រោងចក្រមួយនៅរាជធានីភ្នំពេញដែលមានសភាពស្ងប់ស្ងាត់
កាលពីម្សិលមិញ។ រូបថត ហុង មិនា
កម្រិតនៃកូដកម្មស្នាក់នៅផ្ទះរយៈពេលមួយសប្តាហ៍របស់កម្មករនៅ
តែជាចំណោទនៅឡើយ កាលពីម្សិលមិញ
ខណៈដែលរោងចក្រនៅតែបិទទ្វារនៅឡើយ
ហើយកម្មករមួយចំនួនហាក់បីដូចជាមិនច្បាស់លាស់ក្នុងចិត្ត។
លោក គង់ អាទិត្យ អនុប្រធាន សហជីព ស៊ីខៅឌូ បានថ្លែងកាលពីម្សិលមិញថា៖ «តើយើងហៅវាថាកូដកម្ម ឬទេ? គេប្រាប់ដល់ម្ចាស់រោងចក្រថា ការគំរាមធ្វើកូដកម្មមិនបញ្ឈប់ទេ ទាល់តែគេដោះស្រាយវិវាទដែលមានស្រាប់»។
លោក Dave Welsh នាយកប្រចាំប្រទេសនៅ Solidarity Center បានថ្លែងថា ជាជាងបើកទ្វារកាលពីម្សិលមិញ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល ៣ ថ្ងៃ រោងចក្រភាគច្រើនគ្រោងនឹងបើកទ្វារនៅថ្ងៃចន្ទ។
ដោយគ្មានតួលេខច្បាស់លាស់លោក ខេន លូ អគ្គលេខាធិការនៅសមាគមរោងចក្រកាត់ដេរនៅ កម្ពុជា បានថ្លែងកាលពីម្សិលមិញថា រោងចក្រមួយចំនួនបានព្យាយាមបើកទ្វារ ប៉ុន្តែគេមានកម្មករនិយោជិតតិចពេកមិនអាចធ្វើប្រតិបតិ្តការបានទេ។
លោក លូ ដែលចាត់ទុកថា អវត្តមានកម្មករនេះ គឺជារឿងធម្មតារវាងពេលបើករោងចក្រ បន្ទាប់ពីថ្ងៃបុណ្យ និងការវិលត្រឡប់របស់កម្មករ បានបញ្ជាក់ថា៖ «ខ្ញុំព្រួយបារម្ភថា មានកម្មករមួយចំនួនដែលមិនវិលមកវិញ ហើយបានចូលរួមធ្វើកូដកម្ម»។
កូដកម្មគ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារ ដោយកូដករនឹងវិលត្រឡប់មកវិញ នៅថ្ងៃពុធ។
ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញលោក ផាន ផាវី កម្មករនៅរោងចក្រ Complete Honor Footwear ក្នុង ខេត្តកំពង់ស្ពឺ បានថ្លែងថា លោកមិនចាំបាច់ធ្វើកូដកម្មទេ ព្រោះរោងចក្ររបស់លោកបានយល់ព្រមឲ្យកម្មករសម្រាក ៣ថ្ងៃ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំ។
ប៉ុន្តែ អ្នកស្រី ស្រី នាង ដែលធ្វើការនៅ Building 13 នៅសួនឧស្សាហកម្ម កាណាឌីយ៉ា នៅតែមិនច្បាស់នៅឡើយទេ។ អ្នកស្រី នាង បានបញ្ជាក់ថា៖ «ខ្ញុំមិនដឹងទេថា តើខ្ញុំនឹងវិលចូលធ្វើការទាន់ពេលឬរង់ចាំរហូតទាល់តែចប់ កូដកម្ម។ ខ្ញុំចង់ទទួលបានប្រាក់ឈ្នូលខ្ពស់ ហើយចង់ឃើញតុលាការដោះលែងមនុស្ស ២១ នាក់ [ដែលជាប់ឃុំនៅក្នុងអំឡុងកូដកម្មកាលពីដើម ខែមករា]»។
លោក អាទិត្យ បានថ្លែងថា តើកម្មករបង្ហាញខ្លួនចូលធ្វើការឬយ៉ាងណា នឹងប៉ះពាល់ដល់រោងចក្រឬក៏អត់នោះ គឺពួកគេនឹងបញ្ជាក់ពីការទាមទាររបស់ពួកគេ។ លោកបានបញ្ជាក់ថា៖ «ទោះបីផលប៉ះពាល់ធំឬតូចក្តីវាស្ថិតក្នុងរង្វង់សមត្ថភាពរបស់យើង នាពេលនេះ»៕
No comments:
Post a Comment
yes