សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 12, 2014

បទ​វិភាគ៖ផល​វិបាក​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​ដីកា​កោះ​ហៅ​មេដឹកនាំ​បក្ស​ប្រឆាំង

សម រង្ស៊ី កឹម សុខា ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​លោក​អនុ​ប្រធាន 
កឹម សុខា ក្នុង​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ព្រឹក​
ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ចូល​ទៅ​បំភ្លឺ​ជុំវិញ​បាតុកម្ម​អហិង្សា​របស់​កម្មករ​នៅ​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៤។ ប្រសិន​បើ​តុលាការ​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​លោក កឹម សុខា តើ​តាម​ផ្លូវ​ច្បាប់​អាច​ទៅ​រួច​ដែរ​ឬ​ទេ?

តាម​ការ​វិភាគ ឧបសគ្គ​ផ្លូវ​ច្បាប់​ប្រាកដ​ជា​កើត​មាន ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុនប៉ង​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​លោក​បង្ហាញ​ខ្លួន​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង លោក ហៀង សុភក្រ្ត នោះ។
ឧបសគ្គ​ផ្លូវ​ច្បាប់​នោះ គឺ​ដោយសារ​តំណាងរាស្ត្រ​ខ្មែរ​មាន​អភ័យឯកសិទ្ធិ ឬ​សិទ្ធិ​ពិសេស​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​មនុស្ស​ដទៃ​ទៀត​មិន​មាន។
មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា៖ តំណាងរាស្ត្រ​ខ្មែរ​មាន​អភ័យឯកសិទ្ធិ។ តំណាងរាស្ត្រ​រូប​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​​ឃុំ​ខ្លួន​ដោយ​ហេតុ​ពី​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន​សោះ។ ការ​ចោទ​ប្រកាន់ ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋ​សភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋ​សភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ ក្នុង​ករណី​ខាង​លើ​នេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋ​សភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ជា​បន្ទាន់​ដើម្បី​សំរេច។
សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា ត្រូវ​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋ​សភា​ខាង​មុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​រដ្ឋ​សភា​ទាំង​មូល។ ក្នុង​ករណី​ខាង​លើ​នេះ ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណា​មួយ​ត្រូវ​ផ្អាក ប្រសិន​បើ​រដ្ឋ​សភា​បាន​បញ្ចេញ​មតិ​អោយ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំង​មូល។
វា​ច្បាស់​ណាស់​ថា ខ្លឹមសារ​ក្នុង​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​សំដៅ​ការពារ​តំណាងរាស្ត្រ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​ឡាយ​របស់​អាជ្ញាធរ ដើម្បី​ទុក​លទ្ធភាព​អោយ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​នោះ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​បុព្វហេតុ​ការពារ​ផល​ប្រយោជន៍​រាស្ត្រ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ ប្រសិន​បើ​តំណាងរាស្ត្រ​រង​ការ​រំខាន​យាយី និង​មាន​ការ​ភ័យ​ខ្លាច​ហើយ​នោះ ប្រជាពលរដ្ឋ​ប្រាកដ​ជា​មាន​ការ​លំបាក​ក្នុង​ការ​រក​អ្នក​ទី​ពឹង។ ដូច្នេះ​ហើយ​ទើប​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ តំណាងរាស្ត្រ​ត្រូវ​តែ​បាន​ទទួល​ការ​គាំពារ​ដោយ​ច្បាប់ ដើម្បី​បញ្ចេញ​មតិ និង​ធ្វើ​កិច្ចការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ 
សម្រាប់​លោក កឹម សុខា វិញ បញ្ហា​នៅ​ត្រង់​ថា តើ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ កំពុង​មាន​ឋានៈ​ជា​តំណាងរាស្ត្រ​ឬ​ទេ?

