សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 12, 2014

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​មក​ជួបជុំ​នៅ​បាត់ដំបង

លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្លែង​សារ​នយោបាយ​ក្នុង​
ពិធី​ជួបជុំ​នៅ​ខេត្ត​បាត់ដំបង

កងកម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ប៉ូលិស និង​ទាហាន​ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តាម​ចំណុច​ គោលដៅ​ក្នុង​ទី​រួម​ខេត្ត ​និង​នៅ​តាម​ដង​ផ្លូវ​ជា​ច្រើន​កន្លែង​នៅ​ស្រុក​មួយ​ចំនួន​ផ្សេង​ទៀត ក្នុង​ខេត្ត​បាត់ដំបង។

កង​កម្លាំង​អាជ្ញាធរ​នៅ​តាម​ស្រុក​គោល​ដៅ​ទាំង​នោះ​ បាន​ស្ទាក់​បញ្ឈប់​​រថយន្ត​ ម៉ាស៊ីន​គោយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​ចូលរួម​ស្ដាប់​សេចក្ដី​ថ្លែងការណ៍​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ ចាត់​ទុក​ថា ​នេះ​ជា​រូប​ភាព​គំរាម​កំហែង បិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។
មនុស្ស​ជិត ១​ពាន់​នាក់​បាន​ចូលរួម​ស្ដាប់​ការ​ថ្លែង​សារ​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៤។ ទោះ​យ៉ាង​នេះ​ក្តី​ គេ​សង្កេតឃើញ​ថា ជំនួប​របស់​ សម រង្ស៊ី និង​លោក កឹម សុខា ​ជា​ប្រធាន​និង​ជា​អនុប្រធាន​ជាមួយ​សកម្មជន​និង​អ្នក​គាំទ្រ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ បាន​ធ្វើ​ឡើង​ឋិត​​ក្រោម​ការ​ហ៊ុមព័ទ្ធ​របស់​កងកម្លាំង​អាជ្ញាធរ​ដែល​មាន​អាវុធ​នៅ​ក្នុង​ដៃ។
នៅ​ចំណុច​គោលដៅ​ជា​ច្រើន​ ក្នុង​ទី​រួម​ខេត្ត​បាត់ដំបង គេ​សង្កេត​ឃើញ​អាជ្ញាធរ​ខេត្ត​បាន​​​ដាក់​ពង្រាយ​កង​ប៉ូលិស​ទាហាន​ការពារ​ជា​ច្រើន​នាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១​ និង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៤។ ដោយ​ឡែក​នៅ​លើ​កំណាត់​ផ្លូវ​នៃ​ស្រុក​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ស្រុក​មោងឬស្សី ស្រុក​ថ្មគោល និង​ស្រុក​ឯកភ្នំ កងកម្លាំង​អាជ្ញាធរ​ប៉ូលិស​ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ស្ទាក់​បញ្ឈប់​រថយន្ត​មិន​ឲ្យ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​រួម​ខេត្ត​បាត់ដំបង នោះ​ឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ស្រុក​ឯក​ភ្នំ លោក ឡី សុខុន អះអាង​ថា នៅ​ស្រុក​ឯកភ្នំ មាន​ប្រជាពលរដ្ឋ​ ចំនួន​ជាង ២០០​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​ ម៉ាស៊ីន​គោយន្ត និង​ម៉ូតូ​ ដើម្បី​ទៅ​ស្ដាប់​សារ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ​ប៉ុន្តែ​អ្នក​ភូមិ​ទាំង​នោះ​ត្រូវ​សមត្ថកិច្ច​ហាមឃាត់៖ «បញ្ជូន​មក​ស្រុក​ឯកភ្នំ មាន ២០០​នាក់​ជាង។ មធ្យោបាយ​មាន​ឡាន គោយន្ត និង​ម៉ូតូ ក៏​ប៉ុន្តែ​ម៉ូតូ​ក៏​មិន​ឲ្យ​មក ឆែក​រក​ប័ណ្ណ​បើក​បរ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ មួយ​ចំនួន​អត់​បាន​មក មួយ​ចំនួន​ពុះពារ​អង្វរ ដើម្បី​ឲ្យ​បាន​ឡាន​មួយ ៥០​នាក់​បាន​ចូល​រួម។ ឥឡូវ​ចាប់​គោយន្ត​យើង​មួយ​យក​ទៅ​ដាក់​សាលា​ស្រុក​បាត់​ហើយ»។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​ហាមឃាត់​នោះ​ គឺ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​បញ្ចេញ​មតិ។ ទាក់ទិន​បញ្ហា​នេះ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ទម្លាក់​កំហុស​នេះ​ទៅ​លើ​រដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់គ្រង​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។
