សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 25, 2014

លោក​ឧកញ៉ាសុខគង់ចែក​លុយ​ដល់​កង​កម្លាំង​សមត្ថកិច្ច​ឱកាស​ចូល​ឆ្នាំ​ចិន

ផ្ទះ សុខ គង់ ៦១០
ក្រុម​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ទទួល​លុយ​អំណោយ​ពី​
អ្នក​ឧកញ៉ា សុខ គង់ នៅ​ភូមិគ្រឹះ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ 
ខែ​មករា ឆ្នាំ​២០១៤

នៅ​រដូវ​ចូល​ឆ្នាំ​ចិន និង​វៀតណាម ឆ្នាំ​នេះ ក្រុម​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ បាន​ទៅ​ទទួល​លុយ​អំណោយ​ពី​អ្នក​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែល​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​១២ ឆ្នាំ​ម្សាញ់ បើ​រាប់​តាម​ប្រពៃណី​ចិន ឬ​វៀតណាម អ្នក​ជំនួញ​ល្បី​ឈ្មោះ​នៅ​កម្ពុជា លោក សុខ គង់ បាន​រៀប​ចំ​ពិធី​ចែក​ទាន​ឲ្យ​ពលរដ្ឋ និង​ក្រុម​សមត្ថកិច្ច​គ្រប់​ភេទ ដើម្បី​អបអរ​ឆ្នាំ​ថ្មី។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ប៉េអិម សមត្ថកិច្ច​អន្តរាគមន៍​ពិសេស និង​កង​កម្លាំង​បង្ក្រាប​បាតុកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ដែល​ធ្លាប់​តែ​ប្រចាំ​ការ​តាម​មហា​វិថី​នានា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​នៅ​ទី​សាធារណៈ​នោះ មិន​បាន​យាម​នៅ​ទីតាំង​ធ្លាប់​ឈរ​ជើង​នោះ​ទេ។ ក្រុម​សមត្ថកិច្ច​រាប់​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​កក​កុញ​នៅ​ខាង​ជើង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ដើម្បី​ចាំ​ទទួល​អំណោយ​មហា​សេដ្ឋី​ប្រេង និង​សណ្ឋាគារ​នៅ​ស្រុក​ខ្មែរ លោក​ឧកញ៉ា សុខ គង់។ មិន​មែន​តែ​សមត្ថកិច្ច​ទេ សូម្បី​តែ​ប្រជាពលរដ្ឋ​ធម្មតា ក៏​ត្រូវ​ទទួល​បាន​អំណោយ​ដែរ។
នៅ​ក្នុង​ផ្ទះ លោក សុខ គង់ វិញ មាន​បុគ្គលិក​ដែល​ស្និទ្ធ​នឹង​លោក​ជាច្រើន​នាក់ បាន​ព័ទ្ធ​វង់​លេង​បៀ​កម្សាន្ត​ជាច្រើន​វង់ ដោយ​ក្នុង​មួយ​ក្ដារៗ​យ៉ាង​តិច​ណាស់​ក៏​ចាញ់​ឈ្នះ​ចំនួន ១០​ដុល្លារ​ដែរ។ បន្ទាប់​ពី​មុងសាយ​លោត​បញ្ចប់​អម​ទៅ​ដោយ​សំឡេង​ទះ​ដៃ​កង​រំពង ទ្វារ​របង​ផ្ទះ​ឧកញ៉ា សុខ គង់ បាន​បើក​ទទួល​ពលរដ្ឋ​ដែល​ចូល​ទៅ​យក​លុយ​អំណោយ​ក្នុង​ម្នាក់ៗ​ចំនួន​ពីរ​ម៉ឺន​រៀល។ ពលរដ្ឋ​ជាច្រើន​បាន​រួសរាន់​ឈប់​ម៉ូតូ កង់ និង​ប្រញាប់ប្រញាល់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់ លោក សុខ គង់ ដែល​មាន​កូន​ចៅ និង​សែស្រឡាយ​របស់​លោក​រង់ចាំ​ចែក​លុយ​ឲ្យ​ពួក​គេ។

