​ដល់​មាន​កិច្ច​ប្រជុំ ថ្នាក់​ប្រតិភូ​ជាន់​ខ្ពស់​ពីរ​លើក​ទៀត នៅ​ថ្ងៃ ទី១៦ កញ្ញា ព្រម​ទាំង​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទៀត​ផង និង​មួយ​លើក​ទៀត នៅ​ថ្ងៃ ទី១៧ កញ្ញា ប៉ុន្តែ​គ្មាន​លទ្ធផល​អ្វី​ទាំង​អស់។ តាំង​ពី​ពេល​នោះ​មក គណបក្ស ទាំង​ពីរ មិន​ខ្វល់​នោះ​ទេ ដោយ​ម្ខាង​បង្កើត​សភា និង​រាជ​រដ្ឋាភិបាល ដោយ​ឯកបក្ស និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ និង​ម្ខាង​ទៀត រត់​ទៅ​ស្បថ​នៅ សៀមរាប ធ្វើ​មិន​ដឹង និង​បន្ត​ធ្វើ​បាតុកម្ម​មួយ​លើក​ជា​ពីរ​លើក ដែល​ចុង​ក្រោយ​ពី​ថ្ងៃ ទី២៣ ដល់ ២៥ ខែ តុលា និង​ត្រូវ​គេ​មើល​ឃើញ​ថា នោះ​ជា​យុទ្ធនាការ​ការ​ទូត​ដ៏​ធំ​មួយ ក្នុង​ប្រវត្តិសាស្រ្ត​នយោបាយ នៅ​កម្ពុជា ព្រោះ ទី១-ធ្វើ​ឲ្យ លោក ហ៊ុន សែន ស្ទើរ​ក្អួត​ឈាម ដោយ​សារ​បាន​និយាយ​ថា បើ​ហ៊ាន​បាតុកម្ម​ទៀត នឹង​បញ្ចេញ​ខ្សែ​អាត់​សំឡេង ដែល​លោក សម រង្ស៊ី ទាមទារ តំណែង​ប្រធាន សភា និង ទី២-ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​មហា​អំណាច​ធំៗ បាន​ជំរុញ គណបក្ស​ទាំង​ពីរ ឲ្យ​វិល​មក​រក​តុ​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់។ នេះ​ហើយ​ដែល​ក្រឡា​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បើក​និង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ត្រូវ​តែ​រែក​នោះ៖
គូរែក ទី១-គណបក្ស​ប្រជាជន សុខ​ចិត្ត​ចូល​តុ​ចរចា ដោយ​បាន​និយាយ​ថា ក្រោយ​បាតុកម្ម គណបក្ស​សង្គ្រោះ​ជាតិ សហគមន៍​អន្តរជាតិ ឲ្យ​យើង​បន្ត​ការ​ចរចា ដូច​នេះ យើង​ត្រូវ​តែ​ចរចា ដោយ​ភ្លេច​គិត​ពី​មុន​លោក ហ៊ុន សែន ធ្លាប់​គំរាម​ថា «បើ​ចង់​ចរចា ត្រូវ​ចូល​រាជវាំង​ស្បថ​សិន និង​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​ការ​សហគមន៍​អន្តរជាតិ ទទួល​ស្គាល់​នោះ​ទេ មាន​ព្រះ​មហាក្សត្រ​ទទួល​ស្គាល់ គឺ​គ្រប់​គ្រាន់​ហើយ» ប៉ុន្តែ​ឥឡូវ ចូល​ចរចា​ឡើង​វិញ ដោយ​ធ្វើ​តាម​សហគមន៍​អន្តរជាតិ ព្រោះ​ខ្លាច​គេ​មិន​ទទួល​ស្គាល់ និង​ពិសេស​នោះ បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​បាន​ចូល​ទៅ​ស្បថ​ដែរ។
