ដោយ៖ វីរជន
លោកប្រធាន សម រង្ស៊ី ក្រោយអញ្ជើញមកដល់មាតុប្រទេសវិញ មិនបានប៉ុន្មាននាទីផង កាលពីយប់ថ្ងៃទី០៣ វិច្ឆិកានេះ បានប្រកាសប្រាប់ដល់អ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា អ្វីដែលជាគោលដៅដ៏ចំបងរបស់លោកមកកម្ពុជាពេលនេះ គឺការរក្សាវប្បធម៌សន្ទនា ។
ការថ្លែងដូចនេះរបស់លោកប្រធាន សម រង្ស៊ី ស្ថិតនៅក្នុងទឹកមុខរឹងមាំ បង្ហាញពីឆន្ទៈមនសិការ ដើម្បីប្រយោជន៏ជាតិ និងពលរដ្ឋ ។ លោកថា គ្មានជំរើសណាក្រៅពីការជជែកសន្ទនា ក្នុងស្មារតី គោរពគ្នាទៅវិញទៅ មក ដើម្បីរកដំណោះស្រាយចំពោះរាល់បញ្ហាជាតិដោយសន្តិវិធីឡើយ ។
ក្នុងនោះលោកប្រធាន ក៏បានសម្តែងក្តីសង្ឃឹម តាមរយៈការជជែកគ្នាដោយឈរលើវប្បធម៌ សន្ទនា ស្ថានការណ៏នយោបាយដែលកំពុងតែឡើងកំដៅនៅពេលនេះ និងវិលទៅរកស្ថានភាពត្រជាក់ ធូស្បើយឡើងវិញ ។
ជាមួយគ្នានេះ លោកប្រធាន សម រង្ស៊ី ក៏បានថ្លែងបន្តទៀតថា បើស្ថានការណ៏នយោបាយមានភាពល្អប្រសើរហើយនោះ វាក៏នឹងឈានដល់ការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១៤រូប ដែលកំ ពុងជាប់ពន្ធនា គារព្រៃស រួមទាំងលោក ហុង សុខហួរ សមាជិកព្រឹទ្ធ សភាគណបក្ស សម រង្ស៊ី ផងដែរ ក្នុងពេលឆាប់ៗនេះ ដើម្បីបង្ហាញឲ្យឃើញពិតពីស្ថានការណ៏នយោបាយល្អប្រសើរនៅកម្ពុជា ។
ដូចគ្នានេះ លោកប្រធាន សម រង្ស៊ី ក៏បានសម្តែងនូវក្តីសង្ឃឹម លើអាជ្ញា ធរ ដែលនឹងមានវិធានការត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ជូនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ចំនួន២រូប គឺលោក គង់ សភា និង លោក ញ៉យ ចំរើន ដែលត្រូវបានក្រុមបាតុករឃោរឃៅព្រៃផ្សៃដៃឆៅ ប្រើអំពើហិង្សាមកលើពួកគាត់ កាលពីថ្ងៃទី២៦ តុលា កន្លងទៅថ្មីៗនេះ បង្ករអោយរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងសំរាកព្យាលបាលរបួសនៅទីក្រុងបាងកក ប្រទេសថៃ ដែលមុនវត្តមានរបស់លោកប្រធានមកដល់ប្រ ទេសកម្ពុជា រូបលោក និងលោកអនុប្រធាន កឹម សុខា ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជំងឺរបស់ពួកគាត់ទាំងពីរនាក់ផងដែរ ។
លោកប្រធាន សម រង្ស៊ី ក៏បានឲ្យអាជ្ញាធរបើកការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ឈរលើវិជ្ជាជីវៈ ឯករាជ្យ ដើម្បីវែកមុខជនដៃដល់ និងអ្នកនៅ ពីក្រោយខ្នងជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវ ច្បាប់ ហើយអាជ្ញា ធរក៏ត្រូវមានវិធានការ ដើម្បីបញ្ជៀសអំពើហិង្សារបៀបនេះ មក លើតំណាងរាស្រ្ត និងប្រជាពលរដ្ឋផងដែរ ។
គួរជំរាបថា ក្រោយការប្រើអំពើហិង្សាមកលើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ រយៈជាង១សប្តាហ៏ ទើបកាលពីថ្ងៃទី០៣ វិច្ឆិកា ក្រសួងមហាផ្ទៃ បានប្រកាសព័ត៌មាន ជុំវិញជនដៃដល់ចំនួន ៣រូប ធ្វើការបង្ហាញខ្លួនចំពោះមុខ គណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្រ្ត របស់ក្រសួងមហាផ្ទៃ ដែលរួមមាន ទី១ ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ ៣៤ ឆ្នាំ ភេទប្រុស នៅភូមិ៥ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៌ ខេត្តព្រៃវែង និងទី៣ ឈ្មោះ សុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្រែ ករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយពួកគេទាំង៣ រូបនេះ នៅព្រឹកថ្ងៃទី០៤ វិច្ឆិកា ក៏ត្រូវបានបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីសួរចំលើយ និងផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។
យ៉ាងណាក៏ដោយ បើយោងតាមរយៈវីដេអូ ដែលត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook មានជនដៃដល់ច្រើននាក់ផ្សេងទៀត ដែលបានប្រើអំពើហិង្សាមកលើអ្នកតំណាង រាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ដែលក្នុងនោះតាមរយៈ ការបង្ហាញក៏បានអោយដឹងផងដែរថា អ្នកទាំងនោះគឺសុតតែជាអាជ្ញាធរ កម្លាំងមានសម្ថកិច្ច ។
ជារួមឆ្លងតាមរយៈវប្បធម៌សន្ទនា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន គេរំពឹងថា រាល់បញ្ហាអស្ថេរភាពទាំងឡាយ និងត្រូវបានបញ្ចប់ រីឯស្ថានការនយោបាយក៏និងមានភាពល្អប្រសើរ ដើម្បីរួមគ្នាកសាងជាតិ សម្រាប់ជាប្រយោជន៏របស់ពលរដ្ឋ និងប្រទេសជាតិ ៕
No comments:
Post a Comment
yes