ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ អំពាវនាវឲ្យពលរដ្ឋខ្មែរផ្លាស់ប្តូរថ្នាក់ដឹកនាំបច្ចុប្បន្ន តាមរយៈការបោះឆ្នោតឡើងវិញ ដោយហេតុផលថា ពលរដ្ឋបាត់បង់សិទិ្ធរបស់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំ។
ក្នុងការអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យថា សិទ្ធិរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តាមរយៈសន្លឹកឆ្នោត ត្រូវបានលួច។ លោកបន្តថា ពលរដ្ឋត្រូវតែផ្លាស់ប្តូរថ្នាក់ដឹកនាំបច្ចុប្បន្នតាមរយៈសន្លឹកឆ្នោត ដោយហេតុផលថា នេះជារដ្ឋាភិបាលកុម្មុយនីស្ត និងផ្តាច់ការ ៖ "យើងចង់ធ្វើការផ្លាស់ប្ដូរតាមរយៈសន្លឹកឆ្នោតយើង យើងមិនចង់ទុកអ្នកដឹកនាំកុម្មុយនីស្ដ ផ្ដាច់ការឲ្យនៅបន្ដអំណាច៣០ឆ្នាំជាងនេះតទៅទៀតទេបងប្អូន" ។
លោក កឹម សុខា ឲ្យដឹងទៀតថា គណបក្សសង្គ្រោះជាតិ កំពុងស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាមរយៈការបន្តទាមទារឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងទទួលជ័យជម្នះក្នុងអាណត្តិនេះ ដោយមិនរង់ចាំអាណត្តិក្រោយនោះទេ។
ចំណែក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាកំពុងដើរថយក្រោយ បើធៀបនឹងប្រទេសជិតខាង។ លោកលើកទ្បើងពីនិទណ្ឌភាពនៅកម្ពុជា ករណីការបាញ់សម្លាប់ពលរដ្ឋម្នាក់ លើស្ពានអាកាសក្បាលថ្នល់ និងស្ត្រីលក់បាយម្នាក់ នៅក្បែរស្ពានស្ទឹងមានជ័យ។ លោកថា រហូតមកទល់ពេលនេះ ជនល្មើសមិនត្រូវបានចាប់មកផ្តន្ទាទោសនោះទេ ៖ "យើងយ៉ាប់យ៉ឺនក្រីក្រអន់ថយ ដោយសារយើងមានអ្នកដឹកនាំអាក្រក់តែសួរថា អ្វីបានគេមានអ្នកដឹកនាំល្អពីព្រោះស្រុកគេមានការបោះឆ្នោតត្រឹមត្រូវ" ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅកម្ពុជា ហៅកាត់និកហ្វិច(Nicfec) លោក ហង្ស ពុទ្ធា យល់ថា ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ គឺជារឿងពិបាកមួយ ពីព្រោះលុះណាតែមានការយល់ព្រមពីគណបក្សកាន់អំណាច។ លោក គិតថា ការបោះឆ្នោតទ្បើងវិញ អាចនាំឲ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបច្ចុប្បន្ននេះ អាចប្រឈមជាថ្មីនឹងការចាញ់ឆ្នោត ឬឈ្នះឆ្នោតនៅអាណត្តិទី៥នេះ ៖ "ការសម្រេចចិត្ដចុងក្រោយវាហាក់ដូចជាអំណាចឋិតនៅលើគណបក្សប្រជាជនដែលជាអ្នកកាន់អំណាចទៅវិញ អញ្ចឹងគណបក្សប្រជាជនលោកមានជម្រើសពីរ ជម្រើសទីមួយ បើសិនជាបោះឆ្នោតឡើងវិញ អាចចាញ់អាចឈ្នះ ប៉ុន្ដែបើមិនបោះទេ គឺមានន័យថាខ្លួនកំពុងតែឈ្នះចឹងគណបក្សប្រជាជននឹងមិនឯកភាពនឹងការបោះឆ្នោតឡើងវិញទេ" ។
កាលពីដើមខែវិច្ឆិកា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានថា គណបក្សនេះដាក់ឱសានវាទដល់គណបក្សប្រជាជនកម្ពុជា នៅត្រឹមចុងឆ្នាំនេះ ដើម្បីចរចាដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិព្រមានថា ខ្លួននឹងដឹកនាំធ្វើបាតុកម្មកាន់តែមានទ្រទ្រង់ធំ និងមានរយៈពេលយូរជាងបាតុកម្មកន្លងមក ប្រសិនបើគណបក្សកាន់អំណាចមិនទទួលយកលក្ខខណ្ឌចរចារបស់ខ្លួន៕
No comments:
Post a Comment
yes