(រូបភាពពី ហ្វេសប៊ុក)
ក្រុមធម្មយាត្រា-សិទ្ធិយាត្រា ត្រៀមលើកយកបញ្ហាប្រឈមចម្បងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដាក់ជូនតំណាងរាស្ត្រនៅថ្ងៃ១០ធ្នូនេះ ឲ្យជួយពិចារណាដោះស្រាយដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ឲ្យដឹងថា ក្បួនធម្មយាត្រា-សិទ្ធិយាត្រា ដែលមានសកម្មជនសិទ្ធិមនុស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃ ចូលរួមដើរដង្ហែ និងផ្សព្វផ្សាយអប់រំ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពពលរដ្ឋតាមមូលដ្ឋាន រយៈពេល ១០ថ្ងៃ មកពីខេត្តចំនួន៥ គឺបានកំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។ លោកថា ក្បួនដើរដង្ហែរយៈពេល ៨ថ្ងៃមកនេះក្រុមមិត្ត១០ធ្នូ បានជួបប្រជាពលរដ្ឋតាមមូលដ្ឋានជាច្រើន និងទទួលបាននូវពាក្យបណ្តឹង ត្អូញត្អែរជាច្រើន ពីប្រជាពលរដ្ឋតាមមូលដ្ឋានដែលភាគច្រើនមានជនរងគ្រោះពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការបណ្តេញចេញ និងការំលោភសិទ្ធិរស់នៅជាដើម។
លោក អំ សំអាត បន្តឲ្យដឹងថា ក្រុមមិត្ត១០ធ្នូ នឹងប្រមូលផ្តុំនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ចងក្រងជា ញត្តិមួយ ដាក់ជូនតំណាងរាស្ត្រ ដោះស្រាយក្នុងនាមតំណាងពលរដ្ឋទាំងមូល។ ជាមួយគ្នានេះ លោកឲ្យដឹងទៀតថា ក្រុមមិត្ត១០ធ្នូ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ទាំង៥នោះ ប្រមូលផ្តុំគ្នា នៅមុខរដ្ឋសភាជាតិ វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ទាមទារបញ្ចប់ ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
នៅទិវាសិទ្ធិមនុស្ស ១០ធ្នូ នេះដែរ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយថ្នាក់ដឹកនាំគណបក្សនេះ គ្រោងដើរដង្ហែក្បួនដោយសន្តិវិធី ដោយរំពឹងមានអ្នកចូលរួមរាប់ម៉ឺននាក់ ឆ្ពោះទៅកាន់មន្ទីររដ្ឋសភា ដែលជាស្ថាប័នជាតិ តំណាងឲ្យប្រជាពលរដ្ឋទាំងមូល ដើម្បីឲ្យអ្នកចូលរួមអាចបង្ហាញពីសិទ្ធិរបស់ខ្លួន និងទាមទារការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា៕
No comments:
Post a Comment
yes