ដើម្បី​ចង់​អោយ​មាន​រដ្ឋ​សភា​ស្រប​ច្បាប់​មួយ​ចាប់​ផ្ដើម​ដំណើរ​ការ​បាន​ឆាប់ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​រួច​ទៅ​ហើយ​ថា រដ្ឋ​សភា​កម្ពុជា បាន​ចាប់​បដិសន្ធិ​ចេញ​ជា​រូបរាង​ពេញលេញ​ហើយ បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូល​រួម​ក៏​ដោយ​ចុះ។
លើស​ពី​នោះ​ទៀត កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣ រដ្ឋ​សភា​ក៏​បាន​ប្រកាស​សុពលភាព​ទទួល​ស្គាល់​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​លោក កឹម សុខា ផង​ដែរ។
ជាក់ស្ដែង​បើ​លោក កឹម សុខា ត្រូវ​រដ្ឋ​សភា​ទទួល​ស្គាល់​ដែល​ក្នុង​ឱកាស​ទទួល​ស្គាល់​នោះ មាន​ទាំង​វត្តមាន​ព្រះមហាក្សត្រ​គង់​ជា​ព្រះរាជ​អធិបតី​ផង​រួច​ទៅ​ហើយ​នោះ មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ផ្ដល់​អភ័យឯកសិទ្ធិ​ដល់​តំណាងរាស្ត្រ ក៏​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​លោក កឹម សុខា ផង​ដែរ។ នោះ​មាន​ន័យ​ថា តុលាការ​មិន​អាច​ចោទ​ប្រកាន់ ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​លោក កឹម សុខា សោះ​ឡើយ លុះ​ត្រា​តែ​មាន​ការ​ឆ្លង​កាត់ និង​អនុម័ត​យល់​ព្រម​ពី​មតិ​ភាគ​ច្រើន គឺ ២ ភាគ ៣ នៃ​សមាជិក​រដ្ឋ​សភា​ទាំង​មូល។ ហើយ​សម្រាប់​នៅ​ក្នុង​នីតិកាល​ទី​៥​នេះ ការ​ប៉ុនប៉ង​ចោទ​ប្រកាន់​ណា​មួយ​របស់​តុលាការ​ទៅ​លើ​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ដោយសារ​តែ​គណបក្ស​ប្រជាជន មិន​មាន​សំឡេង​តំណាងរាស្ត្រ​គ្រប់គ្រាន់ គឺ  ២ ភាគ ៣ នៅ​ក្នុង​រដ្ឋ​សភា​សម្រាប់​អនុម័ត​អោយ​មាន​ការ​ឃាត់​ខ្លួន ឬ​ចោទ​ប្រកាន់។
ទោះជាយ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា អាច​លើក​សេចក្ដី​សំអាង​ថា លោក កឹម សុខា មិន​ទាន់​ក្លាយ​ជា​តំណាងរាស្ត្រ​ទេ ដោយសារ​តែ​លោក​មិន​បាន​ឆ្លង​កាត់​ពិធី​សម្បថ។ បើ​ឈរ​លើ​ហេតុផល​នេះ លោក កឹម សុខា គ្មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ឡើយ។ ហើយ​នៅ​ពេល​លោក​គ្មាន​អភ័យឯកសិទ្ធិ​នោះ តុលាការ​អាច​កោះ​ហៅ​សាកសួរ ឃាត់​ខ្លួន ឬ​ចោទ​ប្រកាន់​បាន ដោយ​មិន​ចាំបាច់​ស្នើ​សុំ​សំឡេង​គាំទ្រ ២ ភាគ ៣ ពី​រដ្ឋ​សភា​ទេ។ ហេតុ​ដូច្នេះ តុលាការ​អាច​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​លោក​មក​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា តាម​ការ​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​ដើម្បី​សាកសួរ​ទាក់ទង​ពី​បទ​សង្ស័យ «ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​អោយ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ» បន្ទាប់​ពី​បាតុកម្ម​របស់​កម្មករ​ប្រែក្លាយ​ជា​អំពើ​ហិង្សា​នៅ​ពេល​ថ្មីៗ​នេះ។
ប្រសិន​បើ​តុលាការ​ដែល​ស្ថិត​ក្រោម​គំនាប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ចង់​ចោទ​ប្រកាន់​លោក កឹម សុខា ហើយ​លើក​ហេតុផល​ថា លោក កឹម សុខា មិន​មែន​ជា​សមាជិក​រដ្ឋ​សភា ឬ​មិន​ទាន់​ជា​តំណាងរាស្ត្រ​ទេ នោះ​មាន​ន័យ​ថា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ដែល​រដ្ឋ​សភា​បាន​ប្រកាស​ទទួល​ស្គាល់​សុពលភាព​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ នោះ ក៏​មិន​មែន​ជា​តំណាងរាស្ត្រ​ដែរ។ ប្រសិន​បើ​ពិត​ដូច្នេះ​មែន គេ​អាច​និយាយ​បាន​ថា ប្រទេស​កម្ពុជា រហូត​មក​ដល់​ថ្ងៃ​នេះ នៅ​មិន​ទាន់​មាន​រដ្ឋ​សភា​នៅ​ឡើយ​ទេ ពីព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ស្ថាប័ន​រដ្ឋ​សភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប ដែល​តំណាង​អោយ​ប្រជាជាតិ​កម្ពុជា ទាំង​មូល។
ប្រសិន​បើ​សមាជិក​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្លាយ​ជា​មិន​មែន​ជា​តំណាងរាស្ត្រ​ទេ​នោះ រដ្ឋ​សភា​បច្ចុប្បន្ន​ដែល​មាន​តំណាងរាស្ត្រ ៦៨​រូប ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ជា​រដ្ឋ​សភា​ខុស​ច្បាប់​ទាំង​ស្រុង ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​តម្រូវ​អោយ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប។
ដូច្នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទ្វេ​គ្រោះ ឬ​ឧបសគ្គ​ផ្លូវ​ច្បាប់​ងាក​ខ្លួន​មិន​រួច។ មាន​ន័យ​ថា ចង់​ទទួល​ស្គាល់​លោក កឹម សុខា ជា​តំណាងរាស្ត្រ​ក៏​ពិបាក​មិន​ចង់​ទទួល​ស្គាល់​លោក កឹម សុខា ជា​តំណាងរាស្ត្រ​ក៏​ពិបាក។
ទោះ​ជា​យ៉ាង​ណា ក៏​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្ដោបក្ដាប់​ទាំង​ផ្នែក​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​ក្នុង​ដៃ​យ៉ាង​ណែន​នោះ មិន​ដែល​រុញរា​ក្នុង​ការ​ប្ដូរ ឬ​បកស្រាយ​ច្បាប់ ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្ស​ខ្លួន​នោះ​ឡើយ។ ដូច​នេះ ប្រសិន​បើ​ការ​ឃាត់ ឬ​ឃុំ​ខ្លួន​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន​នោះ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​មិន​ខ្វះ​វិធី​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​នោះ​ឡើយ៕

No comments:

Post a Comment

yes