សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 25, 2014

បទ​វិភាគ៖តើ​កម្ពុជា​ជា​នីតិរដ្ឋ​ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​មែន​ឬ​ទេ?

សភា ៣០៥
២២-កញ្ញា-២០១៣៖ ក្រុម​ការងារ​រៀបចំ​វេទិកា​នៅ​រដ្ឋ​សភា​ ត្រៀម​
សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង នីតីកាល​ទី​៥ ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣

មន្ត្រី​រដ្ឋាភិបាល​តែង​និយាយ​គ្រប់​ម៉ាត់​ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ។ នេះ​មាន​ន័យ​ថា ជា​រដ្ឋ​មួយ​មាន​ច្បាប់ មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ គ្មាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ ហើយ​រាល់​ការ​សម្រេច​ទាំង​ឡាយ គឺ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ គ្មាន​ការ​សម្រប​សម្រួល​ក្រោម​តុ ឬ​សម្រប​សម្រួល​នយោបាយ​នោះ​ទេ។ ក៏ប៉ុន្តែ អ្នក​រិះគន់​តែង​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា រំលោភ​ច្បាប់ ហើយ​ថា​ប្រជាពលរដ្ឋ​កម្ពុជា នៅ​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ទេ។

តើ​កម្ពុជា ជា​នីតិរដ្ឋ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​មែន​ឬ​ទេ?
អ្នក​ដែល​រិះគន់​ថា​នៅ​កម្ពុជា មិន​មាន​សេរីភាព​គ្រប់គ្រាន់​នោះ ប្រាកដ​ជា​មិន​បាន​សង្កេត​ពិចារណា​អោយ​បាន​ដិតដល់​ទេ។ តាម​ពិត ប្រទេស​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេជោ មាន​សេរីភាព​ហូរហៀរ ចង់​នរណា​ធ្វើ​អ្វី​ក៏​បាន​ដែរ មិន​បាច់​ទៅ​មើល​ឯ​ណា​ឆ្ងាយ​ទេ បើក​ភ្នែក​ពេល​ព្រឹក​ឡើង ហើយ​ចេញ​ដំណើរ​តាម​ផ្លូវ​ភ្លាម ក៏​គេ​អាច​ឃើញ​មនុស្ស​ម្នា​ដែល​ធ្វើ​ចរាចរ​តាម​ដង​ផ្លូវ អនុវត្ត​សិទ្ធិ​សេរីភាព​តាម​ចិត្ត​ចង់ មិន​សូវ​មាន​នរណា​គោរព​ច្បាប់​ចរាចរណ៍​អ្វី​ឡើយ។ បើ​ទោះ​ជា​គេ​ខំ​យក​ថ្ម​មក​ដាក់​ខណ្ឌ​ចែក​ផ្លូវ​ឆ្វេង​ស្តាំ ក៏​គេ​នៅ​តែ​ត្បុល​ទាំង​ទទឹង​ទិស​បាន​ដែរ គ្មាន​នរណា​ហ៊ាន​ធ្វើ​អី​កល្យាណ​បាន​ទេ។

