ដោយ៖កញ្ញា យ៉ន លីណេត«វិទ្យុសង្គ្រោះជាតិ»
ការពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ជាការចាំបាច់ ដូចនេះប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវនាំគ្នាចូលរួមចំណែកស្វែងយល់ពីបរិបថសង្គមឲ្យបានច្បាស់ ព្រមទាំងតថភាពជាក់ស្ដែងនៃសង្គម ហើយប្រែក្លាយកម្លាំងជាតិ ឲ្យទៅជាកម្លាំងមួយ ដើម្បី បម្រើ ការពារ កសាង និងអភិ វឌ្ឍប្រទេសជាតិយើង ឲ្យឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ និងស្ថានភាពជាក់ស្តែងនៃសង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ។
នេះគឺជាការលើកឡើងរបស់លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណ បក្សសង្គ្រោះជាតិ ដែលបានសរសេរលើបណ្ដាញសង្គម Facebook លោក ដោយលោកបានបន្ថែមទៀតថា គណបក្សសង្គ្រោះជាតិ បានរៀបចំ ពង្រឹងសមត្ថភាព ក្រុមអ្នកដឹកនាំជាប្រចាំ នូវភាពជាអ្នកដឹកនាំ ការគ្រប់គ្រង ការទទួលខុសត្រូវ តម្លាភាព និងភាពជាគំរូ ហើយពិតណាស់ វាគឺជាការចាំបាច់បំផុត ពីព្រោះ ភាពជោគជ័យ ក្នុងការដឹកនាំស្ថាប័ន គឺអាស្រ័យទៅនឹងប្រព័ន្ធគ្រប់គ្រង ដែលមានគោលការណ៍ច្បាស់លាស់ មានឆន្ទៈពិតប្រាកដ ភាពឈ្លាសវៃ និងគំនិតច្នៃប្រឌិត របស់ក្រុមដឹកនាំ ក្នុងការគ្រប់គ្រង តម្រង់ទិស ប្រកបដោយវិចារណ ញ្ញាណ ស្របតាមចក្ខុវិស័យ ទស្សនវិស័យ និងបេសកកម្មរបស់យើងផងដែរ ។
លោកយ៉ែម បុញ្ញឬទ្ធិ បានបន្តថា ភាពជោគជ័យ និងភាពបរាជ័យរបស់យើង គឺដើរទន្ទឹមគ្នា ចំពោះខ្លួនយើង ចាប់ផ្ដើមពីខ្លួនយើងផ្ទាល់ ហើយអ្វីដែលប្រាកដមិនអាចប្រកែកបាន គឺភាពបរាជ័យ នៅពេលដែលយើងគ្មានការទទួលខុសត្រូវ មានភាពអសកម្ម បង្កើតតែបញ្ហា បក្ខពួកនិយម ដែលមិនយល់ពីតូនាទី ភារកិច្ច កាតព្វកិច្ច ក្នុងនាមជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ ពោលគឺជាអ្នកដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កើតបញ្ហានោះទេ ។
លោកបានបន្ថែមទៀតថា អ្នកនយោបាយ ឬអ្នកដឹកនាំ ត្រូវតែមានទស្សនវិស័យ ចក្ខុវិស័យវែងឆ្ងាយ ចំពោះអនាគតប្រទេសជាតិ មើលឃើញពីស្ថានភាពសង្គមជាតិ ប្រជាពលរដ្ឋ ពីភាពអយុត្តិធម៌នៅក្នុងសង្គម ជាក់ស្ដែង ពីភាពលំបាកវេទនា និងមិនបិទភ្នែក ព្រោះតែអំ ណាច បុណ្យសក្តិ មាសប្រាក់នោះឡើយ ។ ជាងនេះទៅទៀតអ្នកដឹក នាំ ត្រូវតែមានឆន្ទៈមោះមុតចំពោះជាតិ មាតុភូមិ ក្នុងការដោះស្រាយបញ្ហាជាតិ ក្នុងការជួយជាតិ និងអភិវឌ្ឍជាតិពិតប្រាកដ មិនមែនគ្រាន់ តែដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ ៕
No comments:
Post a Comment
yes