បុរសម្នាក់នៅឃុំប្រមេខេត្តព្រះវិហារ កំពុងទទួលទានអាហារនៅ
កន្លែងមានវិវាទដីធ្លីពីខែមុន រូបថត ជីវ័ន
កម្ពុជាបានសម្រេចលើសគោលដៅកាត់បន្ថយភាពក្រីក្រនៃគោលដៅអភិវឌ្ឍសហស្សវត្សរ៍។ ម្យ៉ាងទៀត កម្ពុជា ក៏ជាប្រទេសដែលមានលទ្ធផលល្អបំផុតនៅលើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រនាប៉ុន្មានឆ្នាំថ្មីៗនេះ។ ពីឆ្នាំ ២០០៤ ដល់ ២០១១ ក្នុងរយៈពេលតែ ៧ឆ្នាំ ប៉ុណ្ណោះ ចំនួនប្រជាជនដែលរស់នៅក្នុងភាពក្រីក្រគឺតិចជាង ១,១៥ ដុល្លារក្នុងមួយថ្ងៃ បានធ្លាក់ចុះជាងពាក់កណ្តាលនៅ កម្ពុជា គឺពី ៥៣ ភាគរយមក ២០,៥ ភាគរយ។ នោះមានន័យថា មានមនុស្សតែពីរនាក់ក្នុងចំណោម ១០ នាក់ ដែលក្រីក្រ បើប្រៀបធៀបនឹងចំនួន ៥ នាក់ កាលពីឆ្នាំ ២០០៤។ មានមូលហេតុជាច្រើននៅពីក្រោយការកាត់បន្ថយភាពក្រីក្រដ៏ខ្លាំងនេះ។ កត្តាចម្បងសំខាន់បំផុតពីរ គឺការកាន់តែកើនឡើងនូវតម្លៃស្រូវអង្ករ និងការកើនឡើង នៃការផលិតស្រូវអង្ករដែលបានលើកកម្ពស់ប្រាក់ចំណូលកសិករនិង ប្រាក់ឈ្នួលកសិករ ហើយរួមចំណែកជួយកាត់បន្ថយភាពក្រីក្របានជិតពាក់កណ្តាល។
កំណើននៃការផលិតស្រូវអង្ករមួយផ្នែកជំរុញដោយបរិស្ថានវិជ្ជមាន នៅខាងក្រៅហើយម្យ៉ាងទៀត ដោយសារតែលទ្ធភាពប្រើប្រាស់ផ្លូវដោយកសិករ ដើម្បីដឹកជញ្ជូនផលិតផលទៅទីផ្សារ លទ្ធភាពទទួលបានព័ត៌មានទីផ្សារ កាន់តែល្អប្រសើរឡើងតាមរយៈទូរស័ព្ទចល័ត ប្រព័ន្ធធារាសាស្រ្តកាន់តែល្អប្រសើរ និងទីផ្សារកសិកម្មមានលក្ខណៈសេរី។ កត្តាទាំងនេះបានបង្កើតបរិស្ថានដែលល្អប្រសើរចំពោះកសិករក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការឡើងថ្លៃផលិតផល។
ជាមួយនឹងលទ្ធផលកាត់បន្ថយភាពក្រីក្រដ៏អស្ចារ្យនេះ តើអ្នកក្រីក្រពីមុនទាំងអស់ទៅទីណា? ចម្លើយចំពោះសំណួរនេះគឺ ចេញពីភាពក្រីក្រ ប៉ុន្តែមិនបានឆ្ងាយប៉ុន្មានទេ។ គ្រួសារភាគច្រើននៅតែនៅជិតខ្សែបន្ទាត់នៃភាពក្រីក្រដដែល។ ចំនួនមនុស្សរស់នៅក្បែរខ្សែបន្ទាត់ក្រីក្រ ដែលរស់នៅរកប្រាក់កម្រៃបានតិចជាង ២,៣០ ដុល្លារក្នុងមួយថ្ងៃក្នុងមួយនាក់បានកើនឡើងដល់ ៨,១ លាននាក់ក្នុងឆ្នាំ ២០១១ ពី ៤,៦ លាននាក់ក្នុងឆ្នាំ ២០០៤។
ដោយសាររស់នៅក្បែរភាពក្រីក្រ ពួកគេនៅតែមានហានិភ័យខ្ពស់ធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ ក្នុងករណីជួបវិបតិ្តប្រាក់ចំណូលតិចតួចបំផុត។ ឧទាហរណ៍ ផលប៉ះពាល់នៃការបាត់បង់ប្រាក់ចំណូល ១២០០ រៀល ក្នុងមួយថ្ងៃ (ប្រហែល ០,៣០ ដុល្លារ) នឹងធ្វើឲ្យមនុស្សប្រហែល ៣ លាននាក់ធ្លាក់ចូលភាពក្រីក្រវិញ។ នេះនឹងបង្កើនអត្រាភាពក្រីក្រទ្វេដងដល់ ៤០ ភាគរយ។
