សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 4, 2015

សាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ សមាជឹក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី


ដោយ៖សត្យាភិរក្ស

សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃពុធនេះ សម្រេចបដិសេធជាថ្មីម្ដងទៀត ចំពោះពាក្យបណ្ដឹងសុំ នៅ ក្រៅឃុំ របស់សមាជិកព្រឹទ្ធសភា ក្នុងតំណែងគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដោយ មិនបានបញ្ជាក់ពីមូលហេតុ នៃការសម្រេចនេះនោះទេ។

ពាក់ព័ន្ធនឹងករណីនេះ មេធាវីការពារក្ដី លោក ហុង សុខហួរ គឺលោក ជួង ជុងី បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ក្រោយការប្រកាសការសម្រេចនេះថា ចៅក្រមបានសម្រេចច្រានចោល បណ្ដឹង សុំនៅក្រៅឃុំរបស់កូនក្ដីលោក ដោយមិនមានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ ដោយ អោយរង់ចាំមើលនៅក្នុងសាលដីការជាសំណេររបស់សាលាឧទ្ធរណ៍វិញ។

លោក ជួង ជុងី យល់ឃើញថា ការសម្រេចបែបនេះ មិនមានភាពយុត្តិធម៌សម្រាប់លោក ហុង សុខហួរ នោះទេ ដោយលោកអះអាងថា កូនក្ដីលោកកំពុងស្ថិតនៅក្នុងអភ័យឯកសិទ្ធិសភា ដោយព្រឹទ្ធសភា មិនទាន់មានការដកអភ័យឯកសិទ្ធិនៅឡើយ។


ម្យ៉ាងទៀត កូនក្ដីរបស់លោក តែងតែប្រព្រឹត្តនូវអំពើល្អ ដូចនេះរូបលោក ក្នុងនាមជាមេធាវី ពិត​ជា​មានការសោកស្ដាយ ចំពោះការសម្រេចបែបនេះ។ យ៉ាងណាមេធាវីរូបនេះ បញ្ជាក់ថា នឹងធ្វើ​ការពិភាក្សាជាមួយលោក ហុង សុខហួរ ថាតើត្រូវសម្រេចប្ដឹងសារទុកទៅតុលាការកំពូលសុំនៅ​ក្រៅឃុំបន្តទៅទៀតឬយ៉ាងណា។

ជាមួយគ្នានេះដែរ អ្នកតំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ដែលមានវត្តមាននៅសាលាឧទ្ធរណ៍ផងដែរនោះ បានសម្ដែងនៅការសោកស្ដាយដូចគ្នា ដោយអះអាងថា តុលាការគួរតែអនុញ្ញាត្តឲ្យមានការនៅក្រៅឃុំជាបណ្ដោះអាសន្ន តាមនីតិវិធី​ច្បាប់ ដោយចាត់ទុកថា លោក ហុង សុខហួរ មិនមានកំហុស ហើយក៏នឹងមិនរត់​គេចទៅណា​នោះ​ដែរ។

ដោយឡែក ភរិយាលោក ហុង សុខហួរ លោកស្រី គុណ លំអង បានបញ្ជាក់ដែរថា ពិតជាមាន​ការសោកស្ដាយ ប៉ុន្តែលោកស្រីបន្ថែមថា យុត្តិធម៌ពិតជាមានចំពោះប្ដីលោកស្រីជាក់ជាមិនខាន។

គួរបញ្ជាក់ថា សវនាការលើបណ្ដឹងសុំនៅក្រៅឃុំ របស់លោក ហុង សុខហួរ នៅថ្ងៃទី៤ ខែវិច្ឆិកា​នេះ គឺជាសវនាការលើកទី៣ បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនរូបលោក ដាក់ពន្ធនាគារ កាលពីថ្ងៃ​ទី​១៥ ខែសីហា កន្លងមក ក្រោយពីលោកបានបង្ហោះវីឌីអូ បកស្រាយពីបញ្ហាកិច្ចព្រមព្រៀងព្រំដែន ដោយត្រូវបានតុលាការចោទប្រកាន់ចំនួន៣ករណី គឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯក​សារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

No comments:

Post a Comment

yes