ប្រាសាទព្រះវិហារ (រូបថត បូ សាវី)
អ្នកវិភាគ និងគណបក្សប្រឆាំង លើកឡើងថា ការបកស្រាយសាលដីកា របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ គឺគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា ដែលឈ្នះភាគីថៃ លើករណីដីនៅតំបន់ប្រាសាទព្រះវិហារ។
ការសាទរនេះ ធ្វើឡើងបន្ទាប់ពី តុលាការយុត្តិធម៌អន្តជាតិ (ICJ) កាលពីថ្ងៃចន្ទ ប្រកាសថា ប្រទេសកម្ពុជា មានអធិបតេយ្យភាពទៅលើដីនៅជុំវិញប្រាសាទព្រះវិហារ ដូចដែលមានចែងក្នុងកថាខណ្ឌ៨៨ ហើយថៃត្រូវតែដកចេញកម្លាំងទ័ព និងឆ្មាំទាំងអស់ចេញពីប្រាសាទព្រះវិហារ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា តុលាការនេះបានផ្តល់យុត្តិធម៌ដល់កម្ពុជាជាលើកទី២ ហើយបានថ្លែងអំណរគុណដល់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ដែលបានប្តឹងឈ្នះថៃលើសំណុំរឿងក្តីប្រាសាទព្រះវិហារឆ្នាំ១៩៦២នោះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នេះជាជោគជ័យរបស់កម្ពុជាលើភាគីថៃក្នុងការការពារទឹកដីរបស់កម្ពុជា ប៉ុន្តែរដ្ឋាភិបាលគួរតែប្តឹងពីបញ្ហាព្រំដែនជាមួយភាគីវៀតណាម ដែលកំពុងបំពាន រំលោភលើអធិតេយ្យភាព របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ៖ "នៅព្រំដែនខាងកើតដែលប្រទេសវៀតណាម បោះបង្គោលព្រំដែន តាមសាក្សីដែលយើងបានឃើញ តាមប្រជាពលរដ្ឋរស់នៅទីនោះបានឃើញ គឺថាមានការបោះបង្គោលព្រំដែន រំលោភលើដីខ្មែរ ហើយធ្វើឲ្យប្រទេសកម្ពុជាហ្នឹងបាត់បង់នូវដែនទឹក ដែនសមុទ្រ ដែនគោកមួយចំនួន មិនទាន់ដោះស្រាយនៅឡើយ ដោយឃើញថា កាលដែលប្តឹងទៅតុលាការទីក្រុងឡាអេ យើងទទួលបានជោគជ័យ យើងត្រូវតែប្តឹងទៅតុលាការទីក្រុងឡាអេ ទាក់ទងនឹងដែនដីដែលមានទំនាស់ជាមួយនឹងប្រទេសវៀតណាមផងដែរ"។
អ្នកវិភាគនយោបាយ លោក សុខ ទូច យល់ថា កម្ពុជាមិនគួររំលឹកពីដីទំហំ ៤,៦ គីឡូម៉ែត្រក្រឡា និងតំបន់ភ្នំទ្រព្យនោះទេ ព្រោះភ្នំនេះស្ថិតនៅជាមួយជួរភ្នំដងរែកដែលជារបស់កម្ពុជាស្រាប់។ លោកថា កម្ពុជាគួរធ្វើ តវ៉ាតាមផ្លូវច្បាប់ឲ្យថៃ សងសម្បត្តិបេតិកភ័ណ្ឌជាតិ ដែលថៃបានយកទៅនោះ ហើយសុំទោសប្រជាជនកម្ពុជា ៖ "គឺនៅតែថៃ ដែលជាប្រជាជាតិអាស៊ីអាគ្នេយ៍ ជាស្ថាបនិកអាស៊ាន ហើយបង្កើតឲ្យមានសង្គ្រាមនៅតាមព្រំដែន ដែលខុសទៅនឹងច្បាប់របស់អាស៊ាន ហើយនិងខុសនឹងច្បាប់អន្តរជាតិផង ទាំងអស់នេះ គឺថៃត្រូវតែធ្វើ ហើយកម្ពុជាជាម្ចាស់ផ្ទះ ត្រូវតែបញ្ចេញសកម្មភាពតាមផ្លូវច្បាប់ ដើម្បីកុំឲ្យថៃនៅតែបំពារបំពាន បើយើងនៅតែឱបដៃថាយើងនឹងបានប្រាសាទព្រះវិហារនោះហើយ យើងនៅតែឱបដៃ ថៃនឹងឆ្លៀតឱកាសធ្វើអ្វីមួយ ដើម្បីបង្កើតតំបន់នេះទៅជាតំបន់អសន្តិសុខ"។
លោក សុខ ទូច ទទូចឲ្យរដ្ឋាភិបាលខ្មែរ ឈប់យកសម្បត្តិបេតិកភ័ណ្ឌជាតិ ទៅវិនិយោគ ឬរកស៊ីរួមគ្នាជាមួយប្រទេសជិតខាង ព្រោះជាបទពិសោធន៍ ថៃធ្លាប់បំភ័នយកប្រាសាទព្រះវិហារកម្ពុជា ជាកម្មសិទ្ធិរបស់គេម្តងរួចហើយ។ ប៉ុន្តែលោកមិននិយាយចំៗ ចំពោះប្រាសាទអង្គរវត្តខ្មែរ ដែលកំពុងគ្រប់គ្រងចំណូលដោយឧកញ៉ា ដែលមានសញ្ជាតិវៀតណាមនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានអំពាវនាវជាថ្មីទៀត ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន និងពលរដ្ឋកម្ពុជា បន្តរក្សាភាពស្ងប់ស្ងាត់ ជៀសវាងការប៉ះទង្គិចដោយអាវុធ ហើយទុកលទ្ធភាពឲ្យនៃរាជរដ្ឋាភិបាលទាំងពីរ បន្តការពិភាក្សា ដើម្បីជំរុញការអនុវត្តសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ។
ជម្លោះរវាងកម្ពុជា និងថៃ នៅតំបន់ប្រាសាទព្រះវិហារ បានកើតឡើងបន្ទាប់ពីអន្តរជាតិទទួលស្គាស់ប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក កាលពីឆ្នាំ២០០៨ ។ ការផ្ទុះអាវុធនេះ បានធ្វើឲ្យធ្វើឲ្យខូចខាតតួប្រាសាទខ្លះ និងកងទ័ពមួយចំនួនរងរបួស និងស្លាប់៕
No comments:
Post a Comment
yes