សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 24, 2014

វិភាគ​៖ឧបសគ្គ​នៃ​ការចរចា​រវាងគណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​​

លោក សម រង្ស៊ី(ឆ្វេង) ប្រធានគណបក្សសង្គ្រោះជាតិ និង​
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន​(រូបភាពដោយ តាត ឧត្ដម)​

មកដល់ពេលនេះ ការជាប់គាំង​នយោបាយ​ខ្មែរ​បាន​អូសបន្លាយ​អស់​រយៈពេល​៦​ខែ​មក​ហើយ​។ ក្នុងកំលុងពេល​ជាប់គាំង​នយោបាយ​នេះ គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​បាន​ព្យាយាម​ដោះស្រាយ​វិវាទ​តាមរយៈ​តុ​ចរចា​ជា​ច្រើនលើក​ច្រើនសា​។​
​របៀបវារៈ​នៃ​ការចរចា​រវាង​គណបក្ស​ទាំងពីរ មិន​ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​អ្នកតាមដាន​សភាពការ​ណ៍​នយោបាយ​បាន​ដឹងឮ​ទេ ទោះបីជា​មាន​ការទាមទា​រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការចរចា​នោះ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ក្ដី​។​
​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច យល់ថា ឧបសគ្គ​នៃ​ការចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រាំ​ចំណុច ទី​១ អ្នកនយោបាយ​បែរខ្នង​ដាក់​គ្នា​មិន​ព្រម​រក​ដំណោះស្រាយ ទី​២ គណបក្ស​ទាំង​ពីរ​ប្រកាន់​ផ្លូវ​ផ្សេងគ្នា មិន​មាន​ចំណុចរួម គឺ​មួយ​ប្រកាន់​ឆ្វេង មួយ​ប្រកាន់​ស្ដាំ ទី​៣ អ្នកនយោបាយ​មិន​យក​ឆន្ទៈ​នយោបាយ​មក​ដោះ​ស្រាយ បែរ​ជា​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ ជា​ហេតុ​ធ្វើឲ្យ​ស្ថានការ​តឹងតែង​ដូច​ពេល​បច្ចុប្បន្ន ទី​៤ គណបក្ស​ទាំង​ពីរ​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​រៀងៗ​ខ្លួន   ម្ខាង​អាង​កម្លាំង​ប្រជាជន ឯ​ម្ខាង​អាង​កម្លាំងប្រដាប់អាវុធ ដែលជា​ឧបករណ៍​របស់​រដ្ឋ និង​ចំណុច​ទី​៥ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការគាំទ្រ​ពី​អន្តរជាតិ ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​ទៅលើ​គណបក្ស​ប្រជា​ជន​​កម្ពុជា ឯ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ខ្លួន​មាន​លុយ​សម្រាប់​ដេកស៊ី និង​សម្រាប់​បើក​ប្រាក់ខែ​។ លោក​បន្ថែមថា ការបកស្រាយ​រដ្ឋធម្មនុញ្ញ ក៏​ជា​ឧបសគ្គ​មួយ​ផង​ដែរ «បាទ​ចំណុច​មួយទៀត គឺ​គេ​អាង​ទៅលើ​រដ្ឋធម្មនុញ្ញ ម្នាក់ៗ​សុទ្ធតែ​បកស្រាយ​រដ្ឋធម្មនុញ្ញ​យ​ក​ត្រូវ​រៀងខ្លួន អា​ហ្នឹង​ហើយ​ដែល​ជា​រនាំង​ចង​នៃ​ប្រព័ន្ធ​ចរចា​មិនឲ្យ​ខិត​ជិត​គ្នា»​។​
​អ្នកវិភាគ​រូបនេះ​ក៏​សង្កត់ធ្ងន់​ផងដែរ​ថា របៀបវារៈ​នៃ​ការចរចា និង​ការមិនទុកចិត្ត​គ្នា ក៏​ជា​ឧបសគ្គ​ផងដែរ​។ លោក​ថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោ​ត និង​ការបោះឆ្នោត​ឡើងវិញ ឬ​បោះឆ្នោត​មុន​អាណត្តិ គឺជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទទួលយកបាន​។​

