សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 4, 2013

លោក​ទ្រីភាព​នឹងពង្រីក​ការ​ទិញ​ឈើ​នៅ​ទូទាំង​ប្រទេស​

អ្នក​នាំពាក្យ​របស់​លោក​ ទ្រី ភាព ដែល​​​ជា​​​អ្នក​រក​ស៊ី​ឈើ​​ដ៏​ល្បី​ឈ្មោះ​នៅ​​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​ ទ្រី ភាព​ ​កំពុង​ត្រៀម​​​​ពង្រីក​ការ​ទិញ​ឈើ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​តាម​​​រយៈ​​​គម្រោង​មួយ​ដែល​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​ឲ្យ​លោក​ទិញ​ឈើ​ កាប់​​​រួច​ទាំង​អស់​​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរី។
កាល​ពី​ខែ​កុម្ភៈ រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម​​ បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ឲ្យ​ក្រុមហ៊ុន​ ទ្រី ភាព​ អាហរ័ណ​នីហរ័ណ ដើម្បី​ទិញ​ឈើ​កាប់​រួច​ទាំង​អស់​នៅ​ក្នុង​តំបន់​ដី​សម្ប​​​ទាន​សេដ្ឋកិច្ច​នៅ​​​ទូទាំង​ខេត្ត​រតនគិរី​ ​ដែល​លោក​ ទ្រី ភាព​ មាន​​​​សិទ្ធិ​កាន់​កាប់​​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ពីរ​កន្លែង​។
មន្ត្រី​រដ្ឋាភិបាល​​បានអះអាង​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​ទប់​ស្កាត់​ការ​រកស៊ី​​ឈើ​ខុសច្បាប់​ ដែល​កើត​មាន​យ៉ាង​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ​។ តែ​​​អ្នក​ភូមិ​និង​អង្គការ​សិទ្ធិ​​​មនុស្ស​​​​បាន​លើក​ឡើង​ថា អ្វី​ដែល​បាន​កើតមាន​​​​ឡើង​​​​​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​បង្ហាញ​ថា ​វា ​​​មិន​ដូច្នោះ​​​​ឡើយ​ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​កិច្ច​ព្រមព្រៀង​​ដែល​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ទៅ​ឲ្យ​លោក​ ទ្រី ភាព​ នេះ​​​​​​។
លោក​ ភាង​ ចិត្រា មន្ត្រី​ទំនាក់​ទំនង​សាធារ​​​ណៈ​​​​នៅ​ក្រុមហ៊ុន​ទ្រី ភាព​​​អាហរ័ណ​​​ នីហរ័ណ​​​​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា លោក​មិន​ដឹង​ថា តើ​មាន​​​ឈើ​ចំនួន​ប៉ុន្មាន​ដែល​ក្រុម​​​ហ៊ុន​​​​បាន​ទិញ​ពី​​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរី​​ ចាប់​តាំងពី​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​​មក​នោះទេ​ ហើយ​ក៏​មិន​ដឹង​ថា ​តើ​​ក្រុម​​​ហ៊ុន​បាន​បង់​ប្រាក់​​​ចំនួន​ប៉ុន្មានដើម្បី​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​នេះ​ដែរ​។

