ការប៉ះទង្គិចរវាងកម្មករនិងកងកម្លាំង កាលពីដើមខែមករា
បច្ចុប្បន្ន ក្នុងចំណោមបញ្ហាចម្រូងចម្រាស់ជាច្រើន ដែលធ្វើឲ្យផ្ទុះការតវ៉ា បញ្ហាប្រាក់ខែគឺជារឿងសំខាន់ជាងគេមួយ។ ការតវ៉ាបញ្ហាប្រាក់ខែដែលផុលផុសជាងគេកំពុងកើតមាននៅក្នុងចំណោមកម្មករកាត់ដេរ និងក្នុងចំណោមគ្រូបង្រៀនខ្លះ ប៉ុន្តែ តាមពិតទៅ មន្ត្រីរាជការទូទៅក៏ត្រូវការប្រាក់ខែដូចគ្នាដែរគ្រាន់តែពួកគេមិនទាន់ហ៊ានចេញមុខតវ៉ាតែប៉ុណ្ណោះ។ដោយយោងលើសេចក្តីត្រូវការចាំបាច់ខាងជីវភាពក្នុងសម័យកាលសេដ្ឋកិច្ចទីផ្សារសេរី បញ្ហាប្រាក់ខែនឹងក្លាយជាចំណុចក្តៅបំផុតមួយដែលរដ្ឋាភិបាលត្រូវពុះពារដោះស្រាយព្រោះវានឹងក្លាយជាចំណុចស្លាប់រស់សម្រាប់ប្រជាប្រិយភាពនយោបាយ។
បើទោះបីជាការតវ៉ារឿងប្រាក់ខែមិនសូវមានសកម្មភាពផុលផុសនៅក្នុងចំណោមមន្ត្រីរាជការនិងគ្រូបង្រៀនក្តី ប៉ុន្តែ ពួកគេពិតជាត្រូវប្រាក់ខែគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពជាចាំបាច់។ ចាំបាច់ពីព្រោះបច្ចុប្បន្ននេះ គ្រួសារនីមួយៗត្រូវការចំណាយច្រើនទៅលើជីវភាពប្រចាំថ្ងៃ ទៅលើការសិក្សារបស់កូន ទៅលើសេវាសុខាភិបាល និងការចំណាយសម្រាប់ទំនាក់ទំនងសង្គមដូចជាពិធីបុណ្យនិងចងដៃអាពាហ៍ពិពាហ៍ជាដើម។ អ្នកដែលមានប្រាក់ខែតិចតួចប្រាកដជាមិនអាចទប់ទល់បានឡើយ។
ជាការពិត បើនិយាយពីស្ថានភាពសេដ្ឋកិច្ចជាតិ គេពិតជាពិបាកនឹងបន្ទោសរដ្ឋាភិបាលណាស់អំពីបញ្ហាប្រាក់ខែពីព្រោះប្រទេសក្រីក្រដូចកម្ពុជាគ្មានលទ្ធភាពផ្តល់ប្រាក់ខែជូនមន្ត្រីរាជការឲ្យបានសមតាមសេចក្តីត្រូវការាំជាក់ស្តែងឡើយ។ ប៉ុន្តែ បញ្ហាដោយឡែករបស់កម្ពុជាគឺនៅត្រង់ថា មន្ត្រីរាជការមានប្រាក់ខែតិចតួចពេក ខណៈដែលជីវភាពរបស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរ មានភាពស្តុកស្តមយ៉ាងខ្លាំង ដែលមិនឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចជាតិទាល់តែសោះ។
នៅកម្ពុជា មានតែមន្ត្រីរាជការតូចតាចប៉ុណ្ណោះដែលនិយាយអំពីប្រាក់ខែ។ ដោយឡែកមន្ត្រីមានបុណ្យស័ក្តិនិងមុខតំណែងសំខាន់ៗមិនដែលគិតគូរពីបញ្ហាប្រាក់ខែទេពោលគឺពួកគេនិយាយតែអំពីប្រាក់ដែលរកបានពីការងារនិងពីតួនាទីរបស់ខ្លួនតែប៉ុណ្ណោះ។ ជាក់ស្តែងនៅពេលជួបមុខគ្នា ពួកគេមិនដែលសួរទៅកាន់មិត្តភ័ក្តិឬបងប្អូនអំពីប្រាក់ខែទេ ប៉ុន្តែ គេច្រើនតែសួរថា តើការងារនោះរកបានដែរឬទេ?
