សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 27, 2014

ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹង​មក​បំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ។ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) គឺជាមន្ត្រីសិទ្ធិមនុស្ស ជាន់ខ្ពស់បំផុតមួយរូប របស់អង្គការសហប្រជាជាតិ ដែល​មកបំពេញទស្សនកិច្ច នៅប្រ​ទេស​កម្ពុជា រាប់ចាប់តាំងពីឆ្នាំ ២០១០ មក។

 លោកស្រី ហ្វ្លាវា ផាន់សៀរី ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ (រូបថត អ.ស.ប)
សិទ្ធិមនុស្ស -សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការផ្នែកសិទ្ធិមនុស្ស របស់អង្គ ការសហប្រជាជាតិ បានចេញផ្សាយឲ្យដឹងនៅថ្ងៃទី២៥ ខែមេសានេះថា លោកស្រីឧត្តមស្នង ការរង ផ្នែកសិទ្ធិមនុស្ស ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹង​មក​បំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ។ 

ដំណើរទស្សនកិច្ចរបស់លោកស្រី នឹងពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និង កិច្ចខិតខំប្រឹងប្រែងដែលកំពុងធ្វើ ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សបានប្រសើរឡើង ដោយរួមមាន ទាំងជំនួយ​ពី​ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ផាន់សៀរី គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល​កម្ពុជា រួមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិ ការអន្តរជាតិ ព្រមទាំងជាមួយ​តំណាងសង្គមស៊ីវិលផងដែរ។


សេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ដែរថា លោកឧត្តមស្នងការរង នឹងទៅមើលពន្ធនាគារ និង មន្ទីរឃុំខ្លួនផ្សេង​ទៀត​ នៅក្នុងប្រទេសកម្ពុជា ដែលពន្ធនាគារទាំងនោះ បានទទួលជំនួយ បច្ចេក ទេសពីការិយាល័យ ឧត្តមស្នងការ​សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ក៏ដូចជា កន្លែងតាំងទី លំនៅថ្មីសម្រាប់ប្រជាសហគមន៍ អ្នកដែល​ត្រូវ​បាន​គេបណ្តេញចេញពីដីធ្លីរបស់ខ្លួន។

នៅមុនពេលបញ្ចប់ដំណើរទស្សនកិច្ច លោកស្រីនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រ ទី ២ ខែឧសភា នៅ​វេលា​ម៉ោង ៣រសៀល នៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ផ្ទះលេខ១០ ផ្លូវ៣០២ សង្កាត់​បឹងកេងកង១ រាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា នៅខែកុម្ភៈកន្លងទៅ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហ ប្រជាជាតិដែល​មានទីស្នាក់ការធំ នៅទីក្រុងហ្សឺណែវប្រទេសស្វីស និងរដ្ឋាភិបាលកម្ពុជា បានចុះ អនុស្សរណៈយោគយល់គ្នា ដោយ​ពន្យារពេលនូវវត្តមានរបស់ការិយាល័យ​សិទ្ធិមនុស្ស របស់អង្គ ការសហប្រជាជាតិនៅប្រទេសកម្ពុជា រហូតដល់ចុងឆ្នាំ ២០១៥។

ការិយាល័យ​សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ ១៩៩៣ មុនការ​ចាកចេញរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំ នៅ កម្ពុជា (UNTAC) នៅឆ្នាំ១៩៩៤។ ហើយ​កម្ពុជា គឺជាប្រទេសទីមួយហើយ ដែលបានទទួលនូវវត្ត មានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិនេះ ចាប់ពីពេល នោះមក៕

No comments:

Post a Comment

yes