ប៉ុន្តែ​លោក​​ ចិត្រា បាន​លើក​ឡើង​ថា ក្រុម​​​​​​ហ៊ុន​ឥឡូវនេះ​កំពុង​តែ​ចរចា​ជាមួយ​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ផ្សេង​ទៀត​ ដើម្បី​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខនៅ​​​​ក្នុង​ការ​ទិញ​ឈើ​ស្រដៀង​គ្នា​​​នេះ​បន្ថែម​ទៀត​។ លោក​ ចិត្រា បានមានប្រសាសន៍​ថា  “ឥឡូវនេះ​យើង​កំពុង​តែ​និយាយ​ជាមួយ​ម្ចាស់​ក្រុម​​​ហ៊ុន​ទាំង​នោះ​។ ប្រសិន​បើ​ពួក​គេ​យល់​ព្រម​​លក់​ឈើ​របស់​ខ្លួន​ យើង​នឹង​ចរចា​ពី​តម្លៃ​។ ហើយ​បន្ទាប់មក​ក្រសួង​កសិកម្ម​នឹង​​យល់​ព្រម​ចំពោះ​​​សំណើរបស់​យើង​”។
លោក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​​​​កំពុង​ចរចា​ជាមួយ​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​​​មួយ​​​ចំនួន​​​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ប៉ុន្តែ​បាន​បដិសេធ​មិន​​​បញ្ចេញ​ឈ្មោះ​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​​​នោះ ឬ​ឈ្មោះ​​​ខេត្តផ្សេង​​​ៗ​​​ទៀត​​​ដែល​​​កំពុង​​​មាន​​​ការ​​​ចរចា​​​​​​​ឡើយ​។

