ព្រៃឈើក្នុងខេត្តមណ្ឌលគិរី រងការកាប់បំផ្លាញ (រូបថត៖ ជន ស្រីណុច)
ប្រជាពលរដ្ឋចោទប្រកាន់មេឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីថា បានឃុបឃិតជាមួយនឹងក្រុមហ៊ុនវៀតណាម ឈ្មោះ ប៊ិញហឿក ក្រចេះ រ៉ាប់ប៊ឺ ១ (Benh pheud kratie rubber I company ) ដោយកាប់បំផ្លាញព្រៃឈើយ៉ាងគំហុកនៅតំបន់នោះ។
ក្រុមប្រជាពលរដ្ឋដែលរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃអាទិត្យនេះ អះអាងថា អាជ្ញាធរមូលដ្ឋានបានឃុបឃិតជាមួយក្រុមហ៊ុនវៀតណាម ដោយមិនអើពើចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះទេ។ ពលរដ្ឋទាំងនោះ សម្តែងការសោកស្តាយចំពោះទង្វើរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដែលមិនមានសមត្ថិភាពទប់ស្កាត់បទល្មើសព្រៃឈើនៅខេត្តមួយនេះ ជាហេតុធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសធ្វើឲ្យបាត់បង់មុខរបររបស់ពលរដ្ឋ ដែលរកជ័រទឹកពីដើមឈើ និងវល្លិ៍ជាដើម ដើម្បីផ្គត់ផ្គង់គ្រួសារ។
VOD មិនអាចសុំការអត្ថាធិប្បាយពី អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីរដ្ឋបាលព្រៃឈើស្ថិតនៅស្រុកកែវសីមាបានទេ នៅរសៀលថ្ងៃអាទិត្យនេះ។ ចំណែក អាជ្ញាធរឃុំស្រែព្រះ ខេត្តមណ្ឌលគិរី លោក ព្យើប ពេ បានបដិសេធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថាលោក ឃុបឃិតជាមួយក្រុមហ៊ុនវៀតណាមនោះ។ លោកស្នើឲ្យពលរដ្ឋបង្ហាញភស្តុតាងឲ្យបានច្បាស់លាស់ មុននឹងចោទប្រកាន់លោកបែបនេះ។
កាលពីថ្ងៃសៅរិ៍ម្សិលមិញ និងថ្ងៃអាទិត្យនេះ មានរយៈពេលពីរថ្ងៃហើយ អាជ្ញាធរឃុំស្រែព្រះ ខេត្តមណ្ឌលគិរី បានហាមឃាត់ក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដោយមិនឲ្យចូលទៅក្នុងភូមិពូគង ដែលជាតំបន់ប្រជាពលរដ្ឋត្អូញតែ្អរថា មានបទល្មើសព្រៃឈើកើតឡើងជាបន្តបន្ទាប់ ដោយសារក្រុមហ៊ុនវៀតណាមនោះទេ ព្រោះមិនមានលិខិតអនុញាតិពីថ្នាក់ខេត្ត។
មន្ត្រីច្បាប់នៃអង្គការ NGO forum លោក វង្ស កុសល មានប្រសាសន៍ថា ការស៊ើបអង្កេត ឬរកជនល្មើស មិនចាំបាច់ផ្តល់ដំណឹងទៅអាជ្ញាធរទេ ព្រោះខ្លាចបែកការណ៍ ជនល្មើសរត់បាត់អស់។
របាយការណ៍របស់វេទិកានៃអង្គការមិនមែន រដ្ឋាភិបាល ស្តីពីកម្ពុជា ( Ngo Forum) ឲ្យដឹងថា សកម្មភាពកាប់ព្រៃឈើធ្វើជាលក្ខណៈប្រព័ន្ធខ្លាំងបំផុត ចាប់តាំងពីឆ្នាំ២០១២ បន្តដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋមកពីខេត្តនានា មកកាប់ឈើលក់ឲ្យឈ្មួញកណ្តាល ហើយលក់បន្តឲ្យទៅឈ្មួញអ្នកមានអំណាចម្នាក់ ដឹកឈើទាំងនោះចូលទៅក្នុង ក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិញហឿក ក្រចេះ រ៉ាប់ប៊ឺ ១ (Benh pheud kratie rubber I company ) ដើម្បីបំលែងជាឈើស្របច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងចុងក្រោយដឹកចេញទៅលក់នៅទីផ្សារ៕
No comments:
Post a Comment
yes