សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 23, 2014

គណ​បក្ស​ប្រជា​ជននិង​គណ​បក្ស​សង្គ្រោះ​ជាតិនឹង​ជជែក​២​ចំណុច​នៅ​ថ្ងៃ​ស្អែក

គណ​បក្ស​ប្រជា​ជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កិច្ច​ប្រជុំ​ចរចា​គ្នា​ជា​បន្ត​ទៀត​នៅ​ថ្ងៃ ​ទី​២៤មីនា​ស្អែក​នេះ ដោយ​លើក​យក​របៀបវារៈ​ចំនួន​ពីរ។ របៀបវារៈ​ទាំង​នោះ ជាអាទិភាព​​នៃ​ប្រធាន​បទ​ទាំង​១៤ និង​និតិ​វិធី​នៃ​វេទិកា​សាធារណៈ​ដែល​គណ​បក្ស​កំពុង​មាន​ជម្លោះ​ទាំងពីរ​យល់ ​ព្រម​បង្កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ ​ដើម្បី​បិទ​បញ្ចប់​បញ្ហា​នៃ​ភាព​មិន​ប្រ ​ក្រតី​នៃ​ការ​បោះ​ឆ្នោត​។

មាន​របៀប​វារៈ​ចំនួន​ពីរ​ចំណុច​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​លើក​យកមក​ដាក់​លើ​តុ​នៅ​ក្នុង​កិច្ច​ប្រជុំ​ ថ្ងៃ​ចន្ទ​ទី២៤មីនា​នេះ។ របៀប​វារៈ​ទាំង​ពីរ​នោះ​រួម​មាន ទី​១ ការ​លើក​យក​បញ្ហា​ជា​អាទិភាព​​នៃ​ចំណុច​ទាំង​១៤ ដែល​គណៈ​កម្មការ​នៃ​គណ​បក្ស​ដៃគូ​ចរចា​ទាំង​ពីរ ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ ទី១៧ កន្លង​ទៅ។ និង​ទី២ ការ​ជជែក​ពី​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​វេទិកា​​សាធារណៈ​ដែល​នឹងត្រូវ​ធ្វើ ​ឡើង​នៅ​ពេល​ខាង​មុខ​។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក ឈាង វុន សមាជិក​នៃ​ក្រុម​ចរចា មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចំណុច​ដាក់​បន្ថែម​នៃ​​​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺ​ត្រូវ​ បញ្ចប់ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ជជែក​បន្ត​តែ​ពី​ថា​ តើ​បញ្ហា​ការ​រៀបចំ​វេទិកា​​ សាធារណៈ​នៅពេល​ខាង​មុខ​នោះ ​គួរ​ដំណើរ​ការ​យ៉ាង​ដូច​ម្តេច និង​នៅ​ពេល​ណា​តែ​ប៉ុណ្ណោះ​។

ចំណែក​ឯ​របៀប​វារៈ​ស្តីពី​អាទិភាព​​​​នៃ​ប្រធាន​បទ​ទាំង​១៤​ចំណុច​នោះ សមា​ជិក​នៃ​ក្រុម​ចរចា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​លោក ឈាង វុន ដដែល បាន​បញ្ជាក់​គោល​ជំហរ​ពី​គណ​បក្ស​កាន់​អំណាច​ថា គឺ​ត្រូវ​ដាក់​ទាំង​កញ្ចប់​តែម្តង ពោល​គឺ​មិន​មាន​ចំណុច​ណាមួយ​នៃ​ចំណុច​ទាំង​១៤​នោះ មានអាទិភាព​​ជាង​គ្នា​នោះ​ទេ។ ប៉ុន្តែ​ ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ជា​ដំបូង​ចង់​ដាក់​ចំណុច​ចំនួន​៣ ក្នុង​ចំណោម​ចំណុច​ទាំង១៤ ជា​អាទិភាព​​ក្នុង​វេទិកា​​សាធារណៈ។ វេទិកា​​សាធារណៈ​ដែល​នឹង​គ្រោង​ឱ្យ​​មានការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ ស៊ីវិល​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​​ជាដើម ក្នុងន័យ​ដើម្បី​បិទ​បញ្ចប់​ការវិវាទ​ដែល​តែងតែ​កើតឡើង​ក្រោយ​ការបោះឆ្នោត​ នោះ។ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​បញ្ជាក់ដូចៗគ្នា​ថា គណបក្ស​ទាំងពីរ​ចង់ឃើញ លទ្ធផល​នៃ​កំណែទម្រង់​ការបោះឆ្នោត​ដែល​ជា​​បញ្ហា​រ៉ាំរ៉ៃ​នៅ​កម្ពុជា បិទ​បញ្ចប់​ក្នុងពេលឆាប់ៗ។

សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី១៧មីនា​កន្លងទៅ​ គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស ​ដែល​កំពុងមាន​ជម្លោះ​ទាំងពីរ​ដែលជា​ក្រុមបច្ចេកទេស​កំរិត​ទី​ពីរ បានសម្រេច​លើ​បញ្ហា​ចំនួន១៤ចំណុច ក្នុងនោះ​រួម​មាន ការ​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត យន្តការ​ដោះស្រាយ​វិវាទ​ការបោះឆ្នោត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្សនយោបាយ រួមទាំង​អ​ព្យា​ក្រិត​ភាព និង​សុចរិត​ភាព​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជាដើម។ ក្នុង​កិច្ចប្រជុំ​នៅ​វិមាន​ព្រឹទ្ធសភា​នា​ថ្ងៃ​ចន្ទ​ទី២៤មីនា​នេះ គណបក្ស​ទាំងពីរ​នឹង​ដឹកនាំ​សមាសភាព​ម្ខាង៦រូប ​ចូល​តុ​ចរចា​​ជា​បន្ត ហើយ​ថា ​តើ​អ្វី​ជា​លទ្ធផល​ពី​ជំនួប​នេះ ពលរដ្ឋ​ខ្មែរ​គឺ​កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់៕

No comments:

Post a Comment

yes