ខណៈដែល កម្ពុជា ទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចឆាប់រហ័សបំផុតនៅក្នុងប្រទេស ប្រជាជនកម្ពុជានិយាយថា ពួកគេសង្ឃឹមមានអនាគតរុងរឿងថែមទៀត ដែលមិនផ្អែកតែលើកម្លាំងពលកម្មថោកប៉ុណ្ណោះទេ។ ពួកគេចង់បានការងារប្រសើរជាងមុន និងឱកាសស្មើគ្នា ដោយមិនគិតអំពីឋានៈ និងទ្រព្យសម្បតិ្តឡើយ។ ការងារល្អប្រសើរ ទាំងនៅតំបន់ទីក្រុង និងជនបទ កាន់តែមានសារសំខាន់ថែមទៀត ព្រោះតម្លៃទំនិញអាចមិនបន្តកើនឡើងយ៉ាងឆាប់រហ័សនៅថ្ងៃអនាគត ដូចរយៈពេលកន្លងទៅថ្មីៗនេះទេ។
តើកម្ពុជា អាចកាត់បន្ថយភាពក្រីក្របន្ថែមទៀត ដោយរបៀបណា ដោយជួយប្រជាជនក្រីក្រដែលនៅសល់ ២០ ភាគរយ ឲ្យងើបចេញពីភាពក្រីក្រ ព្រមទាំងបង្ការអ្នករស់នៅក្បែរខ្សែបន្ទាប់ភាពក្រីក្រកុំឲ្យធ្លាក់ចូលភាពក្រីក្រវិញ ដោយគ្រាន់តែជួបបញ្ហាសេដ្ឋកិច្ចបន្តិចបន្តួច? ដោយគិតអំពីគោលដៅទាំងពីរនេះយុទ្ធសាស្រ្តអភិវឌ្ឍថ្មីរបស់ កម្ពុជា សង្កត់ធ្ងន់លើកំណើន និងសមភាព។ សកម្មភាព និងកម្មវិធីមួយចំនួនអាចជួយលើកប្រជាជនច្រើនថែមទៀតឲ្យងើបពីភាពក្រីក្រ។
-ការបង្កើតលទ្ធភាពប្រើប្រាស់ និងលើកកម្ពស់គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅជនបទ ដូចជាផ្លូវថ្នល់ គម្រោងធារាសាស្រ្ត ការផ្គត់ផ្គង់អគ្គិសនី និងទឹក និងអនាម័យ។ សរុបមកប្រជាជនក្រីក្រ ៩០ ភាគរយរស់នៅតាមជនបទ។
-គាំទ្រកុមារនៅជនបទឲ្យចាប់ផ្តើម ការសិក្សានៅវ័យកុមារនិងពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងចំណោមសហគមន៍ជនជាតិភាគតិច គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ។ អាហារូបករណ៍ការផ្តល់អាហារនៅសាលាការផ្ទេរសាច់ប្រាក់ និងកម្មវិធីប្រហាក់ប្រហែលបានជួយកាត់បន្ថយអត្រាលះបង់ការ សិក្សានៅសាលាមធ្យមសិក្សា។
-កម្មវិធីរួមដើម្បីធ្វើការកាត់បន្ថយកង្វះអាហារូបត្ថម្ភសម្រាប់កុមារដោយមានការតាមដានជាលក្ខណៈប្រព័ន្ធ លើការរីកលូតលាស់របស់កុមារ ដោយមន្ទីរសុខាភិបាល គឺជាអាទិភាព ក្នុងការកាត់បន្ថយភាពក្រីក្រ។ កម្មវិធីតាមសហគមន៍អាចកាត់បន្ថយការបត់ជើងធំនៅទីវាល និងលើកកម្ពស់ទម្លាប់បរិភោគអាហារការបន្ថែមជីវជាតិក្នុងអាហារ។ ការបង្កើនសេវា Health Equity Fund ដែលជាគម្រោងផ្តល់លទ្ធភាពថែទាំសុខភាពដោយឥតគិតថ្លៃ ដល់ប្រជាជនក្រីក្របំផុត ការចុះផ្សព្វផ្សាយ ដែលបានពង្រីកដើម្បីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍សុខភាពរបស់មូលនិធិ ក៏អាចចូលរួមចំណែកកាត់បន្ថយកង្វះអាហារូបត្ថម្ភរបស់កុមារផងដែរ។