ពលរដ្ឋ​ម្នាក់​ដែល​រស់​នៅ​សង្កាត់​ផ្សារ​កណ្ដាល ឈ្មោះ សុខ ថា ឲ្យ​ដឹង​ថា រូប​គាត់​តែង​មក​ទទួល​លុយ​អំណោយ​របស់​ឧកញ៉ា សុខ គង់ ៣​ឆ្នាំ​មក​ហើយ ហើយ​លុយ​នេះ​ចែក​ឲ្យ​ពលរដ្ឋ​ចំ​ថ្ងៃ​ជនជាតិ​ចិន និង​វៀតណាម ធ្វើ​ពិធី​សែន​ដក​ជើង​ធូប។ លោក​បន្ត​ថា មួយ​ឆ្នាំៗ ពលរដ្ឋ​ម្នាក់ៗ​យ៉ាង​តិច​ណាស់​ទទួល​បាន​លុយ​អំណោយ​ពីរ​ម៉ឺន​រៀល។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ទាំងអស់​មិន​បាន​ដឹង​ថា លុយ​ទាំង​នោះ​លោក​ឧកញ៉ា​បាន​មក​ពី​ណា និង​រក​ស៊ី​អី​នោះ​ទេ? ប៉ុន្តែ​ជីវភាព​ក្រីក្រ ដូច​នេះ​បើ​មាន​គេ​ឲ្យ​លុយ គឺ​ប្រសើរ​ណាស់។
«សំឡេង»
បន្ទាប់​ពី​ចែក​លុយ​ពលរដ្ឋ​រួច​រាល់ គឺ​ដល់​វេន​ចែក​ឲ្យ​កម្លាំង​សមត្ថកិច្ច​វិញ​ម្តង។ កម្លាំង​ដែល​អាច​ទទួល​លុយ​បាន លុះ​ណា​តែ​ពួក​គេ​ស្លៀក​ពាក់​ឯកសណ្ឋាន និង​ប្រញាប់​ចូល​តម្រង់​ជួរ​នៅ​ខាង​ក្នុង​របង​ផ្ទះ លោក សុខ គង់។ អ្នក​ខ្លះ​ចត​ម៉ូតូ​នៅ​ថ្នល់ អ្នក​ខ្លះ​ទៀត​ចត​នៅ​របង​ផ្ទះ ហើយ​សម្រុក​ចូល​ទាំង​ត្រេកអរ។ ក្រុម​សមត្ថកិច្ច​បាន​ប្រាប់​ថា ពួក​គាត់​បាន​ទទួល​លុយ​ម្នាក់ៗ​មួយ​ម៉ឺន​រៀល។ ទោះ​យ៉ាង​ណា​ក្តី យើង​មិន​បាន​ដឹង​ថា ចំនួន​ប្រាក់​ពិត​ប្រាកដ​ដែល​សមត្ថកិច្ច​ទទួល​បាន​ពី លោក សុខ គង់ ប៉ុន្មាន​នោះ​ទេ ព្រោះ​ទ្វារ​របង​បិទ​ជិត។
កម្លាំង​អន្តរាគមន៍​ពិសេស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា លុយ​ដែល លោក សុខ គង់ ឲ្យ​មិន​ច្រើន​ទេ គឺ​គ្រាន់​តែ​អាច​ទិញ​គុយទាវ​ញ៉ាំ​បាន​មួយ​ព្រឹក​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ទទួល​លុយ​នេះ​គ្រាន់​តែ​ជា​ការ​ទទួល​យក​បុណ្យ​ដែល​គេ​ឲ្យ ហើយ​ក៏​មិន​ជំពាក់​គុណ ឬ​ខុស​ច្បាប់​ទេ។ លោក​បន្ត​ថា បើ​សិន​ជា​កម្លាំង​សមត្ថកិច្ច​ទាំងអស់​មាន​ជីវភាព​ធូរធារ ប្រាក់​ខែ​ចាយ​គ្រប់ ក៏​ពួក​គាត់​មិន​មក​តម្រង់​ជួរ​ចាំ​យក​លុយ​ដាក់​ទាន​ដែល​គេ​ចែក​ឲ្យ​នោះ​ដែរ។
ទោះ​យ៉ាង​ណា​ក៏ដោយ បុគ្គលិក​ដែល​ធ្វើ​ការ​ឲ្យ លោក សុខ គង់ គ្រាន់​តែ​ប្រាប់​ដោយ​ខ្លី​ថា នេះ​ជា​ការ​ធ្វើ​បុណ្យ​ដាក់​ទាន​តាម​ប្រពៃណី​ចិន និង​វៀតណាម។ ហើយ​ម្ចាស់​ទាន​មិន​មាន​បំណង​ជួល ឬ​ទិញ​ទឹក​ចិត្ត​សមត្ថកិច្ច ឬ​ពលរដ្ឋ​ឡើយ។
