សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 20, 2014

គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​លិខិត​ចំហ​ស្ដីពី​ប្រាក់​ឈ្នួល​នៅ​កម្ពុជា

កម្មករ ប៉ូលិស ផ្លូវ​វ៉េងស្រេង ៦១០
បាតុករ​ដែល​ត្រូវ​កម្លាំង​ចម្រុះ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា
​លើ​ក្រុម​កម្មករ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ម្ដុំ​សួន​ឧស្សាហកម្ម​
កាណាឌីយ៉ា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​លិខិត​ចំហ​មួយ​ស្ដីពី​ប្រាក់​ឈ្នួល​នៅ​កម្ពុជា ដោយ​អំពាវនាវ​ដល់​សាធារណជន សហជីព និង​ក្រុមហ៊ុន​ធំៗ លើ​សកល​លោក ឱ្យ​គាំទ្រ​កម្មករ​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ដែល​ទទូច​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​បាញ់​កម្មករ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុករ​នៅ​ដើម​ខែ​មករា។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​លិខិត​ចំហ​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​ផលិតផល កុំ​គាំទ្រ​ផលិតផល​ធ្វើ​នៅ​កម្ពុជា ណា​ដែល​ប្រឡាក់ប្រឡូស​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច។
ក្នុង​លិខិត​ចំហ​ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃ​ទី​១៩ មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដែល​មាន​ម៉ាក​ល្បី​ធំៗ និង​សហជីព​សកល​លោក​ថា អ្នក​ទាំង​នោះ គួរ​តែ​មាន​ជំហរ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ការ​ប្រើ​អាវុធ​ដោយ​យោធា និង​នគរបាល បង្ក្រាប​កម្មករ​អ្នក​តវ៉ា ដែល​បណ្ដាល​ឱ្យ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា។
លិខិត​បន្ត​ថា សហគមន៍​សាជីវកម្ម និង​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​បញ្ហា​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ទាំង​អស់ កំពុង​ដើរ​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹមត្រូវ​មួយ ដោយ​គាំទ្រ​ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ និង​ដោយ​ឯករាជ្យ​លើ​ការ​បង្ក្រាប​បាតុកម្ម​ថ្មីៗ​នេះ។