លោក​ ចិត្រា បាន​មាន​ប្រសាសន៍​បន្ថែម​​​ថា “ប្រសិន​​​​បើ​យើង​ប្រាប់​ឈ្មោះ​ខេត្ត​ទាំង​នោះ​ វា​នឹង​ប៉ះពាល់​ដល់​ការ​ចរចា”។ ដីសម្បទាន​សេដ្ឋកិច្ច​ភាគ​ច្រើន​គឺ​សម្រាប់​ដាំ​កៅស៊ូ និង​ការរុក​រក​រ៉ែ​ ដែល​​សព្វ​ថ្ងៃ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​យ៉ាង​តិច​២០ភាគរយ​នៃ​ផ្ទៃ​ដី​សរុប​របស់​ប្រទេស​កម្ពុជា  ហើយ​តែងតែ​​​ត្រួត​សីុគ្នា​ជាមួយ​​ដី​ព្រៃ​របស់​រដ្ឋ និង​ដែន​ជម្រក​សត្វព្រៃ​។
នៅ​ក្នុង​ខេត្ត​រតនគិរី អ្នក​ភូមិ​និង​អង្គ​ការ​សិទ្ធិ​មនុស្ស​​​បាន​រិះគន់​យ៉ាង​​​ខ្លាំងថា ​​​កិច្ច​ព្រម​ព្រៀង​ស្ដីពី​​ការ​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​ទិញឈើ​របស់​លោក​​ ទ្រី ភាព​ ដែល​​ទទួល​បាន​​ការ​អនុ​ម័ត​ពី​រដ្ឋាភិបាល​នេះ​​​ បាន​ធ្វើ​ឲ្យ​​​ការ​កាប់​​​ឈើ​ខុស​ច្បាប់​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុងខេត្ត​នេះ​ ដោយ​អ្នក​កាប់​ឈើ​ភាគ​​​ច្រើន​​​បាន​អះ​អាង​​ថា ជា​អ្នក​ធ្វើ​ការ​ឲ្យ​​ក្រុមហ៊ុន​របស់​លោក​ ទ្រី ភាព​។
លោក​  ចិត្រា  បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​ ទ្រី ភាព​ មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រកស៊ីឈើ​ខុស​ច្បាប់​នោះ​ឡើយ​ ប៉ុន្តែ​មាន​​​​​​​ជន​កាប់ឈើ​ខិលខូច​ “បាន​យក​ឈ្មោះ​ក្រុម​​​ហ៊ុន​របស់​ខ្ញុំ​ទៅ​​ប្រើ​ដើម្បី​ផល​​​ប្រយោជន៍​ខ្លួន​”។ នៅ​ពេល​ជាមួយ​​​គ្នា​នេះ​ដែរ  លោក  ចិត្រា​​​ បាន​សារ​​​ភាព​​​ថា ក្រុមហ៊ុន​របស់​លោក​គ្មាន​ ប្រព័ន្ធ​ណាមួយ​សម្រាប់​​​កំណត់​ថា តើ​ឈើ​​​ដែល​​​​ក្រុមហ៊ុន​បាន​ទិញ​ពី​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ចគឺ​​​ជា​​​ឈើ​​​ដែល​​​ត្រូវ​បាន​កាប់​ដោយ​ស្រប​ច្បាប់​ ឬក៏​ខុស​ច្បាប់​នោះទេ​។
លោក​ ចិត្រា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​​​ដឹង​ថា ថាតើ​មួយ​ណា​ស្រប​ច្បាប់​ មួយ​ណា​​​​ខុស​ច្បាប់​នោះ​ទេ។ ប៉ុន្តែ​​ព្រៃ​ឈើ​​ត្រូវ​បាន​កាប់​រានស្ទើ​រតែទាំង​អស់​ទៅ​ហើយ​​​​នៅ​ក្នុង​ខេត្ត​រតនគិរី ហេតុដូច្នេះ​តើ​យើង​អាច​និយាយ​​​​ថា វា​ជា​ឈើ​ខុសច្បាប់​យ៉ាង​​​ម៉េច​​​កើត​ទៅ?។ យើង​គ្រាន់​តែ​ទិញ​ឈើ​​​​​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ​។ យើង​មិន​បាន​ទិញ​ឈើ​ក្រៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើយ​”។
លោក​បាន​បន្ថែម​ថា “ខ្ញុំ​ម៉េច​​​នឹង​​​អាច​ដឹង​​​ថា​​​ តើ​​​ឈើ​​​​ត្រូវ​បាន​គេ​កាប់​នៅ​ក្រៅ​ដី​​​សម្បទាន​សេដ្ឋកិច្ច​ឬ​​​មិន​​​មែន​​​នោះ​?។ ខ្ញុំ​​ទិញ​តែឈើ​ក្នុង​​តំបន់​ដី​​​សម្ប​​​​​​​​​ទាន​​​​សេដ្ឋ​​​កិច្ច​​តែ​ប៉ុណ្ណោះ​។ ប្រសិន​បើ​គេ​កាប់​ឈើ​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​សេដ្ឋ​​​កិច្ច ហើយ​ដឹក​​​ជញ្ជូន​ចូល​មក​ក្នុង​តំបន់​ដី​សម្ប​​​ទាន​សេដ្ឋ​​​កិច្ច​ តើយើង​ធ្វើ​​​ម៉េច​​​ដឹង​​?”។
តែ​ទោះ​ជាយ៉ាង​ណា​ មន្ត្រី​មក​​​ពី​​​រដ្ឋបាល​ព្រៃឈើ ដែល​ទទួល​បន្ទុក​ក្នុង​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ការ​ស្ទាក់​ស្ទើ​រក្នុង​ការ​និយាយ​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​បច្ចុប្បន្នឬ​ក៏​កិច្ច​ព្រម​ព្រៀង​នាពេល​អនាគត​​របស់​ខ្លួន​​ជាមួយ​លោក​ ទ្រី ភាព​ ឡើយ​​​។ លោក​ ទឹម ស៊ីផា ប្រធាន​ផ្នែក​​​​នីតិកម្ម​ និង​ការ​អនុវត្ត​ច្បាប់​នៅឯ​​​រដ្ឋបាល​ព្រៃ​ឈើ​បាន​អះអាង​​​​ថា  លោក​មិន​បាន​ដឹង​ថា  មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​រតនគិរីទេ​​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដែល​​​​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ការ​កាប់ឈើ​ខុស​ច្បាប់​នោះ​ទេ​” ។ លោក​​បាន​បង្វែរ​សំណួរ​​​​ទាំងអស់​ទៅ​លោក វង្ស សុខសិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ ដែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិ​ប្បាយ​។
លោក​ ធន់ សារ៉ាត់ អនុប្រធាន​​នាយក​ដ្ឋាន​​​​រដ្ឋបាល​ផែនការ​ និង​ហិរញ្ញវត្ថុ​នៅ​រដ្ឋបាល​ព្រៃឈើ​បាន​បដិសេធ​មិន​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ឡើយ​ ហើយ​បាន​បង្វែរ​សំណួរ​ទាំង​អស់​ពាក់ព័ន្ធ​នឹង​ការ​កាប់ឈើ​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​រតនគិរី​ទៅ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​តុលាការ​វិញ​។ លោក​ វណ្ណ សង្វាត ស្នង​ការ​រង​នគរ​បាល​ខេត្ត​រតនគិរី​បាន​ទទួល​ស្គាល់​ថា ការ​កាប់​ឈើ​​​​ខុសច្បាប់​ និង​ការ​ដឹកជញ្ជូន​ឈើ​​មាន​ការ​កើន​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មែន​​​ហើយ​លោក​បាន​ឲ្យ​​​ដឹង​​​​ថា ថ្មីៗ​នេះ អាជ្ញាធរ​​​​មូលដ្ឋាន​ ទាហាន​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើបាន​បង្កើត​​​​​​​គណៈកម្មការ​រួម​មួយ​ ដើម្បី​ដោះ​ស្រាយ​ពី​បញ្ហា​នេះ​។
លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បង្កើត​គណៈកម្មការ​​រួម​មួយ​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំង​ការ​កាប់​ឈើ​ខុសច្បាប់​ និង​ការ​ដឹក​​​​ជញ្ជូន​ឈើ​តាម​ទូក​និង​រថយន្ត​ធំៗ ដែល​កំពុង​តែ​កើត​មាន​​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ខេត្ត”។