គូរែក ទី២-គណបក្ស​ប្រជាជន យល់​ព្រម​ទទួល​លក្ខខណ្ឌ​ទាំង​បី របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​របៀប​វារៈ សម្រាប់​ការ​ចរចា​កាល​ពី​ម្សិលមិញ ដែល​រួម​មាន ខ.-ស៊ើប​អង្កេត​រក​ការ​ពិត​នៃ​ការ​បោះឆ្នោត ខ.-ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង ខ.-ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស អង្គការ​សហ​ប្រជាជាតិ អង្គការ NDI និង​អង្គការ ខុម ហ្វ្រែល ជុំវិញ​ដំណើរការ​បោះឆ្នោត។
គូរែក ទី៣-គណបក្ស​ប្រជាជន​មិន​ទាន់​ព្រម​រែក​នោះ​ទេ ដូច​នេះ​ខុស​នឹង​លក្ខខណ្ឌ​ហើយ គឺ «មិន​រែក​ចាញ់»។ គូរែក ទី ៣ ដែល​គណបក្ស​ប្រជាជន​មិន​ហ៊ាន​រែក​នោះ គឺ​មិន​ព្រម​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ឬ​មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ​ចូល​រួម​សង្កេតការណ៍ និង​ធ្វើ​ជា​សាក្សី ដោយ​យក​លេស​ថា ការ​ជជែក​គ្នា​ហ្នឹង វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដែល​ចំណុច​នេះ បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន ហាក់​ដូច​ជា​ពុំ​មាន​សុច្ចរិតភាព​ក្នុង​ការ​ចរចា​ទេ។
ការ​បើក​ឲ្យ​រែកគូ ទី៣ នេះ គណបក្ស​ប្រជាជន ត្រូវ​តែ​រែក​តាម​សំណើ បើ​មិន​ដូច្នោះ​ទេ ទី១-ខុស នឹង​លក្ខខណ្ឌ «មិន​រែក​ចាញ់» និង ទី២-មិន​ប្រាកដ​ថា ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ដូច​នេះ​មិន​ត្រូវ​ចុះ​ចាញ់​មុន​ឡើយ ដែល​នេះ​មិន​មែន​ជា​ចរិត​ពិត​របស់​គណបក្ស​ប្រជាជន​នោះ​ទេ។ ការ​មិន​ព្រម​ចាក់​ផ្សាយ​ផ្ទាល់ ព្រោះ​ប៉ះពាល់​សន្តិសុខ​ជាតិ វា​បាន​បង្ហាញ​ថា យើង​មាន​បំណង​គេច​វេស ឬ​គ្មាន​សុឆន្ទៈ មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​តាម​ដាន និង​ទទួល​ខុស​ត្រូវ​ដឹង​ឮ ដែល​អាច​ជា​បញ្ហា​ចោទ​ដាក់​គ្នា រវាង​គណបក្ស​ទាំង​ពីរ ហើយ​ក៏​អាច​ក្លាយ​ជា​ប្រធានបទ​ដែល​គណបក្ស​នីមួយៗ​យក​ទៅ​បកស្រាយ ដើម្បី​ចំណេញ​នយោបាយ​តទៅ​ទៀត​។ ពិត​ណាស់​បញ្ហា​សន្តិសុខ​ជាតិ ជា​រឿង​សំខាន់ ប៉ុន្តែ​វា​អាច​ចៀសវាង​បាន ព្រោះ​យើង​អាច​កាត់​ចេញ។
ម្យ៉ាង​ទៀត សន្តិសុខ​ជាតិ មិន​មែន​ក្តោប​ទាំង​មូល​នៃ​ខ្លឹមសារ ក្នុង​ការ​ចរចា​នោះ​ឡើយ​។ ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត ការ​លាលែង​របស់​មន្ត្រី​ជាន់​ខ្ពស់ ៩ រូប​របស់ គ.ជ.