ក៏ប៉ុន្តែ អ្នក​ទាំង​នោះ​ដោះ​សារ​ថា បើ​មិន​ខំ​ត្បុល​ខ្លះ ម៉េច​នឹង​ទៅ​ដល់​ទី​ដៅ​បាន បើ​ផ្លូវ​ណែន​ប៉ែស​ដូច្នេះ។ អូ! បើ​សិន​ជា​ប៉ូលិស​ហៅ​វិញ ភាគ​ច្រើន​ដក​មួយ​សន្លឹក​ពីរ​ទៅ ចរចា​ជាមួយ​គាត់​ទៅ ក៏​រួច​ខ្លួន​ទៅ​ហើយ។
និយាយ​ពី​ពួក​អ្នក​ជិះ​ឡាន​ពាក់​ស្លាក ខ.ម ឬ​នគរបាល ឬ​រាជ​រដ្ឋាភិបាល ឬ​ឡាន​ធុន​កាលីប​វិញ ពួក​គាត់​មាន​សេរីភាព​ជាង​អ្នក​ណា​ទាំងអស់។ គាត់​បើក​លឿន​ដូច​ហោះ ហើយ​វ៉ា​គេ​វ៉ា​ឯង​គ្មាន​ក្រែង​ចិត្ត​នរណា​ឡើយ។ មិន​ថា​ពេល​ព្រឹក​ព្រលឹម ឬ​យប់​កណ្ដាល​អាធ្រាត្រ​ទេ ភ្លើង​ក្រហម​ក៏​គាត់​មិន​ឈប់​ដែរ ម្នាក់ៗ​ដូច​ជា​ទើប​ទទួល​ដំណឹង​ថា​ប្រទេស​ជាតិ​កំពុង​មាន​អាសន្ន ហើយ​ប្រញាប់​ទៅ​ជួយ​សង្គ្រោះ​អ៊ីចឹង។ ទាំង​ជន​សាមញ្ញ ទាំង​អ្នក​អនុវត្ត​ច្បាប់ និង​អ្នក​ពង្រឹង​ច្បាប់ ហាក់​មាន​សេរីភាព​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ចង់ តាម​កាលៈទេសៈ​បាន​ដូច​គ្នា។ នេះ​និយាយ​ត្រឹម​តែ​សេរីភាព​ក្នុង​ការ​ធ្វើ​ចរាចរ​តាម​ដង​ផ្លូវ​មួយ​មុខ។
បែរ​ទៅ​មើល​អ្នក​កាន់​អាវុធ​វិញ ពួក​គាត់​មួយ​ចំនួន​ក៏​អាច​បាញ់​បោះ​សម្លាប់​មនុស្ស​បាន​យ៉ាង​សេរី។ បាញ់​សម្លាប់​គេ​ហើយ ហាក់​ដូច​ជា​មាន​មោទនភាព​ពេញ​ដើម​ទ្រូង គ្មាន​ច្បាប់​កម្ពុជា ណា​ទៅ​កាត់​ទោស​បាន​ទេ។
មិន​ខុស​ពី​ទាហាន​ខ្មែរ​ក្រហម ដែល​ត្រូវ​គេ​ពង្វក់​អោយ​សម្លាប់​ខ្មែរ ក្រោម​ស្លាក​សម្លាប់​ពួក សេ.អ៊ី.អា (CIA) ឬ កា.ហ្សេ.បេ (KGB) ដើម្បី​ការពារ​ទឹក​ដី ក្រោម​មាគ៌ា​ដឹក​នាំ​ដ៏​ភ្លឺស្វាង​របស់​អង្គការ​លើ​នោះ នា​ពេល​ថ្មីៗ​នេះ កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​បាតុករ ក្រោម​ស្លាក​កម្ទេច​ក្រុម​អានាធិបតេយ្យ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម តាម​ការ​ចង្អុល​បង្ហាញ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​ដែរ។ ប្រសិន​បើ​គេ​បាន​ប្រាប់​ពួក​គាត់​ថា កុំ​បាញ់​សម្លាប់​កម្មករ​ស្លូត​ត្រង់​ដែល​ជា​ប្ដី​គេ ជា​ឪពុក​គេ ឬ​ជា​បង​ប្អូន​កូន​ចៅ​គេ​នោះ ប្រហែល​ជា​ពួក​គាត់​ពិបាក​នឹង​លើក​ដៃ​កេះ​កៃ​ទៅ​រួច​ឡើយ។
ណ្ហើយ​ស្លេះ​រឿង​នេះ​តែ​ត្រឹម​ណេះ​ចុះ។ ងាក​មក​មើល​ថា តើ​កម្ពុជា ជា​នីតិរដ្ឋ​មែន ឬ​មិន​មែន​វិញ​ម្តង។