លោក​បន្ត​ថា កងកម្លាំង​ប្រដាប់​អាវុធ​បាន​ត្រៀម​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ហួសហេតុ។ លោក​ថា ​ទង្វើ​នេះ​បាន​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​​ឃើញ​កាន់​តែ​ច្បាស់​ពី​រូបភាព​កាច​សាហាវ​របស់​គណបក្ស​កាន់​អំណាច៖ «ហើយ​ប្រជាពលរដ្ឋ​ខ្មែរ ទោះ​បី​ដាក់​អាវុធ​ប៉ុណ្ណឹង​ក៏ដោយ គេ​អត់​ខ្លាច​ទេ​ កុំ​ទៅ​រារាំង​គេ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​ថា គណបក្ស​ប្រជាជន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់ ដោយសារ​យក​កម្លាំង​ប្រើ​ហួស​ប្រមាណ​និង​កម្លាំង​ប្រជាពលរដ្ឋ។ គេ​អាច​ដាក់​កម្លាំង​សន្តិសុខ​ដែរ ប៉ុន្តែ​គេ​មិន​បាច់​ប្រើ​កាំភ្លើង​អី អ៊ីចឹង​ហើយ​មាន​ន័យ​ថា គណបក្ស​ប្រជាជន​ភ័យ​ខ្លួន​ហួស​ហេតុ»។
នៅ​ក្នុង​ការ​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គេ​សង្កេត​ឃើញ​ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ជា​ច្រើន​នាក់​ បាន​តាម​ឃ្លាំ​មើល​ស្ថានការណ៍​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ អ្នក​សម្រប​ស្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា កង​កម្លាំង​សមត្ថកិច្ច​ដែល​គេ​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ទាំង​នោះ​ ប្រដាប់​ដោយ​អាវុធ​នៅ​ក្នុង​ដៃ ប៉ុន្តែ​ពុំ​មាន​ខែល​ការពារ​នោះ​ឡើយ។ នៅ​តាម​ស្រុក​មួយ​ចំនួន​សមត្ថកិច្ច​ប៉ូលិស​បាន​ត្រួត​ពិនិត្យ​រថយន្ត ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ ក្រោម​ហេតុផល​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។
លោក យិន ម៉េងលី៖ «នេះ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទេ គឺ​ជា​ការ​រើសអើង ការ​គាប​សង្កត់ ព្រោះ​យើង​ពិនិត្យ​ឃើញ​ហើយ​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​មក​រហូត​មក​ដល់​ពេល​នេះ យើង​ឃើញ​ថា មិន​ដែល​មាន​សមត្ថកិច្ច​ទេ ទើប​តែ​ឃើញ។ នេះ​ជា​ការ​រើសអើង​ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទេ»។
ទោះ​យ៉ាង​នេះ​ក្ដី​ ការ​ជួប​ប្រជុំ​គ្នា​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ គេ​សង្កេត​ឃើញ​ថា ​ពុំ​មាន​បាតុភាព​ហិង្សា​កើត​មាន​ឡើង​​ទេ។ លោក សម រង្ស៊ី និង​លោក ​កឹម ​សុខា​ ជា​ប្រធាន​និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​នូវ​បញ្ហា​ជា​ច្រើន​ ដែល​កើត​មាន​​នៅ​ក្រោយ​ការ​បោះឆ្នោត ដូច​ជា​ករណី​អាជ្ញាធរ​ប្រើ​កងកម្លាំង​អាជ្ញាធរ​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ ការ​បាញ់​សម្លាប់​ទៅ​កម្មករ​រោងចក្រ និង​បាន​​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន។ ក្រៅ​ពី​សារ​នយោបាយ​កៀរគរ​ ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​ខ្លួន​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​ដដែល​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។

No comments:

Post a Comment

yes