សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 12, 2013

ពលរដ្ឋ​ជាប់​ខ្នោះ​នៃ​ភាព​ក្រីក្រដោយ​សារ​ការ​បំផ្លាញ​ធម្មជាតិ

131111_02
ឈើហ៊ុប​​រាប់​សិប​ដើម​ ​ត្រូវ​បាន​ក្រុម​ហ៊ុន​ព្រៃ​សម្បទាន​​មួយ​​​កាប់
​ គរទុក​ក្នុងព្រៃ​ ​នៃ​ទឹក​ដី​ខេត្តរតនគិរី។ រូបថត សហ​ការី
របៀប ធ្វើ​ប្រជាភិថុតិ​ស្រុក​ខ្មែរ ចាប់​តំាង​ពី​សម័យ​សង្គម​រាស្រ្ត​និយម ក្រោម​ការ​ដឹក​នាំ​សម្តេច​ឪ គឺ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​ល្មួត​រវាង​អ្នក​ចែក​អំណោយ និង​អ្នក​ទទួល​អំណោយ នៅ​តែ​កើត​មាន​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ​ហាក់​បី​ដូចជា​ការ​ធ្វើ​ត្រាប់​តាម​គ្នា អ៊ីចឹង ហើយ​ស្ទើរ​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ។
អ្នក​ចែក​អំណោយ និង​អ្នក​ទទួល​អំណោយ​ឃើញ​មុខ​ដដែលៗ ដូច​គ្នា គ្រាន់​តែ​អ្នក​ចែក​អំណោយ​ឥឡូវ​នេះ​សុទ្ធ​តែ​បណ្ឌិតៗ ក៏​មាន​ដែរ​ពេល​ខ្លះ​ត្រូវ​បាន​គេ​ឲ្យ​ងារ​ថា បណ្ឌិត​ចែក​អំណោយ​ផង​ដែរ។ សកម្មភាព​នេះ នៅ​តែ​ដិត​ដាម​ជាប់​នឹង​សង្គម​របស់​អ្នក​នយោបាយ​ស្រុក​ខ្មែរ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ឈ្នះ​គូ​បក្ខដិបក្ខ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ បើ​ទោះ​បី​ជា​មន្ទីរពេទ្យ គុន្ធបុប្ឆា សង្គ្រោះ​កុមារ​កម្ពុជា​អស់​ថវិកា​ម្តងៗ​សុំ​ជំនួយ ៣៧ លាន​ដុល្លារ​ក្នុង ១ ឆ្នាំ គឺ​រដ្ឋាភិបាល​គ្មាន​ថវិកា​ទេ បើ​ឲ្យ​ក៏​តិច​តួច​បេះ​ពី​មាត់ ពង្រាត់​ពី​ក​ដែរ ព្រោះ​មន្ទីរពេទ្យ​នេះ ប្រជា​ពលរដ្ឋ​យល់​ថា ជា​របស់​ម្ចាស់​ជំនួយ ដូចនេះ​មិន​បាន​ទាក់​ទាញ​សន្លឹក​ឆ្នោត​ទេ។ តែ​អំណោយ​គ្រាន់​តែ​ដោះស្រាយ​មួយ​គ្រា​ខ្លី​តែ​ប៉ុណ្ណោះ មិន​បាន​ធ្វើ​ឲ្យ​កែ​ប្រែ​ជីវភាព​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​ស្រុក​ខ្មែរ​នៅ​តែ​ចូល​ចិត្ត​អភិវឌ្ឍ​តាម​របៀប​ចែក​អំណោយ និង​បំផ្លាញ​ធនធាន​ធម្មជាតិ ដើម្បី​កំណើន​សេដ្ឋកិច្ច?