ប និង​ការ​យក​អនុសាសន៍​របស់​សហគមន៍​ជាតិ​អន្តរជាតិ​មក​អនុវត្ត​នោះ មិន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះ​ទេ ដូច​នេះ​ខ្លាច​អី ត្រឹម​តែ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​នោះ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ ពិនិត្យ និង​វាយតម្លៃ​ថា គណបក្ស​ណា មាន​ពុត​ត្បុត​អាក្រក់ ដែល​ចង់​លាក់​បាំង​ការ​ពិត​នោះ។ សម្រាប់​ការ​ចរចា​នៅ​ថ្ងៃ ទី០៥ ខែ តុលា ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ទៀត ក៏​ប៉ុន្តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​មិន​មាន​លទ្ធផល​អ្វី ដើម្បី​បន្ធូរ​ភាព​តាន​តឹង​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ឡើយ​ព្រោះ​គ្រាន់​តែ​ជា​ការ​ចរចា​កម្រិត​បច្ចេកទេស​ប៉ុណ្ណោះ ហើយ​ធ្លាប់​ជួប​គ្នា​ពីរ​លើក​មក​ហើយ លទ្ធផល​គឺ​សូន្យ​។ ជា​ធម្មតា ដើម្បី​ដោះស្រាយ​រឿង​នយោបាយ ទាល់​តែ​កម្រិត​ថ្នាក់​ដឹក​នាំ​នយោបាយ​កំពូល ទើប​អាច​ទម្លុះ​ភាព​ទាល់​ច្រក​បាន ដែល​អាច​ឈាន​ទៅ​រក​កិច្ច​ព្រម​ព្រៀង​នយោបាយ ឬ​អនុស្សរណៈ​យោគ​យល់​គ្នា បន្ទាប់​ទើប​មាន​ភារ​កិច្ច​សម្រាប់​អ្នក​បច្ចេកទេស​ចរចា​បន្ត។
ការ​ចរចា​កម្រិត​នយោបាយ​ថ្នាក់​កំពូល​កន្លង​មក​ទោះ​បី​មិន​មាន​លទ្ធផល​ធំ​ដុំ​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែរ ដែល​ជា​មូលដ្ឋាន​សម្រាប់​ពន្លឺ​នៃ​ភាព​ជោគជ័យ​នៅ​ថ្ងៃ​ក្រោយ។ មនុស្ស​ចាប់​ពី​ពីរ​នាក់​ឡើង គឺ​មាន​គំនិត​និង​ទស្សនៈ​ផ្សេង​គ្នា ដូច​នេះ​ការ​ចរចា មិន​មែន​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ អាច​ទទួល​ផល​បាន​ទេ។ កិច្ច​ព្រម​ព្រៀង​ទីក្រុង ប៉ារីស ទំរាំ ខែ្មរ ទាំង​បួន​ភាគី ស្រុះ​ស្រួល​គ្នា ចំណាយ​ពេល​វេលា​យូរ​ណាស់ សូម្បី​គណបក្ស​សង្គ្រោះ​ជាតិ ទំរាំ​ចេញ​ជា​រូបរាង គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ស្រុះ​ស្រួល​គ្នា ក៏​ស៊ី​ពេល​មិន​តិច​ដែរ។ រឿង​សំខាន់ នៅ​ពេល​នេះ យើង​ជា​ខ្មែរ និយាយ​ភាសា​ខ្មែរ ដោះស្រាយ​បញ្ហា​ជាតិ​ខ្មែរ ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ ដូច​នេះ​ហេតុ​អ្វី​បាន​ជា​យើង​មិន​អាច​ជជែក​គ្នា​រក​ដំណោះស្រាយ​បាន? ថា​តើ​យើង​មាន​ឆន្ទៈ​នយោបាយ​ចង់​ដោះស្រាយ​ដែរ​ឬ​ទេ? បើ​មាន​ឆន្ទៈ គ្មាន​អ្វី​មួយ ដែល​យើង​ជា​ខ្មែរ​ដូច​គ្នា មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ?
