តំណាងគណបក្សសង្គ្រោះជាតិ នៅក្នុងការប្រជុំ នាថ្ងៃទី៥វិច្ឆិកា២០១៣
បន្ទាប់ពីបរាជ័យក្នុងកិច្ចចរចាថ្នាក់បច្ចេកទេសរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៥វិច្ឆិកា ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមក។ គណបក្សសង្គ្រោះជាតិអះអាងថាបរាជ័យនេះបណ្តាលមកពីគណបក្សប្រជាជនកម្ពុជាមិនព្រមជជែកអំពីការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត រីឯគណបក្សប្រជាជនកម្ពុជាវិញបានស្តីបន្ទោសបក្សសង្គ្រោះជាតិថាមិនគោរពស្មារតីកិច្ចព្រមព្រៀងថ្ងៃទី ១៦កញ្ញា។
ក្រោយពីបរាជ័យនៃកិច្ចចរចាកាលពីថ្ងៃទី៥វិច្ឆិកា គណបក្សទាំងពីរកំពុងស្តីបន្ទោសគ្នា ទៅវិញទៅមក។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយនៅថ្ងៃពុធនេះ គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា កិច្ចចរចាដែលមិនទទួលបានជោគជ័យគឺដោយសារតែគណបក្សប្រជាជនកម្ពុជាមិនព្រមទទួលយកសំណើសុំបើកការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ គណបក្សប្រឆាំងនៅតែទទូចឲ្យគណបក្សកាន់អំណាចទទួលយកបញ្ហានេះមកពិភាក្សាជាចាំបាច់ដើម្បីគោរពឆន្ទៈម្ចាស់ឆ្នោត។
ប៉ុន្តែ លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានស្តីបន្ទោសគណបក្សសង្គ្រោះជាតិថា មិនបានគោរពកិច្ចព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ១៦ កញ្ញា ដែលចែងអំពីការបង្កើតយន្តការដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោត។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិបែរជាដើរថយក្រោយដោយងាកទៅនិយាយអំពីភាពមិនប្រក្រតីដែលធ្វើឲ្យរាំងស្ទះកិច្ចចរចា។
ខណៈដែលដំណើរការចរចាមិនទាន់មានអ្វីជឿនលឿនទៅមុខ គណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលស្នាមមេដៃគាំទ្រពីប្រជាពលរដ្ឋដើម្បីទាមទារឲ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ ស្នាមមេដៃជាង ២លានត្រូវបានដាក់ជូនតំណាងអង្គការសហប្រជាជាតិ និងតំណាងស្ថានទូតបរទេសនានាប្រចាំទីក្រុងភ្នំពេញរួចហើយ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលស្នាមមេដៃបន្តទៀតដើម្បីបង្កើនទម្ងន់ការទាមទាររបស់ខ្លួន។
ប៉ុន្តែ លោក ឈាង វុន អះអាងថា ស្នាមមេដៃខ្លះត្រូវបានគេរកឃើញថាមានផ្តិតជាន់គ្នាជាច្រើនដង។ ម្យ៉ាងទៀត មន្ត្រីបក្សកាន់អំណាចរូបនេះក៏បានអះអាងទៀតថា ការចោទប្រកាន់របស់បក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនអំពីការបាត់ឈ្មោះអ្នកបោះឆ្នោតជាងមួយលាននាក់ គឺជារឿងមិនពិត ពីព្រោះតែចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំនេះមានតែជាង ១៨ ម៉ឺននាក់ប៉ុណ្ណោះ ក្នុងនោះភាគច្រើនគឺជាអ្នកទើបគ្រប់អាយុ។ នេះបើយោងតាមលោក ឈាង វុន។
យ៉ាងណាក៏ដោយ ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរបានសន្យាថានឹងជួបគ្នាជាថ្មីទៀតនៅចុងសប្តាហ៍នេះ ក្នុងកិច្ចខិតខំស្វែងរកដំណោះស្រាយចេញពីវិបត្តិនយោបាយ។ គណបក្សសង្គ្រោះជាតិក៏បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា នឹងខិតខំរកដំណោះស្រាយតាមស្មារតីកិច្ចប្រជុំ១៦កញ្ញា៕
No comments:
Post a Comment
yes