សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 21, 2014

មេធាវី​ជនជាតិ​អាមេរិកជំរុញICCស៊ើបអង្កេត​បណ្តឹង​ប្រឆាំងលោកហ៊ុនសែននិង​រដ្ឋាភិបាល​កម្ពុជា​​

លោកហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ តាត ឧត្តម)
មេធាវី​ជនជាតិ​អាមេរិក ជំរុញ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡាអេ ស៊ើបអង្កេត​លើ​បណ្តឹង ដែល​ប្តឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
​ទីភ្នាក់ងារ​សារព័ត៌មាន AP ចុះ​ផ្សាយ​ថ្ងៃ​ទី​២០ ខែ​មីនា ដោយ​ដកស្រង់​សម្តី​របស់​មេធាវី​ការពារ​សិទ្ធិមនុស្ស និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិមនុស្ស​ពិភពលោក លោក Morton Sklar ដែល​តំណាង​ឲ្យ​ដើមចោទ​មួយ​ក្រុម​នោះ​ថា បណ្តឹង​នេះ ផ្អែក​លើ​អង្គហេតុ នៃ​ការជាប់​ពាក់ព័ន្ធ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក្នុងការ​បិទបាំង​អំពើ​ប្រល័យពូជសាសន៍​របស់​រប​ប​ខ្មែរក្រហម តាមរយៈ​ការប្រឹងប្រែង​រារាំង​ដល់​ដំណើរការ​ក្តី​របស់​សាលាក្តី​ខ្មែរក្រហម រួម​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ជា​លក្ខណៈ​ប្រព័ន្ធ តាម​រូបភាព​នៃ​ការបង្ក្រាប​ដោយ​ហិង្សា​ពី​កម្លាំង​សមត្ថកិច្ច ទៅ​លើ​កម្មករ ក្នុង​គ្រា​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កន្លងមក​។​

​លោក Morton SKlar បញ្ជាក់ថា បើទោះបីជា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិន​មាន​យុត្តាធិការ ផ្តន្ទាទោស​លើ​ឧក្រិដ្ឋកម្ម ដែល​កើតឡើង មុន​ពេល​ស្ថាប័ន​នេះ ត្រូវបាន​បង្កើត​មុន​ឆ្នាំ​២០០២​ក្តី ប៉ុន្តែ ទង្វើ​របស់​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​រារាំង​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម និង​ការកាត់ទោស​លើ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​នេះ គឺជា​បទល្មើស​មួយ ដែល​កើតឡើង ខណៈពេល​សាលាក្តី​ខ្មែរក្រហម កំពុង​ដំណើរ​ក្នុង​បច្ចុប្បន្នភាព​។​
​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​បាន​បណ្តាលឲ្យ​មនុស្ស​ប្រមាណ​ជិត ២​លាន​ស្លាប់ ដោយ​ការអត់ឃ្លាន ជំងឺ​ពី​ពលកម្ម​ដោយ​បង្ខំ និង​ការ​សម្លាប់ចោល​ជាដើម​។​
VOD មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផា​ន និង​លោក ទិត សុធា បានទេ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បដិសេធ​ឆ្លើយតប​រឿងនេះ ដោយ​ចាត់ទុកថា ជា​រឿង​មួយ​មិន​មាន​ប្រយោជន៍​ «​ខ្ញុំ​អត់​ត្រូវ​ការឆ្លើយ ចំពោះ​រឿង​ចឹងៗ​ទេ វា​ឈឺក្បាល​ខ្ញុំ​ណាស់ យល់​ទេ​! អ្នក​ដែល​ធ្វើ​កិច្ចការ​នោះ សុទ្ធ​តែ​អ្នក​អត់​ការធ្វើ​ទេ យល់​ទេ​!»​។​
​ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​ សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន យល់ថា បណ្តឹង​នេះ អាច​នឹង​ត្រូវ​បាន​ចាត់ការ លុះណាតែ​មាន​ភស្តុតាង​សំខាន់ ដែល​បង្ហាញ​ពី​ភាព​ជាប់​ពាក់ព័ន្ធ​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​នឹង​លើ​ឧក្រិដ្ឋ​កម្មនេះ «​ប្រសិន​ជា​ផ្អែកទៅលើ​រឿង​តុលាការ​ ខ្មែរក្រហម ដោយ​ជា​អត់​ចូល​បទល្មើស​អន្តរជាតិ​។ ICC វា​ពាក់ព័ន្ធ​បទល្មើស​អន្តរជាតិ ហើយ​ពាក់ព័ន្ធ​បទល្មើស​អន្តរជាតិ ជា​រឿង​បទល្មើស​មួយ​ធំ​ណាស់ មិនមែន​បទល្មើស​លេងៗ​ទេ ហើយ​ដូច្នេះ​យើង​មិនមែន​គ្រាន់តែប៉ិ​បប្តឹងៗ ម៉េច​កើត​»​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត សង្កេតឃើញថា កន្លងមក មេធាវី​អន្តរជាតិ​ជាច្រើនរូប បាន​ដាក់​បណ្តឹង ប្តឹង​ប្រមុខ​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​ត្រូវបាន​ពិនិត្យ​យ៉ាង​តឹងរ៉ឹង តែ​មកដល់​ពេលនេះ នៅ​ពុំទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ ខណៈ​បណ្តឹង​ខ្លះ កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​ «​ហើយ​អ្វី​ទៅ​តាម​ការស្រាវជ្រាវ របស់គេ ហើយ​ដាក់​ទៅ ពីព្រោះ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ IIC នោះ​គេ​មាន​ករណី ឬក៏​មាន​លក្ខខណ្ឌ​នៃ​ការទទួល​។ ខ្ញុំ​គិតថា​វា​ជា​ការសិក្សា​មួយ របស់​មេធាវី គាត់​ដាក់​ទៅ ហើយ​ការ​ពិនិត្យ ពិចារណា​ក្នុង​ការទទួល​បណ្តឹង ហើយ​ចាត់​ការមិន​ចាត់ការ ទៅលើ​តុលាការ​អន្តរជាតិ​ហ្នឹង​»​។​
បើតាម​គេហទំព័រ​របស់​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ (ICC)  បញ្ជាក់ថា នៅ ICC មាន​បទល្មើស​៤ គឺ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ជន​ណាមួយ ឬ​ក្រុម​ណាមួយ ដែល​បាន​ប្រព្រឹត្ត​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ​ឆ្លើយតប​។ ទោះជា​យ៉ាងណា​ក៏ដោយ មិនទាន់​មាន​អ្នក​ច្បាប់​ក្នុង​ស្រុក​ណា​ម្នាក់​អាច​បកស្រាយ​បាន​ថា សំណុំរឿង​ដែល​នឹង​ដាក់​ទៅ ICC ជា​ប្រភេទ​នៃ​បទល្មើស​ណាមួយ​នៅឡើយ​ទេ​៕

No comments:

Post a Comment

yes