លោក​ ឆាយ ធី អ្នក​សម្របសម្រួល​​នៅ​អង្គការ​សិទ្ធិមនុស្សអាដហុកប្រចាំ​ខេត្ត​រតនគិរី​​បាន​លើក​ឡើង​ថា ដោយ​សារ​ការ​កាប់ឈើ​ខុសច្បាប់​មាន​ការ​កើន​ឡើង​ខ្លាំង​​​​នៅ​ក្នុង​ខេត្ត​រតនគិរីនោះ​​  ​​រដ្ឋាភិបាល​គួរ​តែលុប​ចោល​កិច្ច​ព្រម​ព្រៀង​ជាមួយ​លោក​ ទ្រី ភាព​។ លោក​ ឆាយ ធី បានមានប្រសាសន៍​ថា
“ក្រុមហ៊ុន​​ [ដែល​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដីសម្បទាន​សេដ្ឋកិច្ច​] ទាំង​នោះមិន​បាន​ធ្វើ​តាម​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​​ដែល​​ហាម​មិន​ឲ្យ​ពួក​គេ​កាប់​ឈើ​​ល្អៗ សូម្បី​តែ​​ឈើ​ដែល​​ស្ថិត​នៅក្នុង​ដី​សម្បទាន​​របស់​ខ្លួន​ឡើយ​​។ លោក​បាន​​​បន្ថែមទៀត​​​​ថា ហេតុ​​​ដូច្នេះអ្នក​​​ណា​ក៏​​​ដោយ​​​ដែល​ទិញ​ឈើ​ទាំង​នោះ​ រួម​ទាំង​លោក​ ទ្រី ភាព​ ផង​ គឺ​​មាន​ន័យ​ថា កំពុង​ទិញ​ឈើ​ខុសច្បាប់​ ទោះបី​ជា​ឈើ​ទាំង​នោះ​ត្រូវ​បាន​កាប់​ក្នុង​​​​ដី​សម្ប​ទាន​សេដ្ឋ​​​កិច្ច​ក៏​ដោយ​។

