សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 11, 2014

លោកសមរង្ស៊ីប្រកាស​ផ្អាក​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​ទៅ​កាន់​អ្នក​គាំទ្រ​នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣

គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​នឹង​ជួប​ចរចា​គ្នា​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ខាង​មុខ។ គោលដៅ​ចម្បង​គឺ​ផ្ដល់​ចម្លើយ​ពាក់​ព័ន្ធ​នឹង​ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​ ការបោះឆ្នោត ដែល​តំណាង​គណបក្ស​ប្រជាជន​សន្យា​ថា នឹង​ផ្ដល់​អោយ​ភាគី​ចរចា​បន្ទាប់​មេ​បក្ស​សម្រេច។ ប៉ុន្តែ​មិន​ទាន់​ដល់​ថ្ងៃ​ជួប​គ្នា​ឡើង​វិញ​ផង នៅ​ថ្ងៃ​ទី​១១ មីនា នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ការណ៍​ថា គណបក្ស​នេះ​នឹង​មិន​វិល​រក​តុចរចា​ទៀត​ទេ ប្រសិន​បើ​សំណើ​របស់​បក្ស​ខ្លួន​មិន​បាន​ការ​ឆ្លើយ​តប​ពី​បក្ស​កាន់​អំណាច។
នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ប្រាប់​អ្នក​ការទូត​សហគមន៍​អន្តរជាតិ​ថា គណបក្ស​នេះ​អាច​នឹង​មិន​បន្ត​ការ​ចរចា​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ត​ទៅ​មុខ​ទៀត​ឡើយ ដោយ​សំអាង​ថា ការ​មិន​សម្រេច​ឆ្លើយ​តប​ណា​មួយ ​គឺ​ជា​មធ្យោបាយ​ពន្យារ​ពេល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​តទៅ​ទៀត ឬ​ធ្វើ​អោយ​ល្អមើល។

លោក សម រង្ស៊ី មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ការ​ចរចា​រវាង​គណបក្ស​ទាំង​២ គឺ​ត្រូវ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ជា​ជាង​លើក​យក​បញ្ហា​ផ្សេង​ទៀត​មក​ឡូកឡំ។
ការ​ព្រមាន​មិន​ចូល​រួម​តុចរចា​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ​ក្រោយ​ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ទាំង​២ បញ្ចប់​ការ​ចរចា​ដែល​មិន​ទាន់​សម្រេច​លទ្ធផល​មួយ​កាល​ពី​ថ្ងៃ​ទី​១០ មីនា។ ក្នុង​ជំនួប​នោះ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ ​ការ​បោះ​ឆ្នោត ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ និង​ត្រូវ​ជ្រើស​តាំង​សមាសភាព សមាជិក​គណៈកម្មាធិការ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​ថា គ.ជ.ប នោះ ដោយ​សំឡេង​បោះ​ឆ្នោត​គាំទ្រ​ចំនួន ២ ភាគ ៣ នៃ​សមាជិក​រដ្ឋ​សភា។
ចំណែក​គណបក្ស​កាន់​អំណាច​វិញ បាន​លើក​ឡើង​ពី​សុចរិត​ភាព​របស់​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។
ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ ប្រធាន​ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា លើក​ឡើង​ថា ការ​ចរចា​គឺ​ជា​ពិភាក្សា​ដើម្បី​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា។ លោក​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា ​មិន​គួរ​មាន​មូល​ហេតុផ្អាក​ដំណើរ​ការ​ចរចា​ឡើយ។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ថា គណបក្ស​ទាំង​២ គួរ​តែ​បន្ធូរបន្ថយ​រៀង​ខ្លួន ក្នុង​នោះ​បក្ស​ប្រជាជន​កម្ពុជា គួរ​បញ្ឈប់​អូស​បន្លាយ​ការ​ចរចា ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បន្ត​ភាព​អត់​ធ្មត់​បន្ថែម​ទៀត។
លោក សុខ ទូច បញ្ជាក់​បន្ថែម​ថា ភាគី​សំខាន់​មួយ​ទៀត​គឺ​ម្ចាស់​ឆ្នោត​ត្រូវ​តាម​ដាន​ស្ថានការណ៍​នេះ ដើម្បី​បាន​ដឹង​ច្បាស់​ថា តើ​គណបក្ស​ណា​មួយ​ដែល​ពិត​ជា​ចង់​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នៅ​ពេល​ នេះ។
នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដដែល លោក សម រង្ស៊ី ក៏​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្កើត​អោយ​បញ្ហា​ ចម្រូងចម្រាស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ទទួល​ខុស​ត្រូវ​នោះ​បាន​រាប់​ចាប់​តាំង​ពី​ការ​ប្រកាស​លទ្ធផល​ឆ្នោត ការ​បង្កើត​រដ្ឋ​សភា​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ រហូត​ដល់​ការ​បង្ក្រាប​ការ​តវ៉ា​របស់​ម្ចាស់​ឆ្នោត និង​ការបាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​ទៀត៕

No comments:

Post a Comment

yes