សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

ក្រុម​មេធាវី​ជន​ចាប់​ចោទ​២៣​រូបដាក់​ពាក្យ​ស្នើ​កូនក្តី​២២​នាក់​ទៀត​នៅ​ក្រៅ​ឃុំ​​

ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​២៣​នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​ថ្ងៃទី​២ និង​៣ ខែ​មករា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដាក់ពាក្យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​កូនក្តី ២២​នាក់​ទៀត ឲ្យនៅ​ក្រៅ​ឃុំ ក្នុង​លក្ខខណ្ឌ​ថែរក្សា​សុខភាព​។​
​ក្រុម​មេធាវី​ប្រមាណ​៧​រូបនេះ មក​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ សហភាព​ការងារ​កម្ពុជា និង​សង្គម​ស៊ីវិល​មួយចំនួន​ទៀត​។​
​មេធាវី​អង្គការ​លីកាដូ អ្នកស្រី សាម សុគន្ធា ឲ្យដឹងថា សំណើសុំ​នៅក្រៅ​ឃុំ​ដើម្បី​ថែរក្សា​សុខភាព​របស់​កូនក្តី​ទាំង​២២​រូបនេះ គឺ​តាមរយៈ​ការផ្តល់​អត្តសញ្ញាណ​ច្បាស់លាស់ និង​ធានា​ថា​កូនក្តី​របស់​ខ្លួន មិន​គេចវេស ក្នុង​ការចូល​បំភ្លឺ តាម​ដីកា​កោះ​របស់​តុលាការ​។
VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ចៅក្រម​ស៊ើបសួរ លោកស្រី សែម សក្តិ​កូឡា បាន​នៅឡើយ​ទេ​។​
​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា មេធាវី​ការពារ​ក្តី​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ស្នើឲ្យ​ទៅ​តុលាការ​ឲ្យ​កូនក្តី​រប​ស់​ខ្លួន​នៅ​ក្រៅ​ឃុំ តែ​ត្រូវបាន ចៅក្រម​ស៊ើបសួរ លោកស្រី សែម សក្តិ​កូឡា សម្រេច​មិន​ព្រម​ដោះលែង​នៅ​ថ្ងៃ​បន្ទាប់ ដោយ​អះអាង​ថា ការ​ស៊ើបសួរ​ទើប​ចាប់ផ្តើម ហើយ​ការដោះលែង​អាច​នាំឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបសួ​ររបស់​តុលាការ​។ ប៉ុន្តែ ដីកា​នេះ ត្រូវបាន​មេធាវី​លោក វ​ន់ ពៅ ប្តឹង​ប្រឆាំង​ទៅ​ឧទ្ធរណ៍ ថា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ជន​ជាប់ចោទ ដោយសារ​លោក វ​ន់ ពៅ មាន​ជំងឺ​ប្រចាំកាយ និង​សុខភាព​មិនល្អ​។​

​ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី បាន​លើ​ការព្រួយ​បារម្ភ​អំពី​បញ្ហា​បច្ចុប្បន្នភាព​ថ្មីៗ​ចុងក្រោយ​នេះ ចំពោះ​ការប៉ះទង្គិច​ហិង្សា ជា​បន្តបន្ទាប់​រវាង​សមត្ថកិច្ច និង​ក្រុមអ្នកតវ៉ា ដែល​បណ្តាល​ឲ្យ​សមត្ថកិច្ច​មួយ​ចំនួនរ​ង​របួស កម្មករ​យ៉ាង​តិច​៥​នាក់ ត្រូវបាន​បាញ់សម្លាប់ ជាង​៤០​នាក់​រងរបួស និង​២៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​។​
​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា យល់ថា ជំនួប​នេះ អាច​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​ប្រព័ន្ធតុលាការ ពិចារណា​លើ​ការស្នើសុំ​នេះ មិន​ស្ថិត​ក្រោម​សម្ពាធ​អ្នកនយោបាយ​។
​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​២ ខែ​មករា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង មនុស្ស​១០​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ចំណែក​ថ្ងៃទី​៣ ខែ​មករា ការប៉ះទង្គិច​ដូចគ្នា នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា បាន​បណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់ ១៣​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​ទៅ​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ក្នុង​ខេត្ត​កំពង់ចាម​៕​

No comments:

Post a Comment

yes