អ្នកភូមិបឹងកក់បន្តការតវ៉ា តែអាជ្ញាធរបំបែក និងចាប់ខ្លួនតំណាងអ្នកភូមិ
អ្នកភូមិបឹងកក់ ដែលមានគ្នាប្រមាណជាង៥០នាក់ បានប្រមូលផ្តុំធ្វើសន្និសីទសារព័ត៌មានដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនបឹងកក់ លោក ចាន់ ពុទ្ធិស័ក្តិ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ លោក ថេង សាវឿន ប្រធានបណ្តាញកសិករកម្ពុជា និងកម្មកររោងចក្រ២០រូបផ្សេងទៀត។សន្និសីទកាសែត ដែលមានព្រះសង្ឈចូលរួមប្រមាណជាង១០អង្គដែរនោះ បានប្រកាសធ្វើបាតុកម្មតវ៉ាប្រសិនបើគ្មានការដោះលែង។
សម្រែកនៃការទាមទារដោះលែងលោក ចាន់ ពុទ្ធិស័ក្ត លោក វ៉ន ពៅ និងលោក ថេង សាវឿន និងកម្មករ២០នាក់ផ្សេងទៀត បានបន្លឺឡើងជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានសម្រេចឃុំខ្លួនមនុស្ស២៣នាក់ ក្រោយបាតុកម្មអហិង្សា កាលពីថ្ងៃទី២ និងទី៣ មករា។
នៅព្រឹកថ្ងៃអាទិត្យទី១២ មករានេះ អ្នកភូមិបឹងកក់ប្រមាណជា៥០នាក់ រួមទាំងព្រះសង្ឃជាង១០ព្រះអង្គផង បានប្រកាសទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងមនុស្ស២៣រូប ដែលពួកគេអះអាងគ្មានកំហុស និងមិនបានប្រើប្រាស់អំពើហិង្សាអ្វីនោះទេ។
នេះជាសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅលើផ្លូវរទេះភ្លើង នៅខាងមុខផ្ទះលោក ចាន់ ពុទ្ធស័ក្តិ ក្នុងភូមិមួយ នៃសង្កាត់បឹងកក់។ អ្នកចូលរួម ដែលមានបណ្តាញព្រះសង្ឃឯករាជ្យ និងសមាគន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់លោក វ៉ន ពៅ ផងបានប្រកាសធ្វើបាតុកម្មទាមទារឱ្យមានការដោះលែង ដោយមិនបានកំណត់ថ្ងៃនៅឡើយ។ ភរិយាលោក ចាន់ ពុទ្ធិស័ក្តិ លោក វ៉ន ពៅ និង លោក ថេង សាវឿន ម្នាក់ស្ថិតក្នុងទឹកមុខក្រៀមក្រំ និងទ្រហោយំ បានស្នើឱ្យរដ្ឋាភិបាលដោះលែងប្តីរបស់គាត់ និងមនុស្សផ្សេងៗទៀត។
អ្នកស្រីញុង សុហៀង ភរិយានៃលោក ថេង សាវឿន បានបញ្ជាក់ថា ទាំងស្វាមីនៃអ្នកស្រី និងអ្នកផ្សេងៗទៀត មានសភាពស្លេកស្លាំង និងសុខភាពទន់ខ្សោយ។ ទន់ខ្សោយព្រោះថាបន្ទប់ឃុំឃាំងមួយបន្ទប់ ត្រូវដាក់មនុស្សជាប់ឃុំរហូតដល់៩៨នាក់។
សូមបញ្ជាក់ឱ្យដឹងថា ការធ្វើសន្និសីទសារព័ត៌មានទាមទារឱ្យដោះលែងមនុស្សនេះ គឺធ្វើឡើងនៅប៉ុន្មានម៉ោង មុនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ចាប់ធ្វើទស្សនកិច្ចនៅកម្ពុជា និងមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យ៉ុង នៅកម្ពុជាផងដែរ។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ លោក អ៊ុំ សំអាត ដែលបានចូលរួមក្នុងសន្និសីទកាសែតដែរនោះ បានថ្លែងថា រដ្ឋាភិបាលគួរតែដោះលែងមនុស្សទាំង២៣នាក់នេះ ដោយសារតែការចូលរួមតវ៉ានោះ គឺជាការសម្តែងមតិ និងមិនបានប្រើប្រាស់អំពើហិង្សានោះទេ៕
No comments:
Post a Comment
yes