ដើម្បី​អួត​អំពី​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​រង្វង់ ៧ ទៅ ៨ ភាគរយ​ក្នុង ១ ឆ្នាំៗ តាម​រយៈ​ការ​ព្យាករ​របស់​មូលនិធិ​រូបិយប័ណ្ណវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គឺ​រាជ​រដ្ឋាភិបាល​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដូច​គេ​សរសើរ​ពី​ការ​ទស្សន៍ទាយ​ខ្ពស់​នោះ មាន​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បញ្ចើច​បញ្ចើ​ឲ្យ​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ជា​ពិសេស​កាប់​ឈើ​យក​លុយ​ទៅ​។ នៅ​ពេល​បាន​ចុះ​កិច្ច​សន្យា​ឲ្យ​ដល់​ដៃ​ក្រុមហ៊ុន​នោះ​គឺ គេ​លេង​ម៉ា​អស់​ដៃ វាត​យក​ដីធ្លី ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ប្រជា​ពលរដ្ឋ និង​អនុផល​ពី​ធម្មជាតិ​របស់​ពួក​គេ បើក​ភ្នែក​ឡើង​ឃើញ​តែ​រាស្ត្រ​យំ​សម្តែង​នៅ​ភាព​អយុត្តិធម៌​របស់​រាជ​រដ្ឋាភិបាល ខ្លះ​ទៀត​មិន​ត្រឹម​តែ​អស់​ដី​ទេ គឺ​ថែម​ទាំង​អស់​ផ្ទះ​សម្បែង​ទៀត គឺ​មាន​តែ​មួយ​ផ្លូវ​ទេ សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​លក់​កម្លាំង​ពលកម្ម​នៅ​ស្រុក​គេ​ដើម្បី​រស់ ហើយ​ជាក់ស្តែង​គឺ​បង្ក​ឲ្យ​កាន់​តែ​មាន​គ្រោះ​ធម្មជាតិ​ទៀត​ផង​។ ដូច​ឆ្នាំ​នេះ​គ្រាន់​តែ​ទឹក​លិច ២០ ខេត្ត-ក្រុង ក្នុង​ចំណោម ២៤ ខេត្ត-ក្រុង-រាជធានី ទូទាំង​ប្រទេស ហើយ​ខាត​បង់​អស់​តម្លៃ​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ និង​ដី​ស្រែ​ចម្ការ​រាប់​ម៉ឺន​ហិកតា នេះ​គឺជា​ស្នាដៃ​ដ៏​អាក្រក់​ពី​កំណើន​សេដ្ឋកិច្ច​បែប​ទាន់​ហន់ ដោយ​មិន​គិត​ពី​ផល​វិបាក​សង្គម និង​ទុក្ខវេទនា​របស់​ប្រជា​ពលរដ្ឋ តែ​ទៅ​បន្ទោស​ទៅ​លើ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ជា​សកល​ទៅ​វិញ​ហាក់​បី​ដូចជា​មិន​ឡូហ្ស៊ិក (Logic) សោះ។
រឿង ហ៊ឺហា​និង​កំណើន​សេដ្ឋកិច្ច ដែល​មិន​សមាមាត្រ​នឹង​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​សោះ បើ​ប្រៀប​ធៀប​កំណើន​សេដ្ឋកិច្ច នៅ​ស្រុក​ខ្មែរ​ជាង ៧ ភាគរយ​ធៀប​ទៅ​នឹង​ប្រទេស​ថៃ​ជិត​ខាង​កំណើន​សេដ្ឋកិច្ច​គឺ​ឡើង​យឺត​ណាស់​ប្រហែល​ជា ៤ ភាគរយ​ក្នុង ១ ឆ្នាំ តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ទៅ​ធ្វើ​ការ​លក់​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ជាង​កន្លះ​លាន​នាក់​ឯណោះ នេះ​មក​តែ​ពី​ការ​រក​ប្រាក់​ចំណូល​របស់​គេ​ក្នុង​មនុស្ស​ម្នាក់​ជា​មធ្យម ក្នុង ១ ឆ្នាំ​ច្រើន​ជាង​ខ្មែរ​ដល់​ទៅ ៨ ដង (WB, 2013)។ នេះ​មាន​ន័យ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​ប្រាក់​ខែ​ដល់​ដៃ​មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ​តិច​តួច​បំផុត