សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 11, 2014

សវនាការ​សាលាឧទ្ធរណ៍លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជាប់​ឃុំ​២១​នាក់ចែក​ជា​បី​ជុំ​​


សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បានចាប់ផ្តើម​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ទាំង ២១​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​បាន​ចាប់ខ្លួន នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​ផ្លូវ​វ៉េង​ស្រង កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា​ ដោយ​ចែកជាបីជុំផ្សេង​គ្នា​ទៅតាម​បទ​ចោទ។​
​នៅ​ម៉ោង ៨:០០​ព្រឹក សវនាការ​ជុំទីមួយ លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​កម្មករ​មួយ​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា​។ កម្មករ​រូប​នេះ បានដាក់​បណ្តឹងសុំ​នៅក្រៅ​ឃុំ​ជាមួយ​កម្មករ​ពីរ​នាក់​ទៀត ដែល​តុលាការ​បាន​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ពេល​ថ្មីៗ​​​នេះ ប៉ុន្តែ​តុលាការ​នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​
នៅ​ម៉ោង ៨:៣០​នាទី រហូត​មកដល់​ម៉ោងជិត ១០នេះ សាលាឧទ្ធរណ៍ កំពុង​បើក​​សវនាការ​​ជុំ​ទី​ពីរ លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​កម្មករ ១០​នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០២​ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាង​ជី​ង រាជធានី​ភ្នំពេញ​។ អ្នក​ទាំង​១០​នាក់​នោះ មាន​លោក​វ​ន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់ និង​កម្មករ ៧​នាក់​ទៀត​។  
ចំណែក​សវនាការ​ជុំ​ទី​បី នឹង​ធ្វើ​ឡើង​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​កម្មករ ១០​នាក់​ទៀត ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ តុលាការ​សាលាដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ផុន សុខ​ជា អាយុ​​១៧​ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។
អ្នក​ទាំង​២៣​នាក់​នោះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ពួកគេ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ក្នុង​​ហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោង​ចក្រ​យ៉ាក​ជី​ង ខណៈ​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ ដល់​កម្មករ​។ បច្ចុប្បន្ននេះ ពួកគេ​កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម​៕

No comments:

Post a Comment

yes