ក្នុង​ករណី​មួយ​នា​​​ពេល​ថ្មី​ៗ​នេះ​ លោក​​ ឆាយ ធី បាន​លើក​ឡើង​ថា លោក​បាន​ឃើញ​គេ​ដឹកឈើ​​​ប្រណិត​ដែល​បាន​មក​ពី​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​តាម​ទូក​ឆ្លង​កាត់​ទន្លេ​ស្រែ​ពក​នៅ​ក្នុង​ខេត្ត​រតនគិរី​។ អ្នក​ដឹកឈើ​តាម​​​​ទូក​នោះ​​បាន​ប្រាប់​គាត់​ថា ពួក​គេ​ធ្វើ​ការ​ឲ្យ​លោក​ ទ្រី ភាព​ ហើយ​កំពុង​ដឹកឈើ​ទាំង​នេះ​ទៅ​កាន់​​ប្រទេស​វៀតណាម​។
​កាល​ពី​សប្ដាហ៍​មុន ​អ្នក​ភូមិ​ដែល​បាន​ប្រទះ​ឃើញ​អ្នកកាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ អំឡុង​ការ​ដើរ​ល្បាត​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៅ​ក្នុង​ព្រៃ​ឡង់​​បាន​លើក​ឡើង​ថា អ្នក​កាប់​ឈើ​ទាំង​នោះ​ក៏​បាន​អះអាង​ថា ពួក​គេ​​ធ្វើ​ការ​​ឲ្យ​លោក​ ទ្រី​ ភាព​ ដែរ​។ លោក​ អ៊ូច ឡេង ​ជាប្រធាន​​ក្រុម​ការងារ​ពិសេស​​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា  កិច្ច​ព្រម​ព្រៀង​មួយ​ទៀត​ដែល​លោក​ ទ្រី ភាព​ បាន​ចុះហត្ថ​លេខា​​ជា​​​មួយ​​​​នឹង​​​រដ្ឋា​​​ភិបាលកាលពី​​​ដើម​ឆ្នាំ​នេះ​ស្ដី​​​ពី​​​ការ​​​ទិញ​ឈើ​​​​​កាប់​រួច​​​ខុស​ច្បាប់​​ប្រមាណ​​៥.០០០​​ម៉ែត្រ​គូប​​​ដែល​​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើរឹប​​​អូស​​​បាន​​​​ទូទាំង​ប្រទេស​​​​នោះ​​ក៏​​​ជា​​​បញ្ហា​​​មួយ​​​​ដែរ​។
រដ្ឋបាល​ព្រៃ​ឈើ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ ទ្រី ភាព​ អាហរ័ណ ​នីហរ័ណ បាន​ផ្ដល់​ប្រាក់​​​ចំនួន​៣,៤​លាន​ដុល្លារ​ ដើម្បី​ទទួល​បាន​​សិទ្ធិ​​ទិញ​ឈើ​​ដែល​រឹប​អូស​បាន​ប្រមាណ​៥.០០០​ម៉ែត្រ​គូប​នេះ។ លោក​ ចិត្រា បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​​​កំពុង​ត្រៀម​ដេញ​ថ្លៃ​យក​សិទ្ធិ​​ទិញ​ឈើ​ដែល​​រឹបអូស​បាន​ផ្សេង​ទៀត​នៅ​ចុង​ខែនេះ​។
លទ្ធ​​​ផល​​​នៃ​​​ការ​សិក្សា​មួយ​របស់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យា​ល័យ​ Maryland ដោយ​ប្រើ​រូប​ភាព​ ដែល​ទទួល​បាន​ពី​ផ្កាយ​រណប​របស់​សហ​រដ្ឋ​អាមេរិក​​និង​​​ដែល​​​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​​មនសិការ​កាល​​​ពីខែ​មុន​ថា បង្ហាញ​​​​​ថា ប្រទេស​កម្ពុជា​ជាប់​​​ចំណាត់ថ្នាក់​លេខ​​៥នៅ​ទូទាំង​ពិភព​លោក​ខាង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​​​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

No comments:

Post a Comment

yes