តែ​ថវិកា​ជាតិ​ចំណាយ​ទៅ​លើ​រឿង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដដែលៗ រាល់​ឆ្នាំ​គឺ​ធ្វើ​ជាប់​ឥត​ដាច់ (ដូច ព្រហ្ម ម៉ាញ អ្នក​កំប្លែង​ថា អ៊ីចឹង) ដូចជា ស្ពាន ថ្នល់ លើក​ផ្លូវ ទំនប់ ដែល​បំផ្លិច​បំផ្លាញ​ដោយ​សារ​ទឹក​ជំនន់​ជា​រៀងរាល់​ឆ្នាំ​នោះ បើ​ទោះ​បី​ជា​កន្លែង​ខ្លះ​មាន​ម្ចាស់​ជំនួយ​ជួយ​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត ស្ថានភាព​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​របស់​ខ្មែរ​យើង​ខុស​ពី​បរទេស​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ទៅ​ធ្វើការ​នៅ​ស្រុក​គេ គឺ​លក់​កម្លាំង​ពលកម្ម​ដើម្បី​បាន​ប្រាក់​កម្រៃ ផ្ញើ​មក​ក្រុម​គ្រួសារ​ក្នុង​ស្រុក បើ​ទោះ​បី​ជា​រស់​នៅ​បែក​គ្នា​ប្តី​ប្រពន្ធ​កូន​ចៅ​ក៏​ដោយ គឺ​ឲ្យ​តែ​បាន​លុយ រី​ឯ​បរទេស​មក​ស្រុក​ខ្មែរ​គឺ​ភាគ​ច្រើន​មក​ធ្វើ​ថៅកែ​លើ​ខ្មែរ គេ​យក​ទាំង​ក្រុម​គ្រួសារ​គេ​មក​នៅ​ជាមួយ ហើយ​កូន​គេ​រៀន​សុទ្ធ​តែ​សាលា​ល្អៗ​មាន​ខ្លះ​ទៀត​ចង់​បង្កើត​ភូមិ​ខ្លួន​ឯង និង​សាលា​រៀន​ភាសា​របស់​គេ​ទៀត​ផង។
ដោយ​សារ​តែ​ស្រុក​ខ្មែរ​រវល់ តែ​រឿង​ចំណាយ​ថវិកា​ទៅ​លើ​គ្រោះ​ធម្មជាតិ​ហ្នឹង ដែល​បាន​បំផ្លាញ​វា​ហ្នឹង គឺ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ស្រុក​ខ្មែរ​យឺត​យ៉ាវ​ជាង​គេ​ជាង​ឯង​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន។ ប្រៀប​ដូច​និស្សិត​ខ្មែរ​សព្វ​ថ្ងៃ​នេះ ខិតខំ​រវល់​តែ​រៀន​ភាសា​អង់គ្លេស​អ៊ីចឹង គិត​តែ​រឿង​ភាសា​ហ្នឹង ស្រុក​គេ​មាន​ភាសា​អង់គ្លេស​ស្រាប់ គឺ​អភិវឌ្ឍ​ខ្លួន និង​ស្រាវជ្រាវ​អ្វី​ដែល​ថ្មីៗ​ទៅ​មុខ​លឿន​ជាង​យើង​ឆ្ងាយ​ណាស់។ ហេតុ​ដូចនេះ​ហើយ​រាជ​រដ្ឋាភិបាល គួរ​តែ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​គួរ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​រក​ដំណោះស្រាយ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​សង្គម​នៅ​រ៉ាំរ៉ៃ​បន្ត​ទៅ​ទៀត​ទៅ។
ការ​ចំណាយ​ថវិកា​នៅ​ឆ្នាំ ២០១៤ ឆ្នាំ​ក្រោយ​នេះ ដែល​កំពុង​តែ​ពង្រាង​នៅ​សភា​ជាតិ គឺ​ផ្តោត​សំខាន់​ជាង​គេ​គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​និង​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ ជួយ​អតីត​យុទ្ធជន​ពិការ ការ​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ដី​កសិកម្ម និង​វិនិយោគ​លើ​ការ​បង្កើន​សិប្បកម្ម​ផលិតផល​ក្នុង​ស្រុក​ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ស្រុក​មួយ​ផលិតផល​មួយ​សិន​ទៅ កុំ​ឲ្យ​តែ​ភ្លែត​ឡើង​ហក់​ភូមិ​មួយ ផលិតផល​មួយ​ដែល​ចង់​រលាយ​បាត់​ទៅ​ហើយ​នោះ៕

No comments:

Post a Comment

yes