ព្រះសង្ឃដែលហែក្បួនធម្មយាត្រាសិទ្ធិយាត្រាពីខេត្តកំពត តាមផ្លូវជាតិលេខ៣ ប្រោះទឹកមន្តដល់ប្រជាពលរដ្ឋនៅតាមផ្លូវ ក្នុងតំបន់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣
ក្រុមអ្នកហែក្បួនសម្រាប់ទិវាសិទ្ធិមនុស្ស ១០ ធ្នូ មកពីតាមបណ្ដាខេត្តនៃតំបន់គោលដៅតាមដងផ្លូវជាតិទាំង៥ មកភ្នំពេញ បានអះអាងថា ពួកគេតែងត្រូវបានរំខានជាដរាប នៅពេលមកសម្រាកតាមវត្តនីមួយៗ។ ក្រុមដែលហែក្បួនថ្លែងថា ការយាយីភាគច្រើន គឺមន្ត្រីនគរបាល និងគណៈកម្មការនៅតាមវត្ត ដែលបញ្ជាឲ្យព្រះសង្ឃចាក់សោទ្វារ និងបិទរបងវត្ត មិនអនុញ្ញាតឲ្យស្នាក់នៅ។
ក្រុមបណ្ដាញសហគមន៍ មានព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលហែក្បួនធម្មយាត្រាសិទ្ធិយាត្រាសម្រាប់ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ចោទប្រកាន់ថា អាជ្ញាធរ និងមន្ត្រីធម្មការ និងសាសនានៅតាមវត្តនៃតំបន់គោលដៅសម្រាកនីមួយៗ គឺជាអ្នកដែលបញ្ជា និងនៅពីក្រោយខ្នងចំពោះការរារាំង មិនអនុញ្ញាតឲ្យក្រុមហែក្បួនសិទ្ធិយាត្រា និងធម្មយាត្រាបានស្នាក់នៅក្នុងវត្ត។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាអ្នកដឹកនាំការដង្ហែក្បួនប្រចាំទិសផ្លូវជាតិលេខ៦ ពីកំពង់ធំ មកភ្នំពេញ និយាយថា តាមគម្រោង ក្បួននឹងត្រូវស្នាក់នៅវត្តក្ដីចាស់ ស្ថិតក្នុងខេត្តកណ្ដាល។ យ៉ាងណាក៏ដោយ លោក វន់ ពៅ មិនរំពឹងថាអាចទៀងទាត់ទេ ព្រោះក្រុមហែក្បួនតែងត្រូវបានរារាំងចំពោះការស្នាក់នៅពីមន្ត្រីនគរបាល និងអាជ្ញាធរក្នុងតំបន់ជានិច្ច៖ «ហើយយប់មិញ មានរឿងដេកនៅវត្តបាធាយ ហ្នឹង ចោរលួចទូរស័ព្ទលួចអីយប់មិញ ហើយលុយសរុបទៅជាង ២០ម៉ឺនរៀល»។
លោក វន់ ពៅ បន្តថា កាលពីយប់ថ្ងៃទី៦ ធ្នូ មានទូរស័ព្ទចំនួន ៥គ្រឿង និងលុយប្រមាណ ២០ម៉ឺនរៀល របស់អ្នកហែក្បួន ត្រូវចោរលួចនៅស្រុកបាធាយ ខេត្តកំពង់ចាម។
ចំណែកព្រះតេជព្រះគុណ កែវ សុម៉ាលី ព្រះអង្គមានថេរដីកាពីទីដង្ហែក្បួនផ្លូវជាតិលេខ៣ ពីខេត្តកំពត ថា ក្រុមអ្នកដង្ហែក្បួនតែងជួបឧបសគ្គជាដរាប ដោយការរំខានមិនឲ្យស្នាក់នៅតាមវត្តជានិច្ច។ព្រះអង្គបន្តថា នៅថ្ងៃត្រង់សម្រាប់ថ្ងៃទី៧ ធ្នូ មន្ត្រីគណៈកម្មការវត្តជោតនារាម និងមន្ត្រីធម្មការខេត្តកំពង់ស្ពឺបានចុះរារាំងព្រះសង្ឃ ពុំអនុញ្ញាតឲ្យចូលឆាន់ចង្ហាន់ក្នុងវត្តទេ។ ជាងនេះទៀត ក្រុមហែក្បួន ក៏ពុំទាន់អាចកំណត់គោលដៅ ដើម្បីបានស្នាក់នៅនោះដែរ ព្រោះចំណុចដែលថាប្រុងនឹងស្នាក់នៅ តែងតែត្រូវរំខានជាដរាប៖ «ស្ថិតក្នុងខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៣ ហ្នឹង គឺវត្តមួយឈ្មោះថា វត្តជោតនារាម បានមន្ទីរធម្មការ និងសាសនា បានរារាំង ឲ្យព្រះសង្ឃមកបិទទ្វារ និងចាក់សោ ដើម្បីកុំឲ្យក្បួនធម្មយាត្រាចូល»។
