សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 22, 2014

សម្ព័ន្ធ​និយោជក៖បាតុកម្ម​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​និង​ចំណូល​ពលរដ្ឋ​តាម​ជនបទ​ធ្លាក់​ចុះ

កម្មករ បាតុកម្ម ៦១០
កម្មករ​បើក​បដា​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​
ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣

តំណាង​ខាង​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២១ មករា ថា ការ​ធ្វើ​បាតុកម្ម​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ និង​ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ធ្លាក់​ចុះ​ដោយសារ​តែ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​របស់​គេ​មិន​ចូល​ធ្វើ​ការ។

តាម​ការ​ប៉ាន់ស្មាន ប្រាក់​ចំណូល​ដែល​កម្មករ​បាន​ផ្ញើ​ទៅ​ផ្គត់ផ្គង់​គ្រួសារ បាន​បាត់​បង់​ជាង ៥​លាន​ដុល្លារ​អាមេរិក និង​ខាត​បង់​ច្រើន​លាន​ដុល្លារ​ទៀត ដោយសារ​មិន​ដំណើរ​ការ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បច្ចុប្បន្ន។
ការ​អះអាង​របស់​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី​២១ មករា ថា ការ​ធ្វើ​បាតុកម្ម​បាន​ប៉ះពាល់​ដល់​អ្នក​ដែល​ពឹង​អាស្រ័យ​ចំណូល​ពី​វិស័យ​កាត់​ដេរ។ ក្រុម​អ្នក​រងគ្រោះ​ទាំង​នោះ រួម​មាន កម្មករ​ផ្ទាល់​គ្រួសារ​របស់​កម្មករ​នៅ​ជនបទ ម្ចាស់​រោងចក្រ ការ​បញ្ជា​ទិញ និង​បាត់​បង់​ប្រភព​កំណើន​សេដ្ឋកិច្ច​ជាតិ។
អនុ​ប្រធាន​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា អ្នកស្រី សាន់ដ្រា ដាំមីកូ (Sandra Damico) មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​នេះ គឺ​ចង់​បង្ហាញ​ទៅ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ថា ភាព​ជាប់​គាំង​វិស័យ​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​ខាត​បង់​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ ទាំង​ភាគី​កម្មករ ក្រុម​គ្រួសារ​របស់​គេ និង​ម្ចាស់​រោងចក្រ។