តាម​ពិត រឿង​កម្ពុជា ជា​នីតិរដ្ឋ ឬ​មិន​នីតិរដ្ឋ​នោះ ស្តាប់​តែ​ប្រសាសន៍​សម្ដេច​ដែល​ទើប​នឹង​ថ្លែង​នា​ពេល​ថ្មីៗ​នេះ ក៏​គេ​អាច​វិនិច្ឆ័យ​ខ្លួន​ឯង​បាន​ដែរ៖«...បន្ធូរ​ដៃ​ហើយ​ប៉ុណ្ណឹង​នោះ បើ​និយាយ​ឲ្យ​វា​ត្រឹមត្រូវ ខ្ញុំ​បាន​ប្រាប់ ស៊ូប៊ែឌី (Subedi) ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ប្រាប់ ស៊ូប៊ែឌី បើ​និយាយ​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់ បើ​កុំ​ទប់​ទ្វារ​ដើម្បី​សម្រប​សម្រួល​ខាង​នយោបាយ ត្រូវ​ចាប់​ខ្លួន​ភ្លាម ព្រោះ​នេះ​ជា​បទ​ល្មើស​ជាក់​ស្ដែង ត្រូវ​ចាប់​ខ្លួន​ភ្លាម​ប៉ុន្មាន​នាក់​នោះ។ ប៉ុន្តែ ទុក​ផ្លូវ​សន្ទនា​ខាង​នយោបាយ យើង​មិន​ចាប់​ខ្លួន​ទេ។ ហើយ​ពេល​ចូល​តុលាការ​ហើយ តុលាការ​ក៏​មិន​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ទេ។ សូម​ឲ្យ​យល់​ផង កុំ​ទទឹង​ទិស...»។
សម្ដេច​សារភាព​ហើយ​ថា សម្ដេច​មិន​និយាយ​អោយ​ត្រឹមត្រូវ​តាម​ច្បាប់​ទេ ទោះ​បី​ជា​សម្ដេច​ដឹង​ថា​ជា​បទ​ល្មើស​ជាក់​ស្ដែង​ក៏ដោយ ត្បិត​សម្ដេច​ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សម្រប​សម្រួល​នយោបាយ។
ប៉ុណ្ណឹង​ហើយ​នៅ​មេៗ​គណបក្ស​ប្រឆាំង​មិន​ដឹង​គុណ​សម្ដេច​ទៀត។ បើ​កុំ​តែ​បាន​សម្ដេច​អន្តរាគមន៍​ទៅ​លើ​ប្រព័ន្ធ​តុលាការ​លើ​ព្រះមហាក្សត្រ អោយ​លើក​លែង​ទោស​ម្តង​ជា​ពីរ​ដង កុំ​សង្ឃឹម​ថា​លោក​បាន​ត្រឡប់​ចូល​ស្រុក​កំណើត​លោក​វិញ​អោយ​សោះ។ លោក​ទាំង​ពីរ​បែប​មិន​ទាន់​ដឹង​ថា ខ្លួន​មាន​សំណាង​ជាង​អ្នក​ដទៃ​ឆ្ងាយ​ណាស់ ដែល​បាន​សម្ដេច​នៅ​ត្រូវ​ការ ហើយ​ហាម​តុលាការ​កុំ​អោយ​អនុវត្ត​តាម​នីតិវិធី​នៃ​រដ្ឋ​ដែល​មាន​ច្បាប់​នោះ។ លោក​គួរ​ដឹង​ថា រាស្ត្រ​ប្រជា​សាមញ្ញ​ធម្មតា ដែល​សម្ដេច​មិន​ត្រូវ​ការ​វិញ ពេល​មាន​រឿង​ក្តី​ក្ដាំង​ម្តងៗ ជាពិសេស​មាន​រឿង​គេ​រឹប​អូស​យក​ដី​ស្រែ ផ្ទះ​សម្បែង​ជាដើម ទោះ​ជា​ខំ​នាំ​គ្នា​ទៅ​អង្គុយ​មុខ​ផ្ទះ​សម្ដេច រួច​លើក​រូបថត​សម្ដេច និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត គ្រវី​ទាល់​តែ​ជ្រុះ​ដៃ​ពី​ស្មា ក៏​ឥត​ប្រយោជន៍​ដែរ។ បាន​គេ​មិន​ចាប់​ដាក់​គុក ហើយ​គេ​អោយ​ដឹក​ដៃ​កូន​ចាក​ចោល​ដីធ្លី​ផ្ទះ​សម្បែង​ទៅ​ជ្រក​ក្រោម​ដើម​ឈើ​នោះ រាប់​ថា​សំណាង​ហើយ។
ដូច​នេះ តើ​កម្ពុជា ជា​ប្រទេស​មាន​សេរីភាព​កម្រិត​ណា ហើយ​ជា​ប្រទេស​នីតិរដ្ឋ​ដែរ ឬ​ទេ? សូម​លោក​អ្នក​ស្តាប់​សម្រេច​ចិត្ត​ចុះ!

No comments:

Post a Comment

yes