លោក ម៉ម សូណង់ដូ ថ្លែងជាមួយអ្នកកាសែតនៅព្រលានយន្តហោះភ្នំពេញយប់មិញ
ភ្នំពេញៈ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលជាប់ចោទពាក់ព័ន្ធក្នុងអ្វី ដែលរដ្ឋាភិបាលហៅថាការធ្វើអបគមន៍ក្នុងខេត្តក្រចេះ បានត្រឡប់ពីបរទេសមកដល់រាជធានីភ្នំពេញវិញ កាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការអះអាងរបស់មន្ត្រីសមាគម។
លោក ជា បំរុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីយប់មិញថា លោកប្រធាន ម៉ម សូណង់ដូ ចុះពីយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១០ យប់ថ្ងៃព្រហស្បតិ៍ ដោយមានសមាជិកសមាគមប្រមាណជា៣០០នាក់រង់ចាំទទួលស្វាគមន៍ ជាមួយនឹងអ្នកកាសែតជាច្រើននាក់ផងដែរ។
លោក ជា បំរុង មានប្រសាសន៍ថា៖ «លោកប្រធាននៅតែឆ្លើយសំណួរអ្នកកាសែតក្នុងភាពស្វាហាប់ដដែល។ មើលទៅលោកដូចជាគ្មានក្តីបារម្ភអ្វី អំពីព័ត៌មានពីការចាប់ខ្លួនលោកទេ»។ លោកបញ្ជាក់ដែរថា៖ «លោកប្រធានប្រាប់ទៅអ្នកកាសែតចោមរោមលោក ជុំវិញការព្រមានរកចាប់ខ្លួនលោកថា ធម្មតាទន្សាយតែរត់រួចហើយ ក៏គេនៅតែចង់ចាប់ស៊ីទៀតដែរ តែរឿងហ្នឹងវាធម្មតាទេ ទៅខ្លាចអី បើយើងជាអ្នកស្នេហាជាតិ»។
តាមការសង្កេតរបស់លោក ជា បំរុង ក្នុងការវិលត្រឡប់របស់លោក ម៉ម សូណង់ដូ យប់មិញនៅពោធិ៍ចិនតុងនេះ ដូចជាគ្មានវត្តមានសមត្ថកិច្ចអីគួរឲ្យកត់សម្គាល់ទេ លោកថា មានខ្លះដែរជាជនស៊ីវិលមកតាមដានមើលនិងស្តាប់។ លោកបញ្ជាក់ដែរថា បន្ទាប់ពីឆ្លើយនឹងអ្នកកាសែតប្រមាណ២០នាទី លោកប្រធាន ក្រុមគ្រួសារ និងសមាជិកសមាគម បានចាកចេញពីព្រលានយន្តហោះ នៅម៉ោងប្រមាណ ១០កន្លះសំដៅមកលំនៅដ្ឋាននៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
លោក ម៉ម សូណង់ដូ មិនអាចទាក់ទងផ្ទាល់តាមទូរស័ព្ទបានទេយប់មិញនេះ តែអ្នកស្រី ឌិន ផាណារ៉ា ជាភរិយានិងជាជំនួយការលោកផ្ទាល់បានថ្លែងថា៖ «ខ្ញុំមានកិត្តិយស និងមោទនភាពខ្លាំងណាស់ ដែលស្វាមីខ្ញុំគាត់់ស្រឡាញ់ប្រទេសជាតិ ហើយគាត់មានក្តីក្លាហានណាស់»។ អ្នកស្រីបន្តថា រដ្ឋាភិបាលពុំមានចេតនាចាប់ខ្លួន លោក សូណង់ដូ ឡើយ។ អ្នកស្រីថា៖ «ស្វាមីខ្ញុំមិនពាក់ព័ន្ធជាមួយក្រុម ប៊ុន រដ្ឋា [មេខ្លោងជាប់ចោទបះបោរធ្វើអបគមន៍]ឡើយ»។
លោកជា បំរុង ថ្លែងដែរថា គណៈកម្មាធិការអចិន្រៃ្តយ៍សមាគមមិនបានដឹងអំពីសកម្មភាពរបស់ក្រុម ប៊ុន រដ្ឋា ទេ។
លោកបន្តថា៖ «យើងសូមធ្វើការបកស្រាយជាសាធារណៈថា គណៈកម្មាធិការអចិន្រៃ្តយ៍នៃសមាគមអ្នកប្រជាធិបតេយ្យមិនបានបញ្ជាឈ្មោះ ប៊ុន រដ្ឋា ឲ្យបង្កើតតំបន់អបគមន៍ នៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះទេ ហើយក៏មិនបានដឹងអំពីសកម្មភាពរបស់ក្រុម ប៊ុន រដ្ឋា នេះដែរ»។
លោក ផៃ ស៊ីផាន រដ្ឋលេខានិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំសូមបញ្ជាក់ថា រហូតមកទល់ពេលនេះ គ្មានសញ្ញាណាមួយពីការចាប់ខ្លួនលោកម៉មសំណង់ដូទេ»។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអាជ្ញាធរចាប់ខ្លួនក្រុម ប៊ុន រដ្ឋា ទាក់ទិននឹងរឿងបង្កើតតំបន់អបគមន៍នៅ ភូមិប្រមា។ លោកក៏អំពាវនាវឲ្យសមាជិករបស់ក្រុម ប៊ុន រដ្ឋា ចូលខ្លួនសារភាព និងបានសន្យាថា រដ្ឋាភិបាលនឹងមិនយកទោសពួកគេទេ ក្រៅតែពីការធ្វើជាសាក្សីរកមេខ្លោង។
លោក ហ៊ុន សែន បានមានប្រសាសន៍ឲ្យចាប់ខ្លួនប្រធានសមាគមប្រជាធិបតេយ្យ ដែលហាក់សំដៅទៅរកលោក ម៉ម សូណង់ដូ ខណៈត្រូវចោទអំពីការបង្កើតរដ្ឋក្នុងរដ្ឋ ប្រឆាំងរាជរដ្ឋាភិបាល។ លោកថ្លែងដែរថា មេខ្លោងរូបនេះនឹងត្រូវកាត់ទោសកំបាំងមុខរួចចាំសុំ ធ្វើបត្យាប័នជាក្រោយខណៈលោក ម៉ម សូណង់ដូ កំពុងស្ថិតនៅក្រៅប្រទេស៕
No comments:
Post a Comment
yes