អ្នកស្រី​បញ្ជាក់​ថា គោល​បំណង​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ គឺ​ចង់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​ជា​ប្រក្រតី​វិញ៖ «ខ្ញុំ​ស្នើសុំ​ឲ្យ​សហជីព បញ្ឈប់​ឥរិយាបថ​ណា​មួយ​ដោយ​ហិង្សា ហើយ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ។ កូដកម្ម​ជា​រឿង​មួយ​ល្អ​សម្រាប់​ទំនាក់​ទំនង​ឧស្សាហកម្ម ប៉ុន្តែ​ការ​ប្រើ​ហិង្សា​មិន​មែន​ជា​ការ​ល្អ​ទេ។ យើង​សង្ឃឹម​ថា បញ្ហា​នឹង​ប្រសើរ​ឡើង និង​សោកស្ដាយ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​ដែល​បាត់​បង់​អ្នក​ជា​ទី​ស្រឡាញ់ នៅ​កំឡុង​ពេល​ធ្វើ​បាតុកម្ម។ ហើយ​យើង​សង្ឃឹម​ថា ភាព​ភ័យ​ខ្លាច​នេះ​នឹង​មិន​កើន​ឡើង​ម្ដង​ទៀត»។
អ្នកស្រី សាន់ដ្រា ដាំមីកូ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា របាយការណ៍​បាន​ប្រមូល​ផ្ដុំ​ពី​អ្នក​ផ្គត់ផ្គង់​ទាំងអស់​ដែល​បាន​រក​ឃើញ​ថា ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ មិន​បាន​ចំណាយ ឬ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ឡើយ ដោយសារ​តែ​ការ​ធ្វើ​បាតុកម្ម។ អ្នកស្រី​បញ្ជាក់​ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​នោះ គឺ​អាច​ប៉ះពាល់​ដល់​ពិន្ទុ​នៃ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ជាពិសេស​តំណាង​សហជីព​ត្រូវ​បញ្ឈប់​ការ​ប្រើ​ហិង្សា។
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បាន​អះអាង​ថា សហជីព​យល់​អំពី​ភាព​ប៉ះពាល់​នៃ​ការ​ចេញ​តវ៉ា​ដំឡើង​ប្រាក់​ខែ​គោល ប៉ុន្តែ​ការ​ចេញ​តវ៉ា​នោះ គឺ​ជា​ជម្រើស​ចុង​ក្រោយ បន្ទាប់​ពី​ការ​ចរចា​តាម​ច្បាប់​បាន​ច្រាន​ចោល​ពី​សំណាក់​ថៅកែ​រោងចក្រ។ បន្ថែម​លើ​នេះ លោក អាត់ ធន់ បញ្ជាក់​ថា អ្នក​បញ្ជា​ទិញ​អន្តរជាតិ​ហ៊ាន​ទិញ​ទំនិញ​ក្នុង​តម្លៃ​កាន់​តែ​ខ្ពស់​ពី​ប្រទេស​ណា​ដែល​គោរព​សិទ្ធិ​កម្មករ​កាន់​តែ​ប្រសើរ៖«ប្រភេទ​អីវ៉ាន់​នៅ​បង់ក្លាដេស ប្រភេទ​អីវ៉ាន់​នៅ​កម្ពុជា នៅ​ចិន ជា​ប្រភេទ​អីវ៉ាន់​ដូច​គ្នា។ ហេតុ​អី​បាន​ជា​គេ​ឲ្យ​ប្រាក់​ខែ​គោល​នៅ​ចិន ជាង ២០០​ដុល្លារ ហើយ​នៅ​ស្រុក​ខ្មែរ ៨០​ដុល្លារ បាន​មាន​ន័យ​ថា អ្នក​បញ្ជា​ទិញ​ទាំង​នោះ​ឯកភាព ឬ​ក៏​គេ​អនុវត្ត​តាម​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ប្រទេស​នោះ។ គេ​មិន​រំលោភ​ការ​រស់​នៅ​សមរម្យ​កម្មករ​របស់​ប្រទេស​នោះ​ទេ។ ប្រសិន​បើ​ឈ្នួល​របស់​យើង​ខ្ពស់ គឺ​គេ​ទិញ​ខ្ពស់ ប៉ុន្តែ​គេ​ទុក​ឲ្យ​និយោជក ចំណេញ​នៅ​ត្រង់​កម្រិត​មួយ»។
លោក អាត់ ធន់ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ចំនួន​អ្នក​បញ្ជា​ទិញ​ទំនិញ​ប្រមាណ ៨០% ពី​កម្ពុជា បាន​ជំរុញ​ឲ្យ​រោងចក្រ​កាត់​ដេរ​ដែល​អ្នក​ផ្គត់ផ្គង់​របស់​គេ ត្រូវ​ដោះស្រាយ​ប្រាក់​បៀវត្ស​ឲ្យ​បាន​សមរម្យ និង​ធានា​សិទ្ធិ​កម្មករ។
សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ដែល​មាន​ក្រុមហ៊ុន ឬ​រោងចក្រ​ប្រមាណ​ជិត ៣០០ ជា​សមាជិក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៥ មករា ថា រោងចក្រ​ចំនួន​១៦ បាន​ធ្លាក់​ចុះ​លក្ខខណ្ឌ​ការងារ។ សម្ព័ន្ធ​និយោជក​ដដែល ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស និង​បញ្ឈប់​ឲ្យ​មាន​ការ​តវ៉ា​នានា​ដោយ​ប្រើ​អំពើ​ហិង្សា​ជា​ដើម។
វិស័យ​កាត់​ដេរ​កម្ពុជា បាន​រីក​ចម្រើន និង​ចាប់​ផ្ដើម​នាំ​ចេញ​ច្រើន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​ការ​លើក​លែង​ពន្ធ​គយ ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប៉ុន្តែ​ការ​អនុគ្រោះ​នេះ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០០៤។ ភាព​រស់​រាន​វិស័យ​កាត់​ដេរ​កម្ពុជា បច្ចុប្បន្ន ដោយសារ​តែ​ប្រទេស​ធំ​ជា​ច្រើន ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ផ្ដល់​នូវ​ទីផ្សារ​តូច​មួយ​សម្រាប់​ផលិត​ផល​កាត់​ដេរ​កម្ពុជា ដែល​ហៅ​ថា នីច ម៉ាខិត (Niche Market)។ ការ​ទទួល​បាន​ទីផ្សារ​នេះ លុះ​តែ​អ្នក​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​ពី​កម្ពុជា ត្រូវ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា ការ​ប្រើប្រាស់​វត្ថុ​ធាតុ​ផលិត​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់ ៤០% និង​ដំណើរ​ការ​នៃ​សង្វាក់​ផលិតកម្ម ត្រូវ​ស្រប​ច្បាប់ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស៕

No comments:

Post a Comment

yes