-ការត្រួតពិនិត្យកាន់តែតឹងរ៉ឹង មកលើអ្នកផ្តល់សេវាឯកជន និងអ្នកផ្គត់ផ្គង់ថ្នាំ នៅក្រៅប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីទប់ស្កាត់ថ្នាំក្លែងក្លាយ ក៏អាចជួយលើកកម្ពស់គុណភាពថែទាំសុខភាពផងដែរ។
-កម្មវិធីពង្រឹងការផលិតស្រូវអង្ករដើម្បីប្រាក់ចំណេញតាមរយៈការផ្គត់ផ្គង់ពូជល្អ និងសេវាតាមជនបទប្រកបដោយប្រសិទ្ធភាពថែមទៀត អាចជួយកសិករផ្លាស់ប្តូរពីការធ្វើស្រែចម្ការគ្រាន់តែចិញ្ចឹម ជីវិត ទៅរកការធ្វើស្រែចម្ការបែបពាណិជ្ជកម្មវិញ។ ក៏មានគោលនយោបាយ និងកម្មវិធីដែលជួយបង្ការអ្នករស់នៅក្បែរខ្សែបន្ទាត់ក្រីក្រ កុំឲ្យធ្លាក់ចូលទៅភាពក្រីក្រផងដែរ។ ការលើកកម្ពស់ពិពិធកម្មដំណាំក្រៅពីស្រូវ នឹងមានសារៈសំខាន់។
គ្រួសារនៅជនបទក៏នឹងទទួលបានអត្ថប្រយោជន៍ពីឱកាសការងារក្រៅកសិដ្ឋាន និងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឧស្សាហកម្ម និងវិស័យទេសចរណ៍នៅតំបន់ទីក្រុង និងជនបទ។ កិច្ចខិតខំប្រឹងប្រែងបន្ថែមដើម្បីអនុវត្តយុទ្ធសាស្រ្តការពារ សង្គមជាតិ អាចគាំទ្រប្រជាជនមិនមែនជាអ្នកក្រីក្រ។ ការបន្តមានវឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រីក្រក៏អាចកើតឡើងផងដែរ។ ការជួយគ្រួសារដែលទើបតែងើបចេញពីភាពក្រីក្រ ក៏អាចធ្វើទៅបានផងដែរ។ ដោយមានគោលនយោបាយនិងកម្មវិធីរឹងមាំក្នុងការកាត់បន្ថយភាពក្រីក្រ គោលដៅទាំងពីរអាចសម្រេចបាន។ តាមពិតគោលនយោបាយ និងកម្មវិធីមានសារៈសំខាន់ណាស់ដើម្បីបំពេញនូវក្តីសង្ឃឹមនិង ការរំពឹងទុក ដែលបានជំរុញដោយកំណើនសេដ្ឋកិច្ចមួយទសវត្សរ៍កន្លងទៅនេះ។ រដ្ឋាភិបាល កម្ពុជា និងធនាគារពិភពលោក បានរៀបចំរួមគ្នានូវសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃ ភាពក្រីក្រនៅពេលរសៀល ថ្ងៃ ទី២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅសណ្ឋាគារភ្នំពេញដែលផ្តល់ឱកាសដើម្បីពិភាក្សាពីបញ្ហាប្រឈមនិង សកម្មភាពកាត់បន្ថយភាពក្រីក្របន្ថែមទៀត។
No comments:
Post a Comment
yes