​អ្នកវិភាគ​បញ្ហា​សង្គម​លោក កែម ឡី យល់ថា ឧបសគ្គ​នៃ​ការចរចា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​មាន​ប្រាំពីរ​ចំណុច ទី​១ ​ស្រុក​ខ្មែរ​គ្មាន​យន្តការ​ដោះស្រាយ​នយោបាយ​ពិតប្រា​ក​ដ ទី​២ អាកប្បកិរិយា​អ្នកនយោបាយ ប្រកាន់​តឹង​រៀងៗ​ខ្លួន គិត​ផលប្រយោជន៍​បក្ស ជាង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ទី​៣ គឺ​អាក្បកិរិយា​បុគ្គល ដែល​យក​ជម្លោះ​នយោ​បា​យ​ធ្វើ​ជា​ជម្លោះ​បុគ្គល ស្អប់​គ្នា​ទៅវិញទៅមក មិន​ចង់​ជួប​មុខ​គ្នា ទី​៤ ដោយសារ​យន្តការ​នៃ​ការដោះស្រាយ​នយោបាយ​ធ្វើ​របៀប​ជាក​ម្មុយ​នីស្ត មិន​ធ្វើ​តាម​របៀប​សេរី ប្រជាធិបតេយ្យ ទី​៥ គឺ​ការដោះស្រាយ​ដោយ​គ្មាន​តម្លាភាព មិន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង និង​គ្មាន​អ្នកសម្របសម្រួល ទី​៦ គឺ​គណបក្ស​ទាំង​ពីរ​មិន​បាន​កំណត់​សួ​ចនាករ​ធំៗ​សំខាន់ៗ​សម្រា​ប់​​ជាតិ ធ្វើឲ្យ​ការជជែក​គ្នា​មិន​យកគំនិ​តទៅ​ជជែក បែរជា​យក​អារម្មណ៍​ទៅ​ជជែក​ទៅវិញ​។​
​លោក​កែម ឡី បញ្ជាក់ថា ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក៏​ជា​ឧបសគ្គ​មួយ​ផងដែរ​ «​ចំណុច​ទី​៧ យើង​ឃើញថា ការបោះឆ្នោត​យើង​មិន​មាន​តម្លាភាព មាន​ភាពស្មុគស្មាញ​ច្រើន​នីតិវិធី​អីហ្នឹង ធ្វើឲ្យ​គណបក្សកាន់អំណា​ចហ្នឹង មិន​ហ៊ាន​នឹង​លា​ត្រដាង​ការពិត មិន​ហ៊ាន​បញ្ចេញ​នូវ​ព័ត៌មាន ដែល​ជា​ព័ត៌មាន​ពិតប្រាកដ​សម្រាប់​សាធារណជន​។ អាហ្នឹង​ដែល​ជា​បរិយាកាស និង​ឧបសគ្គ​សំខាន់»​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ​និយាយ​ដោយ​ទទូច​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​មាន​អ្នកគាំទ្រ​ច្រើន ហើយ​ឈ្នះ​ការបោះឆ្នោត​ដោយ​សុចរិត​មែន មិន​គួរ​​ច្រាន​ចោល​របៀបវារៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ធ្វើ​ការបោះឆ្នោត​ឡើងវិញ​នោះ​ទេ​។
​ថ្លែង​នៅក្នុង​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ស្រុក​ឈូក ខេត្ត​កំពត កាលពី​ថ្ងៃ​១៩ ខែ​មករា លោក​កឹម សុខា មានប្រសាសន៍ថា គណបក​សង្គ្រោះ​ជាតិ​នឹង​ចូលប្រជុំ​សភា បើ​មាន​សាក្សី​ដឹង​ឮ​ពី​ការសន្យា​ធ្វើ​កំណែទម្រង់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​«យើង​ថា ឥឡូវ​យើង​ចូល​សភា យើង​មិន​អត់​ចូល​ទេ ពីព្រោះ​ប្រជារាស្ត្រ​បោះឆ្នោត​ឲ្យ​យើង​ហើយ  មិន​មែន​ថា​យើង​បដិសេធ​មិន​ចូល​ទេ​សភា ប៉ុន្តែ​មុន​នឹង​ចូល យើង​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់ មាន​សាក្សី​ជា​អន្តរជាតិ មាន​ព្រះមហាក្សត្រ​ជា​អធិបតី​ដឹងឮ​ទាំងអស់គ្នា​ថា កែ​អី​ខ្លះ​សិន ធ្វើ​អី​ខ្លះ​សិន​។ បើ​ព្រមព្រៀងគ្នា​ហើយ បាន​យើង​ចូល​ទៅ​ធ្វើ»​។​
​ក្នុង​វេទិកា​សម្ពោធ​ជា​ផ្លូវការ ភូមិ​កុមារ អេស អូ អេស នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មានប្រសាសន៍ថា លោក​បាន​បដិសេធ​សំណើ​សុំ​ធ្វើ​អាជ្ញាកណ្ដាល របស់​លោក​ សុរិយា ស៊ូ​ប៊ែ​ឌី​ ចំនួន​ពីរដង ដោយ​សំអាង​ថា កម្ពុជា​មាន​ភាពចាស់ទុំ​ខាង​នយោបាយ ហើយ​អាច​ដោះស្រាយ​ដោយ​ខ្លួនឯងបាន​។ លោក​បញ្ជាក់ថា នៅពេលដែល​ការចរចា​រវាង​គណបក្ស​ទាំង​ពីរ​កាន់តែ​ខិត​ជិត​រកគ្នា នឹង​ថ្វាយ​ព្រះរាជតួនាទី​ជូន​ព្រះមហាក្សត្រ «ឥឡូវ​ព្រះមហាក្សត្រ​នឹង​ត្រូវ​ដើរ​ព្រះរាជ​តួនាទី​នៅ​ពេល​ណា ដែល​មាន​ការព្រមព្រៀង​ថ្វាយ​ព្រះមហា​-​ក្សត្រ​។ បើ​គម្លាត​ធំ​ពេក កុំអាល​អី»​។​
​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី និង​សភាពការណ៍​នយោបាយ​ជាក់ស្ដែង ដែល​គណបក្ស​ទាំង​ពីរ​នៅ​សម្ញែង​កម្លាំង​ដាក់​គ្នា​មិន​ព្រម​ចូល​តុ​ចរចា​ឡើយ បញ្ជាក់ថា លទ្ធភាព​ដែល​អាច​ត្រូវ​រូ​វ​គ្នា​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​នៅ​មាន​គម្លាត​ធំធេង​នៅឡើយ​។ ក្រុមអ្នកវិភាគ​មើលឃើញថា ក្នុង​ស្ថានភាព​ដ៏​តានតឹង​ដូចនេះ ចាំបាច់​ឲ្យមាន​ការអន្ត​រាគ​មន៍ពី​ឥស្សរជន​ណា​មួយ ដែល​អាច​សម្រុះសម្រួល ហើយ​អាច​បញ្ចប់​ការជាប់គាំង​នយោបាយ​នេះ​បាន​៕

No comments:

Post a Comment

yes