ចំណុច ទី១-ការ​ធ្វើ​កំណែ​ទម្រង់​បោះឆ្នោត វា​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ ព្រោះ​គណបក្ស​ទាំង​ពីរ សុទ្ធ​តែ​មាន​ឆន្ទៈ​ចង់​ធ្វើ​ដូច​គ្នា ត្រង់​ថា ពិត​ឬ​មិន​ពិត យើង​អត់​ដឹង​។ សំខាន់​នោះ គឺ​យើង​ចង់​កែ​ទម្រង់ និង​កែ​ចំណុច​ណា​ខ្លះ​ហើយ​ចាប់​ផ្តើម​ពី​ចំណុច​ណា​? ដំណោះស្រាយ គ្រាន់​តែ​ស៊ើប​អង្កេត និង​វាយតម្លៃ​ភាព​មិន​ប្រក្រតី​តែ​ប៉ុណ្ណោះ ហើយ​ប្រើ​ពេល​ប៉ុន្មាន ដើម្បី​កែ​ទម្រង់ ក្នុង​ការ​ធានា​ការ​បោះឆ្នោត​លើក​ក្រោយ ឲ្យ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។ បញ្ហា​នៅ​ត្រង់​ថា បន្ទាប់​ពី​ស៊ើប​អង្កេត​ហើយ តើ​វា​ប៉ះពាល់​ដល់​លទ្ធផល (CPP-68 និង CNRP-55) ដែរ​ឬ​អត់? នេះ​អាច​ជា​លក្ខខណ្ឌ​របស់ CPP និង​ជា​ការ​ផ្តល់​សម្បទាន​របស់ CNRP ដើម្បី​ទម្លុះ​ភាព​ជាប់​គាំង​នេះ ដោយ​រក្សា​អាសនៈ​នៅ​ដដែល ប៉ុន្តែ​គេ​គួរ​តែ​កំណត់ ពេល​វេលា​ច្បាស់​លាស់ ២ ឆ្នាំ ឬ ៣ ឆ្នាំ ដើម្បី​បញ្ចប់​ការ​កែទម្រង់ ហើយ​រៀបចំ​បោះឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ។ ចំណុច ទី២-ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋសភា ដោយ​មាន​សំឡេង​តុល្យភាព ក្នុង​ការ​សម្រេច​នៃ​គណៈកម្មការ​អចិន្រៃ្តយ៍​ដែល​មាន​សមាជិក ១២ រូប (៦ ស្មើ)។
បញ្ហា​គឺ​ដណ្តើម​គ្នា​ធ្វើ​ប្រធាន សភា ដូច​នេះ ខ១-យើង​អាច​កែ​ទម្រង់ របៀប​របប​ធ្វើ​ការ ឬ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ និង​នីតិវិធី​មួយ​ចំនួន ដើម្បី​បន្ថយ​ឥទ្ធិពល​របស់​ប្រធាន សភា។ ខ ២-ចែង​ប្រការ​បន្ថែម ដើម្បី​កម្រិត​ពី​លក្ខខណ្ឌ និង​វិសាលភាព នៃ​អំណាច​ប្រធាន សភា ដូចជា​ការ​ធ្វើ​វេតូ​ឬ​មាន​ឧត្តមភាព ក្នុង​ការ​អនុម័ត​ផ្សេងៗ​មាន​ន័យ​ថា ប្រធាន សភា គ្រាន់​តែ​ជា​អ្នក​សម្រប​សម្រួល ហើយ​មាន​តែ​មួយ​សំឡេង​ដូច​សមាជិក អចិន្ត្រៃយ៍​ដទៃ​ទៀត​ដែរ។ ខ ៣-បើ​ទោះ​បី​បក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន រដ្ឋសភា ក៏​ដោយ បើ​ប្រធាន​គ្មាន​ឧត្តមភាព ឬ​ការ​ធ្វើ​វេតូ​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ជាក់​លាក់​ហើយ​ម្យ៉ាង​ទៀត​បក្ស​ប្រជាជន មាន​សំឡេង​ភាគ​ច្រើន (៦៨ កៅអី) ដូច​នេះ​អាច​បោះឆ្នោត​សម្តែង​ការ​មិន​ពេញ​ចិត្ត ទម្លាក់​ប្រធាន​រដ្ឋសភា ដែល​មក​ពី​សង្គ្រោះ​ជាតិ​បាន​គ្រប់​ពេល​វេលា​បើ​គណបក្ស​នេះ ដើរ​ហួស​តួនាទី​របស់​ខ្លួន​។ ពេល​នោះ​ហើយ ស្ថាប័ន​កំពូល​របស់​ជាតិ​មួយ​នេះ នឹង​មាន​ដំណើរការ​ទៅ​មុខ​យ៉ាង​ស្រួល ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​រវាង​អំណាច​នីតិប្បញ្ញត្តិ និង​អំណាច​នីតិប្រតិបត្តិ​ទៀត​ផង៕

No comments:

Post a Comment

yes