ដោយ៖ សស៊ីណា«វិទ្យុសង្គ្រោះជាតិ»
លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា កាលពីល្ងាចថ្ងៃទី១១ វិច្ឆិកា បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន ដើម្បីរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅកម្ពុជា ក្នុងអំឡុងរយៈពេលចុងក្រោយនេះ និងការប្រើអំពើហិង្សា ឃោរឃៅ ព្រៃផ្សៃ លើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិផងដែរ ។
ថ្លែងក្នុងពិធីសំណេះសំណាល លោកប្រធាន និងលោកអនុប្រធាន បានលើកឡើងពីករណីអំពើហិង្សា ដែលបង្កឡើងដោយបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា វាយទាត់ធាក់ដោយសេរី គ្មានការកោតក្រែងសមត្ថកិច្ច និងច្បាប់បន្ដិចសោះ ទៅលើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ។
លោកបន្ដទៀតថា អំពើហិង្សា ឃោរឃៅ និងសាហាវព្រៃផ្សៃ ដែលបង្កទៅលើអ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិនេះ នឹងធ្វើឲ្យសហ គមន៍ជាតិ អន្ដរជាតិ កាន់តែយល់ច្បាស់ពីទិដ្ឋិភាពទូទៅនៅក្នុងសង្គមខ្មែរដូចជា អំពីការរំលោភសិទ្ធិមនុស្ស មិនគោរពច្បាប់ បំពានលើគោល ការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋជាដើម ។
ហេតុនេះ ការរំលោភសិទ្ធិមនុស្ស ដែលបាននិងកំពុងប្រព្រឹត្តិទៅនៅកម្ពុជា នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែឈឺចាប់ ព្រមទាំងផ្លាស់ប្ដូរគំនិតមកគាំទ្រគណបក្សសង្រ្គោះជាតិ កាន់តែច្រើនឡើងជាលំដាប់ ។ នេះដោយសារតែទំហំទឹកចិត្ត ការឈឺចាប់ នៃអំពើអមនុស្សធម៌ ដែលបង្កឡើងដោយរដ្ឋាភិបាលលោក ហ៊ុន សែន ។
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុននេះ លោកប្រ ធាន សម រង្ស៊ី លោកអនុប្រធាន កឹម សុខា និងគណៈប្រតិភូគណបក្សសង្រ្គោះជាតិ ក៏បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្ដីការបរទេសជប៉ុន និងសម្ដែងការព្រួយបារម្ភ ពីសុវត្ថិភាពរបស់អ្នកតំណាងារាស្ដ្រ ក្រោយពីមានករណីអំពើហិង្សាយ៉ាងឃោរឃៅ លើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ និងដំណើរការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១៧ ២០១៨ខាងមុខនេះផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏មិនភ្លេចក្នុងការជំរុញឲ្យប្រទេសជប៉ុន យកចិត្តទុកដាក់លើដំណើរការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០១៨ ដើម្បីចូលរួមអង្កេតការណ៍ និងធានាដំណើរការជាប្រក្រតីលើការបោះឆ្នោតជាតិ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដែលបានកើតឡើងជារើយៗក្នុងសង្គមខ្មែរសម្រាប់រយៈពេលចុងក្រោយនេះ ចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន កាន់តែសបញ្ជាក់ឲ្យឃើញ ពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានបណ្ដែតបណ្ដោយ ឲ្យមានករណីរំលោភសិទ្ធិមនុស្ស ជំលោះដីធ្លី ស្ទើរតែពាសពេញផ្ទៃប្រទេស ការបំផ្លិតបំផ្លាញធនធានធម្មជាតិ ព្រៃឈើ រ៉ែ ការបំពានច្បាប់ និងនិទណ្ឌភាពជាដើម ។
ជាក់ស្ដែងដូចជាព្រឹត្តិការណ៍ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ក្រុមបាតុករដែលគាំទ្រគណបក្សប្រជាជន បានបានប្រើហិង្សាយ៉ាងឃោរឃៅ ព្រៃផ្សៃ ក្បែរវិមានរដ្ឋសភា កណ្ដាលរាជធានីភ្នំពេញ ហាក់ដូចប្រទេស កម្ពុជាជារដ្ឋផ្ដាច់ការ គ្មានច្បាប់ ហើយព្រមទាំងចាត់ទុកខ្លួនឯងថាអាទិទេពឲ្យតែខ្លាំងគឺឈ្នះ ដោយភ្លេចគិតដល់ច្បាប់ជាតិ និងអន្ដរជាតិ៕
No comments:
Post a Comment
yes