ដោយឡែកផ្លូវជាតិលេខ៥ ពីខេត្តពោធិ៍សាត់ និងផ្លូវជាតិលេខ១ ខេត្តស្វាយរៀង និងផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ គឺមានបញ្ហាប្រហាក់ប្រហែលនឹងផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៦ ដែរ។ កាលពីព្រលប់ថ្ងៃទី៥ ក្រុមអ្នកហែក្បួនសម្រេចបិទផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តកំពង់ឆ្នាំង ប្រឆាំងនឹងការបិទរបងទ្វារវត្តមិនអនុញ្ញាតឲ្យស្នាក់នៅ។ ចំណែកខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី៦ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក៏បានបិទផ្លូវជាតិលេខ៤ ដូច្នេះដែរ ជាថ្នូរនឹងការបានស្នាក់នៅក្នុងវត្តនៅទីនោះ។
ទាំងមន្ត្រីនគរបាល និងជំនាញពាក់ព័ន្ធ តែងឆ្លើយតបវិញថា ពួកគេបានទទួលបទបញ្ជាពីថ្នាក់លើ ក្នុងការចុះអនុវត្តផែនការនេះ។
ប៉ុន្តែ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បដិសេធថា រដ្ឋាភិបាលពុំដែលបញ្ជាឲ្យមានការបិទខ្ទប់បញ្ហាដូចនេះឡើយ។ លោកបន្តថា ផ្ទុយទៅវិញ ពួកគេជាក្រុមដែលរដ្ឋាភិបាលចាត់ទុកថា គឺជាផ្នែកមួយដែលចាំបាច់ទទួលខុសត្រូវ។ លោក ផៃ ស៊ីផាន ទម្លាក់ការទទួលខុសត្រូវចំពោះបញ្ហានេះ ទៅលើថ្នាក់មូលដ្ឋាន ព្រោះពួកគេ គឺជាអ្នកដោះស្រាយដោយផ្ទាល់។ ហើយម្យ៉ាងថា តើក្រុមអ្នកហែក្បួនទាំងអស់ មានលិខិតអនុញ្ញាតត្រឹមកម្រិតណាក្នុងការស្នាក់នៅ។
លោក ផៃ ស៊ីផាន៖ «យើងឥតមានទេ យើងឥតមានផែនការ អាហ្នឹងជាកម្មសិទ្ធិផ្ទាល់របស់វត្ត។ ហើយអ្នកម្ចាស់កម្មសិទ្ធិករ គឺព្រះចៅអធិការនៅតាមវត្តនីមួយៗហ្នឹងឯង។ ដូច្នេះ អ្នកណាក៏ដោយ ដែលចង់ទៅធ្វើសកម្មភាពនៅវត្ត ត្រូវតែសុំការអនុញ្ញាតព្រះចៅអធិការហ្នឹងដដែល។ ខ្ញុំមិនដឹងថា តើមានការសុំជាលាយលក្ខណ៍អក្សរប៉ុន្មានព្រះអង្គក្នុងការដង្ហែធម្មយាត្រានៅនោះទេ»។
តាមកាលកំណត់ ក្រុមទាំង៥នៃផ្លូវជាតិសំខាន់ៗ នឹងមកដល់ភ្នំពេញមុនថ្ងៃ ១០ ធ្នូ។ ចំណែកតំណាងតាមក្រុមនីមួយៗបានបញ្ជាក់ថា គិតមកដល់ពេលនេះ ចំនួនអ្នកចូលរួមហែក្បួន មានកំណើនកើនឡើងជាងប្រាំថ្ងៃមុន។ ចំណែកចម្ងាយផ្លូវនៅតាមតំបន់គោលដៅនីមួយៗ នៅសល់ប្រហែលជាង ៤០គីឡូម៉ែត្រទៀត នឹងមកដល់រាជធានីភ្នំពេញ៕
No comments:
Post a Comment
yes