ការ​ចេញ​លិខិត​នេះ គឺ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទូច​ដល់​រដ្ឋាភិបាល ឱ្យ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​ការ​ប្រើ​អាវុធ និង​កម្លាំង​ហួសហេតុ​បង្ក្រាប ដែល​បណ្ដាល​ឱ្យ​ស្លាប់ ៤​នាក់ និង​ជា​ច្រើន​នាក់​រង​របួស។
លោក សុរិយា ស៊ូប៊ែឌី បាន​លើក​ឡើង​ដូច្នេះ៖ «ខ្ញុំ​បាន​ស្នើ​សុំ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី បើក​ការ​ស៊ើប​អង្កេត​ទូលំទូលាយ​មួយ ហើយ​នាំ​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ​ឡើង​តុលាការ ដើម្បី​ពិនិត្យ​មើល ថា​តើ​មាន​ការ​មិន​គោរព​បទ​បញ្ជា ឬ​អ្នកណា​ចេញ​បទ​បញ្ជា​ផ្អែក​លើ​មូលដ្ឋាន​អ្វី ថា​តើ​ពិត​ជា​មាន​ភាព​ចាំបាច់​ពិត​ប្រាកដ​មែន​ឬ​ទេ ក្នុង​ការ​ប្រើ​កម្លាំង​ច្រើន​ហួស​បែប​នោះ? ដូច្នេះ យើង​ត្រូវ​តែ​ទៅ​ឱ្យ​ដល់​មូលដ្ឋាន​នៃ​ការ​ពិត​នោះ​សិន មុន​នឹង​ខ្ញុំ​បញ្ចេញ​មតិ​របស់​ខ្ញុំ។ ចំពោះ​អ្នក​ដែល​បាត់បង់​ជីវិត​ទៅ​នោះ ត្រូវ​តែ​មាន​អ្នក​ទទួល​ខុសត្រូវ។ ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់ ទុក​ចិត្ត​បាន និង​ឯករាជ្យ នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២ ទី​៣ និង​ទី​៤ មករា»។
លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ថា ការ​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​របស់​កម្មករ គឺ​ជា​ការ​ទាមទារ​សមហេតុផល។ ការ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់ឈ្នួល ដែល​ផ្ដល់​តម្លៃ​ដល់​កម្មករ គឺ​ជា​សិទ្ធិមនុស្ស។ ដំណោះស្រាយ អាច​រក​បាន​នៅ​ពេល​ណា​កម្មករ និង​ថៅកែ​អាច​ចរចា​គ្នា​ដោយ​សុទ្ធចិត្ត គឺ​មិន​មែន​ចរចា​ក្នុង​បរិយាកាស​ប្រើ​ហិង្សា បំភិតបំភ័យ និង​ប្រព័ន្ធ​តុលាការ​ពុករលួយ ដែល​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព​ដែល​ក្រោក​ឈរ​ដើម្បី​យុត្តិធម៌​នោះ​ទេ។
ដើម្បី​ឈាន​ទៅ​មុខ​បាន ត្រូវ​តែ​បង្កើត​ឱ្យ​មាន​យន្តការ​កំណត់​ប្រាក់​ឈ្នួល​មួយ។ យន្តការ​នេះ​ត្រូវ​មាន​តម្លាភាព គឺ​មាន​ជម្រើស​ឱ្យ​ថៅកែ​រោងចក្រ​ចរចា​ផ្ទាល់​ជាមួយ​កម្មករ ជាជាង​តាម​រយៈ​រដ្ឋាភិបាល ឬ​សមាគម​រោងចក្រ។ លើស​ពី​នេះ​ទៀត គួរ​តែ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​លើក​ទឹកចិត្ត​មួយ សម្រាប់​ឱ្យ​រោងចក្រ​ដែល​ជា​អ្នក​ផ្គត់ផ្គង់ អនុវត្ត​តាម​អនុសាសន៍​នៃ​កម្មវិធី​រោងចក្រ​កម្ពុជា​ល្អ​ប្រសើរ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ។ របាយការណ៍​របស់​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ គួរ​តែ​ផ្សាយ​ជា​សាធារណៈ សម្រាប់​ឱ្យ​អ្នក​ផ្គត់ផ្គង់ និង​រោងចក្រ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​បញ្ជា​ទិញ កម្មករ អ្នក​ប្រើប្រាស់ និង​សាធារណជន។
ក្រុមហ៊ុន​ដែល​មាន​ម៉ាក​ល្បី​ធំៗ និង​សហជីព​លើ​ពិភពលោក ត្រូវ​តែ​បញ្ជូន​សារ​ម៉ឺងម៉ាត់​មួយ ដោយ​មិន​អត់​អោន​ដាច់​ខាត​ចំពោះ​អំពើ​ពុករលួយ​ ពេល​ទាក់ទង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ឬ​សមាគម​កាត់​ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង។ កម្រិត​មហា​ពុករលួយ​នៅ​ប្រទេស​កម្ពុជា គឺ​បាន​ធ្វើ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ នៅ​ខណៈ​ដែល​ប្រាក់ឈ្នួល​ថោក និង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ផ្លូវ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ល្អ​ប្រសើរ និង​ថ្លៃថ្នូរ​សម្រាប់​ពលរដ្ឋ​គ្រប់រូប។
ខណៈ​ដែល​ប្រាក់​ចំណូល ៨៥% បាន​មក​ពី​ការ​នាំ​ចេញ​នោះ វា​ជា​ប្រយោជន៍​របស់​អ្នក​គ្រប់​គ្នា​ក្នុង​ការ​ដោះស្រាយ​មូលហេតុ​នៃ​វិបត្តិ​បច្ចុប្បន្ន​នេះ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា និង​បទដ្ឋាន​អន្តរជាតិ ត្រូវ​មាន​ការ​អនុវត្ត​ត្រឹមត្រូវ៕

No comments:

Post a Comment

yes