ទន្ទឹម​នឹង​នេះ ប្រធាន​បណ្ដាញ​រួបរួម​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា ទង្វើ​របស់​អ្នក​រក​ស៊ី​ដែល​ចែក​អំណោយ ឬ​ឲ្យ​លុយ​ទៅ​សមត្ថកិច្ច​ឲ្យ​លុយ​ទៅ​ប្រជាពលរដ្ឋ​នោះ មិន​ខុស​ច្បាប់​នោះ​ទេ។ ប៉ុន្តែ វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​កង្វះ​តម្លាភាព និង​ភាព​លម្អៀង​របស់​ក្រុម​សមត្ថកិច្ច​ទៅ​លើ​អ្នក​មាន​ទាំង​នោះ។ លោក​បន្ត​ថា គេ​សង្កេត​ឃើញ​នៅ​រៀង​រាល់​រដូវ​បុណ្យ​ទាន ដូច​ជា ចូល​ឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ​ចិន ជាដើម ក្រុម​អ្នក​មាន​ទ្រព្យ តែង​ជូន​កាដូ​គ្រប់​ប្រភេទ​ទៅ​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល។ ហើយ​នេះ ជា​រូបភាព​មួយ​ក្នុង​ចេតនា​សូកប៉ាន់ ឬ​កេង​ចំណេញ​ផ្នែក​ទំនាក់ទំនង​ពី​អ្នក​កាន់​ការ​រដ្ឋ​ទាំង​នោះ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​ឧកញ៉ា សុខ គង់ ភាគ​ច្រើន​រក​ស៊ី និង​ទទួល​អាជ្ញាប័ណ្ណ​រក​ស៊ី​ជាមួយ​រដ្ឋាភិបាល ដែល​មិន​សូវ​មាន​តម្លាភាព​ប៉ុន្មាន​ឡើយ។
«សំឡេង»
លោក សុខ គង់ ជា​ម្ចាស់​ក្រុមហ៊ុន សូគីម៉ិច គ្រុប (SOKIMEX GROUP) ដែល​រក​ស៊ី​នាំ​ចូល​ប្រេងសាំង រក​ស៊ី​កាស៊ីណូ សណ្ឋាគារ បើក​រោងចក្រ​កាត់​ដេរ និង​ជាពិសេស ជា​ម្ចាស់​ក្រុមហ៊ុន​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​តំបន់​អង្គរ​ទាំង​មូល។ ក្រុមហ៊ុន​របស់ លោក សុខ គង់ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ឋានសួគ៌​បូកគោ នៅ​ខេត្ត​កំពត ដោយ​រដ្ឋាភិបាល​ផ្តល់​សម្បទាន​រយៈពេល ៩៩​ឆ្នាំ។ រដ្ឋាភិបាល​ក៏​ទើប​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន លោក​ឧកញ៉ា សុខ គង់ សង់​សណ្ឋាគារ សុខា កម្ពស់​ជិត ១០​ជាន់​នៅ​ត្រើយ​ខាង​កើត​ទន្លេ​បួន​មុខ ចំ​ពី​មុខ​ព្រះបរមរាជវាំង ហើយ​បើ​សិន​ជា​គេ​ឡើង​លើ​សណ្ឋាគារ​ដែល​សង់​មិន​ទាន់​ចប់​នោះ គឺ​អាច​មើល​ឃើញ​ពី​ទិដ្ឋភាព​កន្លែង​ខ្លះ​ក្នុង​ព្រះបរមរាជវាំង​តែ​ម្តង។
ប្រភព​ក្រៅ​ផ្លូវ​ការ​ខ្លះ​បាន​លើក​ឡើង​ថា លោក សុខ គង់ មាន​ដើម​កំណើត​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា លោក​ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។
មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​តម្លាភាព​សង្គម បាន​ប្រាប់​ថា ក្រុមហ៊ុន​របស់ លោក សុខ គង់ ធ្លាប់​បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​ចំនួន ដោយ​មិន​មាន​ការ​ដេញ​ថ្លៃ​ឡើយ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី គិត​ថា ព្រឹត្តិការណ៍​សមត្ថកិច្ច​តម្រង់​ជួរ​យក​លុយ​ពី​ថៅកែៗ​ជា​ការ​ទម្លាក់​តម្លៃ​មន្ត្រី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់ ដើម្បី​ឲ្យ​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ប្រាក់​ខែ​សមរម្យ ជា​ជាង​ឲ្យ​សមត្ថកិច្ច​ទៅ​ចាំ​ទទួល​យក​ទាន​ដែល​គេ​ដាក់​ឲ្យ។ លោក​បញ្ជាក់​ថា ការ​ផ្តល់​លុយ​ឲ្យ​សមត្ថកិច្ច​នេះ គឺ​ជា​ការ​ពង្រឹង​អំណាច​បុគ្គល​និយម និង​បក្ខពួក​និយម​ប៉ុណ្ណោះ។
«សំឡេង»
យ៉ាង​ណា​មិញ រដ្ឋាភិបាល​នៅ​ក្នុង​ខែ​មករា នេះ​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​តួនាទី​ទាប​ក្នុង​ម្នាក់ៗ​ចំនួន ៨​ម៉ឺន​រៀល។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៤។
កាល​ពី​ចូល​ឆ្នាំ​ចិន ឆ្នាំ​មុន ភរិយា​របស់​ឧកញ៉ា ឡៅ ម៉េងឃីន ដែល​ទទួល​សម្បទាន​ដី​តំបន់​បឹងកក់ គឺ​អ្នកស្រី ជីង សុភាព ហៅ យាយ​ភូ បាន​ចែក​លុយ​ដល់​សមត្ថកិច្ច​គ្រប់​ប្រភេទ​ក្នុង​ម្នាក់ៗ​ចំនួន ៥​ម៉ឺន​រៀល​ដែរ ដោយ​បញ្ជាក់​ថា ជា​អាំងប៉ាវ​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន។ កង​កម្លាំង​ទាំង​នោះ តែង​តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​ទប់ទល់​នឹង​សកម្មភាព​តវ៉ា​របស់​អ្នក​បឹងកក់។
និគម​ជាតិ​ចិន និង​វៀតណាម មួយ​ចំនួន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការ​ចែក​អំណោយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​វៀតណាម នេះ គ្រាន់​តែ​ជា​ទម្លាប់​របស់​អ្នក​មានៗ​ដែល​ជាប់​សែស្រឡាយ​ចិន-វៀតណាម ប៉ុណ្ណោះ ហើយ​វា​មិន​មែន​ជា​ប្រពៃណី​ដែល​ត្រូវ​ធ្វើ​ឡើយ។ ជនជាតិ​ចិន និង​វៀតណាម និយម​ចែក​អាំងប៉ាវ ឬ​ក្រដាស​ក្រហម​ខ្ចប់​លុយ​ឲ្យ​សាច់ញាតិ​របស់​ពួក​គេ ប៉ុន្តែ​សាច់ញាតិ​ទាំង​នោះ ត្រូវ​តែ​ជា​មនុស្ស​នៅ​លីវ ហើយ​គេ​និយម​ចែក​កញ្ចប់​ក្រហម​នោះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​តែ​ម្តង។ ក្រុម​អ្នក​ធ្វើ​ការងារ​សង្គម​មួយ​ចំនួន ដាក់​សំណួរ​ថា តើ​មន្ត្រី​រាជការ និង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​រស់​នៅ​ដោយ​ចាំ​ការ​ដាក់​ទាន​ពី​គេ​ដល់​ពេល​ណា?

No comments:

Post a Comment

yes