ហេតុដូច្នេះហើយបានជាមន្ត្រីអ្នកមានបុណ្យស័ក្តិ តួនាទី គ្រប់លំដាប់ថ្នាក់មិនដែលនាំគ្នាលើកយកបញ្ហាប្រាក់ខែមកនិយាយឡើយ។ នេះក៏ជាមូលហេតុដែលធ្វើឲ្យមន្ត្រីរាជការតូចតាចមិនសូវហ៊ានតវ៉ារឿងប្រាក់ខែបើទោះបីជាពួកគេខ្វះខាតជីវភាពយ៉ាងខ្លាំងក៏ដោយ។ អវត្តមានសហជីពក្នុងចំណោមមន្ត្រីរាជការក៏ជាមូលហេតុមួយទៀតដែលធ្វើឲ្យបញ្ហាប្រាក់ខែក្លាយជាប្រធានបទដែលមិនសូវគេលើកមកជជែកតវ៉ាជាសាធារណៈ។ ប៉ុន្តែ ការរអ៊ូរទាំនិងការតវ៉ាក្នុងចិត្តច្បាស់ជាកើតមានដោយចៀសមិនផុត។ រហូតមកដល់ពេលនេះ សកម្មភាពតវ៉ារឿងប្រាក់ខែកើតមានខ្លាំងតែក្នុងវិស័យកាត់ដេរតែប៉ុណ្ណោះ។
ប៉ុន្តែ អំណឹះតទៅ បញ្ហាប្រាក់ខែនឹងឡើងកម្តៅក្នុងគ្រប់វិស័យពីព្រោះថា ទី១ វាជាចំណុចយុទ្ធសាស្ត្រដែលបក្សប្រឆាំងវាយលុកដើម្បីដណ្តើមប្រជាប្រិយភាព។ ទី២ សេចក្តីត្រូវការខាងជីវភាពកាន់តែកើនឡើងខ្លាំងជាងមុនដោយសារទំនិញសព្វសារពើបន្តឡើងថ្លៃឥតឈប់ឈរ និងទី៣ ក្រៅពីដោះស្រាយជីវភាព មនុស្សសម័យនេះត្រូវការចំណាយទៅលើសម្ភារៈប្រើប្រាស់និងការកម្សាន្តសប្បាយច្រើនជាងមុនស្របតាមដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេស។
ការលើកយកហេតុផលសេដ្ឋកិច្ចជាតិទន់ខ្សោយមកពន្យល់អំពីបញ្ហាប្រាក់ខែទំនងជាពិបាកនឹងបញ្ចុះបញ្ចូលឲ្យគេទទួលយកបានណាស់ក្នុងបរិបទដែលមន្ត្រីរដ្ឋាភិបាលរស់ក្នុងជីវភាពស្តុកស្តម្ភបែបនេះ។
ការលើកយកហេតុផលសេដ្ឋកិច្ចជាតិទន់ខ្សោយមកពន្យល់អំពីបញ្ហាប្រាក់ខែទំនងជាពិបាកនឹងបញ្ចុះបញ្ចូលឲ្យគេទទួលយកបានណាស់ក្នុងបរិបទដែលមន្ត្រីរដ្ឋាភិបាលរស់ក្នុងជីវភាពស្តុកស្តម្ភបែបនេះ។
ដូច្នេះ ការរិះរកមធ្យោបាយដោះស្រាយបញ្ហាប្រាក់ខែមន្ត្រីរាជការគ្រូបង្រៀននិងកម្មករឲ្យបាន សមស្របទៅនឹងជីវភាពរបស់ពួកគេគឺជាបញ្ហាដែលរដ្ឋាភិបាលត្រូវប្រឈមមុខដោះស្រាយ។ សូមកុំភ្លេចថា បើទោះបីជាមន្ត្រីរាជការមិនចេញតវ៉ាជាចំហ ប៉ុន្តែ ពួកគេអាចតវ៉ាដោយស្ងៀមស្ងាត់តាមរយៈសន្លឹកឆ្នោត។ ការធ្លាក់ចុះប្រជាប្រិយភាពយ៉ាងគំហុករបស់បក្សកាន់អំណាចក្នុងការបោះឆ្នោតចុងក្រោយនេះ ក៏ពិតជាមានចំណែកពីមន្ត្រីរាជការមួយចំនួនដែរ។
ពិតហើយ រដ្ឋាភិបាលតែងបង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់ប្រទេស៖ រថយន្ត ម៉ូតូ ផ្ទះថ្មសសរឥដ្ឋ ភោជនីយដ្ឋាន និងផ្សារទំនើបៗក្នុងទីក្រុងជាដើម ប៉ុន្តែ គេមិនត្រូវភ្លេចទេថា ការរីកចម្រើនទាំងនោះហើយដែលធ្វើឲ្យមនុស្សមានតម្រូវការចំណាយកាន់តែច្រើនជាងមុន។ ក្នុងបរិបទនេះ អ្នកមានជីវភាពខ្សត់ខ្សោយត្រូវទទួលរងសម្ពាធសេដ្ឋកិច្ចផង និងសម្ពាធផ្លូវចិត្តផងដែលពិបាកនឹងទ្រាំទ្រ ជាពិសេសមន្ត្រីរាជការ និងគ្រូបង្រៀនតែម្តងដោយសារតែពួកគេរស់នៅដោយផ្ទាល់ក្នុងបរិស្ថានអ្នកទីក្រុង។ ហេតុផលនេះគ្រប់គ្រាន់ដែលអាចបញ្ជាក់ថា បញ្ហាប្រាក់ខែគឺជាចំណុចស្លាប់រស់ដែលរដ្ឋាភិបាលត្រូវគិតគូរដោះស្រាយជាចាំបាច់ទោះជាក្នុងតម្លៃណាក៏ដោយ៕
No comments:
Post a Comment
yes