សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 27, 2014

និស្សិត​ពេទ្យ​នៅ​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាមត្អូញត្អែរ​ពី​ការ​យក​តម្លៃ​ដក​សញ្ញាបត្រ​ថ្លៃ​ហួសហេតុ​​

ក្រុមនិស្សិត​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្ររង នៅ​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម ត្អូញត្អែរ​ចំពោះ​ការកំណត់​តម្លៃ​ដក​សញ្ញាបត្រ ថា​ថ្លៃ​ហួសហេតុ ដោយ​ក្នុង​និស្សិត​ម្នាក់ សាលា​តម្រូវឲ្យ​បង់​ប្រាក់ចំនួន​១០​ម៉ឺន​រៀល​។​
 
​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ពេទ្យ​ធ្មេញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម ដែល​មាន​ទីតាំង​នៅក្នុង​ក្រុង​កំពង់ ចាម ខេត្ត​កំពង់ចាម បាន​ទារ​ថ្លៃ​ដក​សញ្ញាបត្រ​ពី​និស្សិត​ក្នុង​ម្នាក់ ចំនួន​១០​ម៉ឺន​រៀល​។ លោក​ថា តម្លៃ​នេះ​ថ្លៃ​ហួសហេតុ ដែល​កាលពី​ឆ្នាំមុនៗ គេ​តម្រូវ​ឲ្យ​បង់ត្រឹមតែ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ​ «ឆ្ងល់បានខ្ញុំថា រួចដល់ពេលសួរគេទៅ គេថា គេឲ្យយកអ៊ីចឹង នៅពេលអ៊ីចឹងអ្នកដែលទៅយកគេថាអ៊ីចឹង ក៏មិន ហ៊ានមាត់ដែរ បើគេឲ្យយកអ៊ីចឹង ទាក់ទងនិងការយកលុយហ្នឹង ខ្ញុំឆ្ងល់ហេតុអ្វីក៏សាលារដ្ឋសោះ យកលុយពីនិស្សិត ថ្លៃសញ្ញាបត្រម្នាក់១០ម៉ឺន»។


​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ពេទ្យ​មធ្យម​ម្នាក់ទៀត ឲ្យដឹង​ដែរថា ការ​យក​តម្លៃ​ថ្លៃ​បែបនេះ ធ្វើ ឲ្យ ប៉ះពាល់​ដល់​ជីវភាព​របស់​និស្សិត​ក្រីក្រ ដែល​ភាគច្រើន​ពួកគេ គឺជា​និស្សិត​អាហារូបករណ៍ មិន​មាន​លទ្ធភាព​ក្នុងកា​របង់​នោះ​ទេ​។ លោក​អះអាង​ថា សាលា​តែង​គាប​យក​លុយ​ពី​និស្សិត ដែល​កំពុង​សិក្សា​តាមរយៈ​ការទិញ​ក្រដាស​មេរៀន ការ​បង់ថ្លៃ​សេវា​ផ្សេងៗ ដែល​សរុប​ទៅ​មាន​តម្លៃ​ប្រហាក់ ប្រ ហែល​នឹង​ការសិក្សា​បង់ថ្លៃ​ដែរ​ «ជាធម្មតាតែ ៤០.០០០រៀល តែគេយកដល់ ១០០.០០០រៀល ហើយនៅហ្នឹងធំជាងគេមានតែនាយកអ្នកបង្ក្រាបឲ្យយក គេកំណត់ឲ្យអ៊ីចឹង ដល់ពេលអ៊ីចឹង និយាយរួម វាវែងឆ្ងាយ វាច្រើន ព្រោះអីសាលាហ្នឹងតាំងពីដើមមក អត់មានអ្នកណាធ្វើអ្វីកើតទេ។ 

ខាងគណបក្សកាន់អំនាចទូទាំងប្រទេស យើងពិបាកធ្វើ យើងតវ៉ាអ្វីក៏មិនសូវបានផល»។
​ពាក់ព័ន្ធ​នឹង​ករណី​នេះ VOD មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​នាយកសាលា​មធ្យមសិក្សា ​សុខាភិបាល​ភូមិភាគ​កំពង់ចាម លោក ប៉ែន ម៉ា​រ៉ា​ឌី បានទេ​។

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន លើកឡើងថា ការដក​សញ្ញាបត្រ​មិន​តម្រូវ​ឲ្យ​និស្សិត​បង់​ប្រាក់​នោះ​ទេ​។ លោក​ថា ការទារ​ថ្លៃ​ដក​សញ្ញាបត្រ​នេះ គឺជា​អំពើ​ពុករលួយ  ដែល​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​មិន​គួរ​ប្រព្រឹត្ត​ឡើយ​ «បើគ្មានតែទារគ្មានហេតុផលឯណានោះ នោះវាជា ការកេងប្រវញ្ច ទៅលើនិស្សិត ហើយឬមួយយើងនិយាយបានថា ជាការប្រព្រឹត្តអំពើ ពុករលួយ។ ក្រសួងត្រូវមានវិធានការ ឬមួយអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែមានវិធានការទៅលើ ជនដែលប្រព្រឹត្តអំពើពុករលួយ កេងប្រវញ្ចលើនិស្សិតនោះ»។ 

បើ​តាម​ការអះអាង​របស់​និស្សិត សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម មាន​និស្សិត​កំពុង​សិក្សា​ប្រមាណ​ជា ៣០០០​នាក់ ហើយ​តែងតែ​មាន​បញ្ហា​យក​លុយ​និស្សិត​លើស​ចំនួន និង​អំពើពុករលួយ​ក្នុង​ការប្រលង​ជាដើម​៕

No comments:

Post a Comment

yes