សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 23, 2014

ក្រុមប្រឹក្សា​សហជីព​ស្នើ​ឲ្យ​ក្រសួង​ការងារ​ចាត់​វិធានការ​អ្នក​បង្ក​ហិង្សា​លើ​កម្មករ

ប៉ូលិស វ៉េងស្រេង ៦១០
កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ដើរ​ល្បាត​តាម​ផ្លូវ​វ៉េងស្រេង ក្រោយ​
បាញ់​បង្ក្រាប​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤

ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​សហជីព​មួយ​ចំនួន​ថា បាន​បង្ក​កុប្បកម្ម​ហិង្សា​ខុស​ច្បាប់​គំរាម​កំហែង​ដល់​សមាជិក​របស់​ខ្លួន​ក្នុង​ពេល​បំពេញ​ការងារ។
ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លោក សោម អូន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២២ មករា ថា លោក​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​មេដឹកនាំ​សហជីព និង​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ញុះញង់​គំរាម​កំហែង​បង្ក​ហិង្សា​មក​លើ​កម្មករ។ លោក​បាន​បញ្ជាក់​ថា មេដឹកនាំ​សហជីព​ដែល​បាន​ប្រព្រឹត្តិ​ញុះញង់​កម្មករ​នោះ គឺ​មាន​សហជីព​ប្រមាណ ៦ ទៅ ៧​សហជីព ក្នុង​នោះ​មាន​ដូច​ជា សហភាព​សហជីព​កម្ពុជា របស់​លោក រ៉ុង ឈុន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា របស់​លោក អាត់ ធន់ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា របស់​អ្នកស្រី ម៉ម ញឹម ជា​ដើម។
អ្នកស្រី ម៉ម ញឹម៖ «ក្រុម​សហជីព​ខ្លះ​គាត់ ធ្វើ​កុប្បកម្ម​ហើយ​គាត់​រំខាន​ទៀត មិនមែន​ថា គាត់​ធ្វើ​តែ​អា​ហ្នឹង​ទេ គឺ​ថា គាត់​ដើរ​ទៅ​រំខាន​អុក​ឡុក​នៅ​តាម​រោងចក្រ​កន្លង​មក​នោះ គឺ​កម្មករ​គាត់​ធ្វើ​អត់​កើត​ទេ ដោយសារ​គាត់​ទៅ​គំរាម​គប់​ដុំ​ថ្ម បើ​សិន​មិន​ចេញ​ក្រៅ​ទេ រោងចក្រ​ហ្នឹង​គឺ​វា​អាច​ខូចខាត​អី​ជា​ដើម ធ្វើ​ឲ្យ​បងប្អូន​យើង​គាត់​អត់​ហ៊ាន​ចូល​ធ្វើការ អ៊ីចឹង​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​របស់​គាត់​និង​ផលប្រយោជន៍​ផ្សេងៗ​ត្រូវ​បាន​និយោជក​កាត់»។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា អ្នកស្រី ម៉ម ញឹម បាន​ចាត់​ទុក​ថា ការ​លើក​ឡើង​ដូច្នេះ​គឺ​ជា​ការ​បង្កាច់​បង្ខូច​សហជីព​របស់​អ្នកស្រី។ ហើយ​អ្នកស្រី​មិន​ខ្លាច​ចំពោះ​ការ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ឡើយ។
ក្រៅ​អំពី​ការ​ស្នើ​ចាត់វិធានការ​សហជីព​នេះ នៅ​មាន​ចំណុច ៣​ផ្សេង​ទៀត ដែល​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ។ ក្រុមប្រឹក្សា​សហជីព​បាន​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិក ផ្នែក​វាយនភណ្ឌ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង។ ចំណុច​មួយ​ទៀត គឺ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​អនុវត្ត​នីតិវិធី​នៃ​ការ​ធ្វើ​កូដកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការពារ​សន្តិសុខ​សង្គម និង​ការពារ​កម្មករ​ដែល​មាន​បំណង​ធ្វើ​ការងារ។ ចំណែក​ចុង​ក្រោយ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​អន្តរាគមន៍​ទប់ស្កាត់​អតិផរណា​តម្លៃ​ឈ្នួល​ផ្ទះ​ទឹក​ភ្លើង ឈ្នួល​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​កម្មករ និង​ទំនិញ​ផ្សេងៗ៕

No comments:

Post a Comment

yes